ភ្នំពេញៈ​ ការ​ប៉ាន់​ប្រមាណ​មួយ​របស់​អង្គ​ការ​ទស្សនៈ​ពិភព​លោក​បាន​រក​ឃើញ​ថា កង្វះខាត​ក្នុង​ការ​អនុវត្ត​ឱ្យបាន​ត្រឹម​ត្រូវ​នូវ​ជំ​ហាន​ទាំង​ ១០ ​រួម​គ្នា​នៅ​តាម​មណ្ឌល​សុខ​ភាព​ស្រឡាញ់​ទារក​នាំ​ឱ្យមាន​ការថយ​ចុះរ​យៈ​ពេល​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយដែល​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​។​

​ការ​រក​ឃើញ​ពី​ការ​ប៉ាន់​ប្រមាណ​នេះ​បន្ទាប់​ពី​អង្គការ​ទស្សនៈ​ពិភព​លោក​បាន​ធ្វើការ​សិក្សា​ខ្លី​មួយ​កាល​ពីខែសីហា ​និងខែ​កញ្ញា​ ឆ្នាំ​២០២២​ នៅ​តាម​មណ្ឌល​សុខភាព​ចំនួន​១០ ​រួមទាំង​ប៉ុស្តិ៍​សុខភាព​១​ នៅ​ក្នុ​ង​តំបន់​គោល​ដៅ​របស់​ខ្លួន ​ដូច​ជា ​ខេត្ត​កំពង់​ឆ្នាំង ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​សៀម​រាប​។​

​អង្គការ​នេះ​បាន​ឱ្យដឹងថា​ ការប៉ាន់​ប្រមាណ​នេះគឺ​ដើម្បី​ពិនិត្យ​មើល​អំពី​ចំណុច​ខ្វះខាត​ និង​ឧបសគ្គ​នៃ​ការលើកកម្ពស់​ និង​ការគាំទ្រ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្រិត​មណ្ឌល​សុខភាព​ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ប្រមូល​ភ័ស្តុ​តាង​អំពី​ដំណើរ​ការ​នៃ​ផ្តល់​សេវា​នៅ​មូល​ដ្ឋាន​ផង​ដែរ​។

​តាម​របាយ​ការណ៍​ប៉ាន់​ប្រ​មាណ​អំពី​ការអនុវត្ត​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្រិត​មណ្ឌល​សុខ​ភាព ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩​ វិច្ឆិកា បាន​បង្ហាញ​ថា ឧប​សគ្គ​ចំពោះ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​អាច​ដោះ​ស្រាយ​បាន​ដោយ​ការ​ពង្រឹង​សមត្ថ​ភាព ការ​គាំទ្រ ការ​អភិ​បាល ​និង​ការ​កំណត់​គោល​ដៅ​នៃ​ការ​ផ្តល់​ការ​អប់រំ​ដល់​បុគ្គ​លិក​សុខាភិ​បាល​។​

​ការ​ប៉ាន់​ប្រមាណ​នេះ​បាន​រកឃើញ​ថា ​មាន​កង្វះ​ខាត​ក្នុង​ការ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​ជំហាន​ទី​៦ ទី​៤ និង​ទី​៩​រួមគ្នាឬ​កង្វះ​ខាត​ជំហាន​ទី​៨​ និង​ទី​៩រួម​គ្នា​ដែល​នាំ​ឱ្យ​មាន​ការ​ថយ​ចុះ​រយៈ​ពេល​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​។ក្រៅពី​នេះ​ការផ្សព្វ​ផ្សាយ​ដោយ​បំពាន​នៃ​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ការដាក់​ទណ្ឌ​កម្ម​នៅមាន​កម្រិត ត្រូវ​បាន​រាយ​ការណ៍​ថា​មាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ម្តាយ​ប្រើ​ផលិត​ផល​ជំនួស​ទឹកដោះ​ម្តាយ​ដោយ​អ​ចេតនា​ឬ​ដោយ​ចេតនា​ក្នុង​អំឡុង​ពេល​ផ្តល់​ប្រឹក្សា ANC និង​នៅ​តាម​មណ្ឌល​សុខ​ភាព ​បន្ទាប់​ពី​សម្រាល​។​

