ភ្នំពេញៈ ​អគ្គ​នាយក​ដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ (​ក​.​​ប​.​ប​.)​ បាន​បើក​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រោង​ការលក់​បែប​ពីរ៉ា​មីត ​ឬ ​Pyramid ​scheme ​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ជន​រងគ្រោះ​ជា​ច្រើន​នាក់​ ខណៈ​ស្ថាប័ន​នេះ​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ល្បិច​ឆបោក​លក់​បែប​ពីរ៉ាមីត​នេះ​។​

កាល​ពី​ថ្ងៃទី​២៨​ វិច្ឆិកា​ មន្ត្រី​នៃ​នាយក​ដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ​និង​អ្នក​ជំនាញ​ការ​អូស្ត្រា​លី​ បាន​ទទួល​ជួប​ជា​មួយ​ដើម​បណ្តឹង​ពាក់​ព័ន្ធ​នឹង​គ្រោង​ការ​លក់​បែប​ពី​រ៉ាមីត​ ដើម្បី​សាក​សួរ​ប្រមូល​ព័ត៌​មាន​ពីសា​ក្សី​ និង​បន្ត​អនុវត្ត​នីតិ​វិធី​ក្នុង​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ដែល​អាច​ជា​គ្រោង​ការ​លក់​បែប​ពីរ៉ា​មីត​។​​

លោក​ ផាន​ អូន​ ប្រតិភូ​រាជ​រដ្ឋាភិ​បាល ​ទទួល​បន្ទុក​ជា​អគ្គនា​យក​ ក​.​​ប​​.​ប​. បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៣០​ វិច្ឆិកា​ថា ក្រោយ​ទទួល​ពាក្យ​បណ្តឹង​ពី​ជន​រងគ្រោះ ​ក​.​​ប​​.​ប​. បាន​សម្រេច​បើក​ការ​ស៊ើប​អ​ង្កេត​លើ​ករណី​នេះ ​និង​បន្ត​ស្រាវ​ជ្រាវ​រក​ធាតុ​ផ្សំ​បន្ថែ​ម​ទៀត​ ដើម្បី​ឱ្យ​ប្រាកដ​ថា ​វិធាន​ការ​ដែល​បាន​ដាក់​ចេញ​គឺ​មាន​ប្រសិទ្ធ​ភាព​។​

លោក​ បាន​បញ្ជាក់​ថា​៖​«​នីតិ​វិធី​យើង​កំពុង​ធ្វើការ​ពិចារ​ណា​ទៅ​លើ​ក្រុមហ៊ុន​ ដើម្បី​សិក្សា​ទៅ​លើ​ធាតុ​ផ្សំ​ដែល​អាច​ចាត់​ទុក​ថា​ អំពើ​របស់​បុគ្គល​នោះ ​ស្ថិត​នៅ​ក្នុង​គ្រោង​ការ​លក់​បែប​ពីរ៉ា​មីត​។ ​ករណី​នេះ ​យើង​មិន​ទាន់​បាន​ធ្វើការ​សន្និ​ដ្ឋាន​ទេ ​យើង​កំពុង​ប្រមូល​នូវ​ធាតុ​ផ្សំ​ទាំង​អស់​ ដើម្បី​បន្ត​ធ្វើ​ការ​ស៊ើប​សួរ​បន្ថែម​»​។​

ដោយ​សា​រ​តែ​នីតិ​វិធី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ លោក​ ផាន​ អូន​ មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ មាន​ជនរង​គ្រោះ​ចំនួន​ប៉ុន្មាន​នាក់​ដែល​បាន​រងគ្រោះ​ក្នុង​ល្បិច​ឆបោក​បែប​គ្រោង​ការណ៍​លក់​បែប​ពីរ៉ា​មីត​នេះ​ ហើយ​ក៏​មិន​អាច​បញ្ជាក់​ពី​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​ជា​ប់​ពាក់​ព័ន្ធ​បាន​ដែរ​។​ ប៉ុន្តែ​លោក​ ផាន​ អូន​ អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំឱ្យ​​លង់​ខ្លួន​នឹង​គ្រោង​ការ​លក់​បែប​ពីរ៉ា​មីត​នេះ ​និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការរាយ​ការណ៍​មក​សមត្ថ​កិច្ច​ ដើម្បី​រួមគ្នា​ចាត់​វិធាន​ការ​តាម​នីតិ​វិធី​ច្បាប់​។​

