
ការធ្វើតេស្ដរកមេរោគកូវីដ ១៩ នៅភ្នំពេញកាលពីពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៧ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន ៥ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ៣០ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ ១៩ ចំនួន ១៧ នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ សុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់។ក្នុងចំណោមទាំង ១៧ នាក់នោះ មាន ៣ នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩ ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មី ៥ នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបកើនដល់ចំនួន ១៣៨ ០៩៩ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៤ ៩៨៥ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៥ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ២៨០ នាក់៕