​របាយ​ការណ៍​បាន​បញ្ជាក់​ថា​«​បុគ្គលិក​ដែល​ទើប​ចូល​បម្រើ​ការងារ​ថ្មី(​មណ្ឌល​សុខភាព​)ងាយ​រងគ្រោះ​ចំពោះ​ក្រុម​ហ៊ុន​ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្តាយ ​ហើយ​ឆ្មប​មួយ​ចំនួន​អាច​នឹង​បំពាន​អនុក្រឹត្យ​លេខ​១៣​។ថ្វី​ដ្បិត​តែ​អនុក្រឹត្យ​នេះ មានការ​ហាម​ឃាត់​ច្បាស់​លាស់​ក៏ដោយ ​ក៏​វា​មិន​ត្រូវ​បាន​អនុវត្ត​ត្រឹម​ត្រូវ​ដែរ​។ ម្តាយ​ដែល​ទើប​សម្រាល​កូន​ថ្មីៗ​ត្រូវ​បាន​រាយ​ការណ៍​ថា​ បាន​ទទួល​ការហៅ​តាម​ទូរស័ព្ទ​ពី​អ្នក​ផ្សព្វ​ផ្សាយ​លក់​ផលិត​ផល​ជំនួស​ទឹក​ដោះ​»​។​

​លោក​ ម៉ក់ មុនិ​ន្ន មន្ត្រី​បច្ចេក​ទេស​ជាន់​ខ្ពស់​សុខ​ភាព ​និង​អាហា​រូប​ត្ថ​ម្ភនៃ​អង្គ​ការ​ទស្សនៈ​ពិភពលោ​ក​(Dr. Munint Mak,Senior Technical Specialist)បាន​ថ្លែង​ថា​ នៅ​ពេល​ដែល​យើង​ចុះ​ធ្វើការ​ប៉ាន់​ប្រមាណ គឺ​ឃើញ​មាន​វត្ត​មាន​នៃ​សៀវ​ភៅ​គោល​ការណ៍​ណែនាំ​គោល​នយោ​បាយឬ​យុទ្ធ​សាស្ត្រនិង​ឯកសា​រ​ជាច្រើន​ផ្សេង​។ប៉ុ​ន្តែ​អ្នក​ផ្តល់​ព័ត៌​មាន​បាន​បញ្ជាក់​ថា មាន​កង្វះ​ខាត​លើ​សម្ភារ​សម្រាប់​ប្រឹក្សា​អំពី​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​កង្វះ​ការ​បំផុស​គំនិត​សម្រាប់​ជំរុញ​ឱ្យមាន​ការផ្លាស់​ប្តូ​រ​ឥរិយា​បថដោយ​អ្នក​ផ្តល់​ព័ត៌មាន​ជា​ច្រើន​នៅ​តាម​មណ្ឌល​សុខ​ភាព​បាន​បង្ហាញ​អំពី​បញ្ហា​នៃ​ការយល់​ដឹង​នៅមាន​កម្រិត​។យើង​រកឃើញ​ថា អវត្ត​មាន​នៃ​យន្តការ​ពិនិត្យ​ និង​វិធាន​ការ​កែតម្រូវ​សូច​នាករ​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ដែល​ត្រូវការ​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ជា​បន្ត​បន្ទាប់​ដោយ​ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល​រំឭក​អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​»​។​

