
ទិដ្ឋភាពនៃរាជធានីភ្នំពេញ ថតថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២។ រូបថត ហុង មិនា
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង លើកឡើងថា ការកែប្រែប្លង់គោលរាជធានីភ្នំពេញ ឆ្នាំ ២០៣៥ មួយចំនួនឡើងវិញ គឺដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋបានលឿន ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីលក្ខណៈប្រព័ន្ធនៅរាជធានីភ្នំពេញ នៅតែមានភាពយឺតយ៉ាវនៅឡើយ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នារសៀលថ្ងៃទី ២៩ ខែវិច្ជិកា ឆ្នាំ ២០២២ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់ភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ។ លោកអភិបាលរាជធានី បានបញ្ជាក់ថា ការកែប្រែប្លង់គោលរាជធានីភ្នំពេញមួយចំនួន គឺដើម្បីផ្តល់ប្លង់កម្មសិទ្ធិដីធ្លីលក្ខណៈប្រព័ន្ធជូនពលរដ្ឋបានរហ័ស។
លោកថ្លែងថា៖«ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាមប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ ជាមួយនឹងការកែប្រែ(Update) ប្លង់គោលនេះមួយចំនួនឡើងវិញ គឺដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន»។
លោកឃួង ស្រេង បន្តថា ខណ្ឌមួយចំនួនត្រូវបានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥រួចហើយ។ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ មិនទាន់បានរៀបចំ ដែលទាមទារឱ្យមានការសិក្សាពីប្លង់មេឱ្យបានច្បាស់។ ដើម្បីសម្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានរហ័សនោះ លោកថា ក្នុងរយៈពេល ៨ឆ្នាំ ទៅ១០ឆ្នាំ ប្លង់គោលរាជធានី ត្រូវកែប្រែ(Update) ឡើងវិញ។
លោកថ្លែងថា៖«មន្ទីរជំនាញ អភិបាលខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់លើប្លង់គោល ចៀសឱ្យបានពីការរំលោភទៅលើប្លង់គោល២០៣៥នេះ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ថា តាមការកត់សម្គាល់របស់លោកក្នុងពេលកន្លងមក ឃើញថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺមិនទាន់មានភាពឆាប់រហ័សនៅឡើយទេ ខណៈប្រជាពលរដ្ឋដែលកំពុងទន្ទឹងរង់ចាំនៅតំបន់មួយចំនួន នៅមិនទាន់ឃើញមានការចុះបញ្ជីដីធ្លីជាប្រព័ន្ធទេ ថ្វីដ្បិតតែកន្លែងខ្លះបានចុះបញ្ជីហើយក៏ដោយ។
លោកថ្លែងថា៖«យើងសង្ឃឹមថា ការកំណត់[ការសម្រេចការកែប្រែប្លង់គោលរាជធានីភ្នំពេញ]ហ្នឹង ធ្វើឡើងដោយឆាប់រហ័ស នៅគ្រប់ទីកន្លែង។ កុំធ្វើឡើងចុះៗ ទៅតាមទីតាំងណាមួយដែលខាងអាជ្ញាធរចង់ធ្វើនោះ»។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំណុចពិសេស នៃប្រសព្វទន្លេ៤ ហៅថា ទន្លេ៤មុខ។ រាជធានីភ្នំពេញ ជាអត្តសញ្ញាណតែ១គ្មាន២ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែងជាមួយការអភិវឌ្ឍ១ ប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយគុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ថ្លែងថា ជាការពិត គឺត្រូវតែមានការកែប្រែប្លង់គោលខ្លះ ព្រោះរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើន ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងប្រព័ន្ធដឹកជញ្ជូន។
លោកបញ្ជាក់ថា៖«បើមិនមានការកែប្រែខ្លះទេ អាចនឹងជួបបញ្ហាប្រឈមខ្លះនៅពេលខាងមុខ ពីព្រោះទីក្រុងភ្នំពេញ កាន់តែពង្រីកវិសាលភាពកាន់តែធំបន្ថែមទៀត តាមរយៈការមកបណ្តាក់ទុនវិនិយោគបរទេស និងវិនិយោគិននៅក្នុងប្រទេស»៕