The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តារា​សម្តែង ​James Bond 007 ​អំពាវនាវ​សហគមន៍​អន្តរជាតិ ​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​សកម្ម​ភាពមីន​នៅ​កម្ពុជា​

តារា​សម្តែង ​James Bond 007 ​អំពាវនាវ​សហគមន៍​អន្តរជាតិ ​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​សកម្ម​ភាពមីន​នៅ​កម្ពុជា​

Content image - Phnom Penh Post
លោក Daniel Craig តារាសម្តែង James Bond 007 ដែលអំពាវនាវសហគមន៍អន្តរជាតិគាំទ្រប​ន្ថែមដល់សកម្មភាពមីននៅកម្ពុជា។ រូប​ថត CMAA

តារា​សម្តែង ​James Bond 007 ​អំពាវនាវ​សហគមន៍​អន្តរជាតិ ​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​សកម្ម​ភាពមីន​នៅ​កម្ពុជា​

ភ្នំពេញៈ តារា​សម្ដែង​អង់គ្លេស​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ​លោក​ Daniel Craig តួ​សម្ដែង ​James Bond 007 ​ដែលជា​អ្នកតស៊ូ​មតិ​សកល​របស់​អង្គការ​សហប្រជាជាតិ ​សម្រាប់​លុបបំបាត់​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ​ផ្តល់​ការគាំទ្រ​បន្ថែមទៀត​ដល់​សកម្មភាព​មីន​នៅ​កម្ពុជា​។​

លោក​ Daniel Craig ​បាន​អំពាវនាវ​ដូច្នេះ ​តាមរយៈ​សារ​ជា​វីដេអូ ​ដែល​ចេញផ្សាយ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ​(UNDP) ​និង​អាជ្ញាធរ​មីន​ កាលពី​ពេល​ថ្មីៗ​នេះ ​នា​ឱកាស​ខួប ​៣០ ​ឆ្នាំ​ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា​។

លោក​ថ្លែងថា ​ទោះបីជា​ស្នូរ​គ្រាប់កាំភ្លើង​បាន​ស្ងប់ស្ងាត់​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ ​ក៏​ឥទ្ធិពល​នៃ​សង្គ្រាម​នៅតែ​មាន​។ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ​ដែល​កប់​ក្នុង​ដី​អាច​នឹង​ផ្ទុះ​សម្លាប់​ប្រជាជន​បាន​យ៉ាង​ងាយ​គ្រប់​ពេល​។ គ្រាប់មីន​លាក់​កំបាំង​ទាំងនោះ​គឺជា​អ្នក​បំផ្លាញ​អាយុជីវិត​មនុស្ស​ដោយ​មិន​រើសមុខ ​ដែល​ធ្វើឱ្យ​សហគមន៍​មាន​ការឈឺចាប់​។​

​លោក​ Craig ​បន្តថា ​ពលរដ្ឋ​កម្ពុជា ​ជាង​ ១ ​លាន​នាក់ ​នៅតែ​រស់នៅ​ក្នុង​ទីកន្លែង ​ដែល​ពួកគេ​ងាយ​នឹង​ប្រឈម​ហានិភ័យ​។ មុខរបរ​នៅតាម​តំបន់​ជនបទ​មាន​ភាពតូចចង្អៀត ​ខណៈដី​មិនមាន​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់​។ គ្រួសារ​ដែលមាន​មនុស្ស​ចំនួន​ ៦៥ ០០០​ នាក់​ នៅតែ​មាន​អ្នករងគ្រោះ​ដោយសារ​គ្រោះថ្នាក់​នៃ​គ្រាប់មីន​។ កន្លែង​ដែល​បាន​បោសសម្អាត​មីន​ អ្នកភូមិ​នាំគ្នា​ដាំ​ដំណាំ ​សាងសង់​ផ្ទះ ​កសាង​រោងចក្រ​ សាលារៀន ​គ្លីនិក​ថែទាំ​សុខភាព ​និង​បើក​ដំណើរការ​ផ្សារ។​

លោក​ថ្លែងថា​៖ «ចាប់​តាំងពី​មាន​សកម្មភាព​បោសសម្អាត​មីន​ដែល​ផ្តួចផ្តើម​ឡើង ​នៅ​ឆ្នាំ​ ១៩៩២ ​គឺ​ ៣០ ​ឆ្នាំ​មុន ​មនុស្ស​ជាង​ ១​ លាន​នាក់​បានទទួល​ផលប្រយោជន៍ ​ក្រោម​ការដឹកនាំ​របស់​អាជ្ញាធរ​សកម្មភាព​មីន ​និង​ជំនួយ​ជនរងគ្រោះ​(CMAA)។ នៅក្នុង​ការងារ​របស់​ខ្ញុំ​ជាមួយ​អង្គការ​សហប្រជាជាតិ ​ខ្ញុំ​ពិតជា​មាន​សំណាង ​និង​សេចក្តីសោមនស្ស​រីករាយ​ដែល​បានឃើញ​ពី​សមិទ្ធផល ​និង​ជីវិត​មាន ​[ការផ្លាស់ប្តូរ] ​ក្រោយ​សកម្មភាព​បោសសម្អាត​មីន»។​