​តាម​គោល​ការណ៍ណែ​នាំ​មណ្ឌល​សុខភាព​ស្រឡាញ់​ទារកគឺ​ត្រូវ​គោរព​ទៅ​ជំហាន​ទាំង​១០ ​រួម​មាន ​ជំហាន​ទី​១ គោល​ការ​ណ៍ណែនាំ​សម្រាប់​មណ្ឌល​សុខ​ភាព​ ទី​២ ការ​ពង្រឹង​សមត្ថ​ភាព​បុគ្គលិក ​ទី​៣ ការថែទាំ​មុន​ពេល​សម្រាល ​ទី៤ ការ​ជួយ​ម្តាយ​ឱ្យ​ចាប់​ផ្តើម​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល ​ទី៥ ការ​ជួយ​ម្តាយ​ក្នុង​ការ​បំបៅ​ដោះ​កូន ទី​៦ ការផ្តល់​អាហារ​ ឬ​សារធាតុ​រាវ​ផ្សេងៗ​បន្ថែម​ក្រៅពី​ទឹក​ដោះ​ម្តាយ ​ទី៧ ការ​ដាក់​ទារ​កនៅ​បន្ទប់​ជាមួយ​ម្តាយ​២៤​លើ​២៤​ម៉ោង ទី​៨ ការ​ឆ្លើយ​តប និង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ទី​៩ ​ដប​បំបៅ ​ក្បាល​ដោះ​ជ័យ ​ឬ​គ្រឿង​សម្រាប់​ជ​ញ្ជក់លេ​ង និង​ជំហាន​ទី១០​ ការចាកចេញ​ពី​មន្ទីរពេទ្យ​។

​ការ​អនុវត្ត​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព​ស្រឡាញ់​ទារក​ជា​សកល ​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ដោយ​អង្គការ ​WHO និង​UNICEF​កាល​ពី​ឆ្នាំ​១៩៩១ ​ហើយ​កម្ពុជា បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​ជា​ផ្លូវការ​កាល​ពី​ឆ្នាំ​២០០៤ ​ដើម្បី​ធានា​ថា ម្តាយ​ និង​ទារក​ទើប​នឹង​កើត​ ទទួល​បាន​ទាន់​ពេល​វេលា​ និង​សម​ស្រប​ក្នុងការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ​ដែល​ល្អ​បំផុត​សម្រាប់​លើក​កម្ពស់​សុខុ​មា​ភាព និង​ការ​អភិវឌ្ឍ​របស់​ពួក​គេ​។​

​តាម​ការ​អង្កេត​ប្រជា​សាស្ត្រ​ និង​សុខ​ភាព​កម្ពុជា​ឆ្នាំ​២០២១​(CDHS)បាន​បង្ហាញ​ថា ​នៅ​ដើមឆ្នាំ​២០០០ ប្រទេស​កម្ពុជា​ទទួល​បាន​សមិទ្ធ​ផល​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​នៃ​ភាគ​រយ​ទារក​ដែល​បៅដោះ​ម្តាយ​តែមួយ​មុខ​គត់​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេគឺ​មាន​រហូត​ដល់​៧៤​ភាគរយក្នុង​ឆ្នាំ​២០១០ ​តែ​ក្រោយ​មក​បាន​ថយ​ចុះមក​ត្រឹម​៥១​ភាគ​រយ​ក្នុង​ឆ្នាំ​២០២១​។ការ​អង្កេត​ដដែល​បាន​ឱ្យដឹង​ទៀតថា​ ការ​សម្រាល​កូន​នៅ​ទីតាំង​សុខាភិ​បាល(​មណ្ឌល​សុខ​ភាព គ្លីនិក​ មន្ទី​រពេទ្យ​)​មាន​ចំនួន​៩៨​ភាគ​រយ​ តែមាន​អត្រា​ភាគ​រយ​ទាប​នៃ​ការចាប់​ផ្តើម​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ដំបូង(​ទារក​ទើប​នឹង​កើត​ត្រឹម​តែ​៥៤​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ​ក្នុង​រយៈ​ពេល​ ១​ម៉ោង​ក្រោយ​ពេល​កើត​)៕