ភ្នំពេញៈ ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា បានប្រកាស​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការទិញ និង​ប្រើ​ផលិតផល​បំប៉ន​សុខភាព ផលិតផល​គ្រឿងសម្អាង និង​ឱសថ ចំនួន​៤ ប្រភេទ ដែល​មិនអាច​ធានាបាន​នូវ​គុណភាព ហើយ​អាចធ្វើឱ្យ​ប៉ះពាល់​សុខភាព​ព្រោះ​គ្មាន​លេខ​ប្រវេទន៍ និង​លេខ​បញ្ជិកា​បញ្ជាក់​ពី​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​។​

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួង​បាន​ហាមឃាត់​ការផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព L.G.K ឱសថ​ឈ្មោះ MIRACLES ឱសថ​ឈ្មោះ KAMIN CHUN និង​គ្រឿងសម្អាង​ឈ្មោះ I Care &Tcare Pharma ដែល​ផលិតផល និង​ឱសថ​ទាំងនេះ​គ្មាន​លេខ​បញ្ជិកា និង​លេខ​ប្រវេទន៍​ពី​ក្រសួង​ឡើយ​។​

​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​បំប៉ន​សុខភាព​ក្នុងប្រទេស​កម្ពុជា ត្រូវមាន​លេខ​ប​ញ្ជិ​កា​ពី​ក្រសួងសុខាភិបាល​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ សូម​ប្រជាពលរដ្ឋ​មុននឹង​ទិញ​ផលិតផល​បំប៉ន​សុខភាព​គ្រប់​ប្រភេទ សូម​ពិនិត្យមើល​ល​តាប​ត្រប​ញ្ជិកា​ដែលមាន បិទ​លើ​សម្បក​វេច​ខ្ចប់ ហើយ​លតា​ប​ត្រ​ដែល​ត្រឹមត្រូវ​គឺមាន​២​ផ្នែក គឺមាន​ឈ្មោះ​គ្រឹះស្ថាន​អាហរ័ណ នី​ហរ័ណឱសថ និង​មាន​លេខ​បញ្ជិកា ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​»​។​

ទន្ទឹមនឹង​នេះដែរ ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​ជឿ​លើ​ការផ្សព្វផ្សាយ​ផលិតផល បំប៉ន​សុខភាព​គ្មាន​លេខ​ប​ញ្ជិកា​ទាំងនេះ​ជា​បន្ត​ទៀតឡើយ និង​មិនត្រូវ​ប្រើប្រាស់​ផលិតផល​ទាំងនេះ​ទេ ដោយសារ​ផលិតផល​ទាំងនេះ​មិនអាច​ធានាបាន​នូវ​គុណភាព និង​អាចធ្វើឱ្យ​ប៉ះពាល់​សុខភាព​របស់​អ្នកប្រើប្រាស់​ទៀតផង​។

ក្រសួងសុខាភិបាល​ក៏​តម្រូវឱ្យ​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជន​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវ​បញ្ឈប់​ការនាំ​ចូល ចែកចាយ ឬ​ផ្សព្វផ្សាយ លក់​ផលិតផល​បំប៉ន​សុខភាព​ដែល​គ្មាន​លេខ​ប​ញ្ជិកា និង​លេខ​ប្រវេ​ទ​ន៍ទាំងនេះ​ជាបន្ទាន់​។​

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​បាន​បញ្ជាក់ថា ៖ «​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជន​ពាក់ព័ន្ធ​ទាំងឡាយណា​ដែល​នាំចូល ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់ ផលិតផល​ដែល​គ្មាន​លេខ​ប​ញ្ជិកា​ខាង លើ ទៅតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​»​។​

លោក​ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​រពេទ្យ និង​គ្រឿងសម្អាង ធ្លាប់បាន​លើកឡើងថា គ្រប់​ឱសថ​ទាំងអស់​មុននឹង​ការ​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ត្រូវ​ការចុះ​បញ្ជិកា​ឱ្យបាន​១០០% គឺ​មុននឹង​ដាក់លក់​នៅលើ​ទីផ្សារ​។​

លោក​បាន​ថ្លែងថា ៖ «​សូមកុំ​មានការ​គិតថា ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​អន់ ឬ​ប្រទេស​ណា​ផ្សេង​ល្អ​នោះទេ គឺ​សុទ្ធតែ​ឱសថ​មានគុណ​ភាពដូចគ្នា​ទាំងអស់​មុននឹង​ធ្វើការ​ដាក់លក់​នៅ​លើ​ទីផ្សារ​។ សុំ​កុំឱ្យ​មានការ​យល់ឃើញថា ​ទាល់តែ​ឱសថ​នៅ​បរទេស​ទើប​ល្អ​នោះទេ​»​។​

លោក ហេង ប៊ុន​គៀត បានលើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែងតែ​យកចិត្តទុកដាក់ និង​ខិតខំ​លើ​បញ្ហា​នេះ ហើយ​មួយវិញទៀត​មិនមែន​ក្រសួង​ទុកចោល​នោះទេ​នៅពេលដែល​ឱសថ​ទាំងអស់​បានដាក់​លក់​នៅ​លើ​ទីផ្សារ​ហើយ​នោះ​។​

លោក​ថា ៖ «​យើង​នៅតែ​បន្តធ្វើ​ការពិនិត្យ និង​យក​ឱសថ​ដែល​ដាក់លក់ ទៅពិនិត្យ​ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ផលិតផល​ឱសថ​នោះ​នៅតែ​រក្សា​គុណភាព​១០០%​ដូចដើម​ឬទេ​? យើង​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​សុំ​កុំ​ភ័យព្រួយ​ពី​គុណភាព​របស់​ឱសថ​»៕