លោក ​Craig ​បន្តថា​៖ «ដោយមាន​ការជួយ​ជ្រោមជ្រែង​ពី​ម្ចាស់ជំនួយ​បន្ថែមទៀត ​កម្ពុជា​អាច​គ្មាន​មីន​នៅ​ទីបំផុត​។ ទីវាល​ដែល​ធ្លាប់តែ​ជា​កន្លែង​ឃាតករ​គំរាមកំហែង​ដល់​គ្រប់​អាយុជីវិត ​អាច​ក្លាយទៅ​ជា​ទីវាល​នៃ​ក្តីសង្ឃឹម»។

លោក​ថ្លែងថា​៖ «ប្រទេស​កម្ពុជា​ បានបង្ហាញ​ថា ​យើង​អាច​យកឈ្នះ​លើ​កេរដំណែល​នៃ​ឃាតករ​មហា​ប្រល័យ​នេះ ​ហើយ​វា​ក៏​ជា​ផ្លូវ​ដ៏​លំបាក​១​ផងដែរ ​ក្នុង​ការដើរ។ តែ​យើង​ទាំងអស់​គ្នា​ត្រូវតែ​ដើរទៅ​ជាមួយគ្នា ​ដើម្បី​មើលឃើញ​ពី​ការបញ្ចប់​នូវ​ភាព​សាហាវ​នៃ​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងអស់​នេះ ​ហើយ​ធានាថា ​យើង​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ»។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ឆ្នាំ​ ២០២២ ​រយៈពេល​កន្លងទៅ​នេះ ​បានបញ្ជាក់​ពី​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធានាថា​ កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥​។ អាជ្ញាធរ​មីន ​ថ្មីៗ​នេះ ​បានរៀបចំ​ការតាំង​ពិព័រណ៍ ​ដើម្បី​ប្រារព្ធ​ខួប​ ៣០ ​ឆ្នាំ​ នៃប្រតិបត្តិ​ការដោះ​មីន​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​ព្រីនស៍ ​(Prince Foundation)​ នា​ថ្ងៃទី​ ៣០​ វិច្ឆិកា​ ឱ្យដឹងថា ​បច្ចុប្បន្ន ​កម្ពុជា​បាន​បោសសម្អាត​គ្រាប់មីន​កប់​ក្នុង​ដី ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​លើ​ផ្ទៃដី​ចំនួន​២ ៥៣១​គីឡូម៉ែត្រ​ក្រឡា ​ក្នុង​ភូមិ​ចំនួន ​១ ៧០៣​ ហើយ​បានប្រែក្លាយ​ដី​ទាំងនេះ​ទៅជា​ដី​លំនៅឋាន ​និង​ដី​កសិកម្ម ​ប្រកបដោយ​សុវត្ថិភាព ​សម្រាប់​ប្រជាជន​ប្រមាណ​ ៩​ លាន​នាក់​ក្នុង​រយៈពេល​ ៣០ ឆ្នាំ​កន្លងមក​នេះ។​

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ​ចាប់តាំង​ពី​ការចាប់ផ្តើម​ការបោសសម្អាត​មីន​នៅ​កម្ពុជា ​នៅ​ឆ្នាំ​ ១៩៩២​ មក ​ប្រទេស​នានា​បាន​គាំទ្រ​ប្រតិបត្តិការ​នេះ ​ដែល​រួមមាន ​សហរដ្ឋអាមេរិក ​ជប៉ុន ​អូស្ត្រាលី ​ចក្រភព​អង់គ្លេស ​ចិន​ អាល្លឺម៉ង់ ​ស្វ៊ីស​ កូរ៉េខាងត្បូង​ នូវែល​សេឡង់​ កាណាដា ​ន័រវេស ​ហុងគ្រី ​បារាំង ​ឥណ្ឌា​ អៀរឡង់​ អេស្ប៉ាញ ​ស៊ុយអែត ​បែលហ្ស៊ិក ​អូទ្រីស​ UNDP ​និង​UNICEF ។​

​មូលនិធិ​ព្រី​នស៍ បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មានថា​៖ «មូលនិធិ​ព្រីនស៍ ​មាន​មោទនភាព ​ក្នុង​ការធ្វើការ​លើ​ការផ្តួចផ្តើម​គម្រោង ​និង​ការអនុវត្ត​គម្រោង ​ដើម្បី​គាំទ្រ​ដល់ ​UNDP ​និង ​CMAA»៕

អត្ថបទគួរចាប់អារម្មណ៍