លោក​បាន​បញ្ជាក់​ថា​៖​«​​ចំពោះ​មុខ​ យើង​នៅ​តែ​អំពាវ​នាវ​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​ឱ្យ​មាន​ការ​ពិនិត្យ​ពិចារ​ណា​។​ កាល​ណា​យើង​ចង់​បាន​ផល​ប្រ​យោជន៍​អ្វី​មួយ​ពី​បុគ្គល​ណា​ម្នាក់ ​យើង​ត្រូវ​ពិចារ​ណា​អំពី​ថា​ នឹង​មាន​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​អនា​គត​។ ​ កា​ល​ណា​ដែល​យើង​ចង់​បាន​ប្រយោជន៍​របស់​គេ ​គឺអា​ច​លង់​នឹង​ការរៀប​ចំ​ណា​មួ​យ​តាម​គ្រោង​ការណ៍​លក់​បែប​ពីរ៉ា​មីត​របស់​ជន​ទុច្ចរិត​ណា​មួយ​។​ យើង​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្រុម​ដែល​មាន​ការ​អូស​ទាញណា​មួយ​ជាយ​ថា​ហេតុ ​ឬ​ការ​ផ្សព្វ​ផ្សាយ​ណា​មួយ​ជាយ​ថា​ហេតុ ​ដែល​ថា​ ផ្តល់​ប្រ​យោជន៍​មក​ដល់​ ដោយ​គ្មាន​ការ​ពិចារ​ណា​ស៊ី​ជម្រៅ​»​​។​

គ្រោង​ការ​ពីរ៉ា​មីត​ គឺ​ជា​ម៉ូ​ដែល​ធុរកិច្ច​ ឬ​ជំនួញ​មួយ​ប្រភេទ​ ដែល​តម្រូវ​ធ្វើ​ការ​ជ្រើស​រើស​សមា​ជិក​តៗ​គ្នា ​តាម​រយៈ​ការ​ផ្តល់​កិច្ច​សន្យា​ចំណាយ​ ឬ​ផ្តល់​សេវា​ សម្រាប់​កា​រ​ចុះ​ឈ្មោះ​អ្នក​ដទៃៗ​ ទៅ​ក្នុង​គ្រោង​ការ​នោះ​ ជា​ជាង​ការ​ផ្តល់​នូវ​ការ​វិនិ​យោគ ​ឬ​ការ​លក់​ផលិត​ផល​។​ វិធី​សាស្ត្រ​នេះ ​ពឹង​ផ្អែក​ចម្បង​ទៅ​លើ​ការ​ពង្រីក​ការ​លក់​ជា​ទម្រង់​ធរណី​មាត្រ​ នៅ​កន្លែង​ដែល​បុគ្គ​លិក​ផ្នែក​លក់ ជ្រើស​រើស​អ្នក​លក់​បន្ត ​ដែល​អ្នក​នោះ​ ទៅ​ជ្រើស​រើស​អ្នក​លក់​បន្ត​ផ្សេងៗ​ទៀត​។​ អ្នក​ដែល​មាន​ពិន្ទុ​តិច​ជាង​គេ​នៅក្នុ​ង​ម៉ា​ទ្រិ​ចនេះ​ នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ជើង​សា​កាន់​តែ​តិច​ផង​ដែរ​ ហើយ​អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ នឹង​ទទួល​បាន​ពិន្ទុ​កាន់​តែ​ខ្ពស់​ផង​ដែរ​។​​

លំនាំ​អាជីវ​កម្ម​នេះ​ត្រូវ​បាន​រិះគន់​ថា​ មិន​អាច​ធានា​នូវ​និរ​ន្ត​រភាព​បាន​ ហើយ​ងាយ​នឹង​ដួល​រលំ​ណាស់​។​ គម្រោង​ការ​លក់​រាង​ពីរ៉ា​មីត​នេះ​ ពឹង​ផ្អែក​លើ​ការ​លក់​ដើម្បី​បង្កើន​ជំនួយ​អ្នក​ចែក​ចាយ​ផលិត​ផល​បន្ត​ ជា​ជាង​ពឹង​ផ្អែក​លើ​អតិថិ​ជន​ ដែល​ទិញ​ផលិត​ផល​ក្រៅ​ផែន​ការ​ដែល​បាន​គ្រោង​ទុក​។ ​ផែន​ការ​ទីផ្សារ​កម្រិត​ដំបូង​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៥​ ដោយ​ក្រុម​ហ៊ុន​ California Vitamin​ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ Nutrilite​។​​

លោក​ ផាន​ អូន​ បាន​និយាយ​ថា​ ដោយ​សា​រ​តែ​កម្ពុជា​ មា​ន​ច្បាប់​ស្តីពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ ហើយ​ត្រង់​មាត្រា​២០ បាន​ចែង​ច្បាស់​ពី​និយម​ន័យ ​និង​កំណត់​ស្ថាន​ភាព​ទម្ងន់​ទោស​នៃ​ការ​លក់​បែប​ពីរ៉ា​មីត ដែល​ត្រូវ​បាន​ហាម​ឃាត់​។​ ​លោក បាន​ព្រមាន​ថា​ អ្នក​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​នេះ ​អាច​ប្រឈម​នឹង​ទទួល​ទោស​ជាប់​ពន្ធនា​គារ​ចាប់​ពី​២​ឆ្នាំ​ ដល់​៥​ឆ្នាំ​ និងប្រាក់​ពិន័យមិនលើសពី ៨០ លានរៀល៕​

​​