កំពង់ឆ្នាំងៈ ក្រុង​Bussy-Saint-Georges ​នៃ​ប្រទេស​បារាំង​ និងរដ្ឋបាលខេត្ត​កំពង់ឆ្នាំង ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ ​និង​វិនិយោគ ​នៃ​ក្រុង ​និង​ខេត្ត​ទាំង ​២ ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែម​ទៀត ។

​ពិធី​ចុះហត្ថលេខា​នេះ​ ធ្វើឡើង​កាលពី​ថ្ងៃទី២៩​ ខែវិច្ឆិកា​ រវាង​លោក​ Yann Dubosc ​អភិបាល​ក្រុង ​Bussy-Saint-Georges ​និង​លោក​ស៊ុន​ សុវណ្ណារិទ្ធិ ​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ ក្រោម​អធិបតីភាព ​លោក​អ៊ុក ​រ៉ាប៊ុន ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត។​

​លោក ស៊ុន ​សុវណ្ណារិទ្ធិ ​អភិបាល​ខេត្ត​កំពង់ឆ្នាំង ​ថ្លែងថា ​កិច្ចព្រមព្រៀង​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង ​កិច្ចសហប្រតិបត្តិការ​ ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ​លើ​ការវិនិយោគ ​និង​អភិវឌ្ឍ ​ខណៈ​ខេត្តកំពង់ឆ្នាំង ​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម​ ទេសចរណ៍ ​និង​ឧស្សាហកម្ម ​និង​ជា​ខេត្ត​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ផងដែរ។​

​លោក​បញ្ជាក់ថា​៖«កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ ​នឹង​ទាក់ទាញ​អ្នកវិនិយោគ​របស់​បារាំង ​បាន​ជា​ច្រើន​ផងដែរ»។​

​បើ​តាម​លោក​ស៊ុន ​សុវណ្ណារិទ្ធិ ​ឆ្នាំ២០២១ ​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​មាន​ប្រហែល​៩១៨​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​៣,៤%​ នៃ​សេដ្ឋកិច្ច​ជាតិ​។ សេដ្ឋកិច្ច​ខេត្ត​ មាន​កំណើន ​៣,៦% ​នៅ​ឆ្នាំ​២០២១ ​ធៀប​នឹង​ឆ្នាំ​២០២០ ​ចំណូល​សម្រាប់​ម្នាក់​ចំនួន​១ ៥៦៤​ដុល្លារ ​នៅ​ឆ្នាំ​២០២១ ​និង​១ ៤៩៨​ដុល្លារ ​នៅ​ឆ្នាំ​២០២០​។ វិស័យ​កសិកម្ម ​មាន​ ៥៦.៧% ​វិស័យ​ឧស្សាហកម្ម​មាន​ ២៥.៧% ​វិស័យ​សេវាកម្ម ​មាន​១៧.៦% ​នៃ​សេដ្ឋកិច្ច​ខេត្ត។​

លោក​ Yann Dubosc ​អភិបាល​ក្រុង​ Bussy-Saint-Georges ​ថ្លែងថា ​ក្នុង​ដំណើរ​បេសកកម្ម​របស់​ប្រតិភូ​នៃ​ទីក្រុង​ Bussy-Saint-Georges ​ដើម្បី​រួមគ្នា​បង្កើត​ចំណង​ទំនាក់ទំនង​មិត្តភាព ​និង​សហប្រតិបត្តិការ ​រវាង​ក្រុង​ Bussy-Saint-Georges ​នៃ​ប្រទេស​បារាំង ​និង​រដ្ឋបាលខេត្តកំពង់ឆ្នាំង ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បន្តថា ​កិច្ចព្រមព្រៀង​ខាងលើ​នេះ​មាន​គោលបំណង​អនុវត្ត​គ្របដណ្តប់​លើ​រាល់​សកម្មភាព​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ ​និង​វិនិយោគ​ក្នុង​តំបន់​ទាំង​២​(​ក្រុង ​Bussy-Saint-Georges ​និង​ខេត្តកំពង់ឆ្នាំង) ​ដោយ​គោរព​នូវ​ផលប្រយោជន៍​នៃ​គូភាគី ​និង​គោរព​តាមច្បាប់ ​និង​បទ​ប្បញ្ញត្តិ​នានា​ជា​ធរមាន ​នៃ​ប្រទេស​ទាំង២​។​

​លោក​បញ្ជាក់ថា​ លោក​ពិតជា​មាន​ក្តីរំភើប ​និង​សប្បាយរីករាយ​បំផុត ​ដែល​បាន​មកដល់​ខេត្តកំពង់ឆ្នាំង​មុនគេ ​នៅពេល​មកដល់​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា ​ពិតជា​បាន​អភិវឌ្ឍឆាប់​រហ័ស។​

លោក​ឱ្យដឹងថា ​ក្រុង Bussy-Saint-Georges ​មាន​សក្តានុពល​ខ្លាំង​លើ​គ្រប់​វិស័យ ​ហើយ​វិស័យ​ដែល​ឈានមុខ​គេ​នៅ​ទីក្រុង ​Bussy-Saint-Georges ​គឺ​ វិស័យ​អប់រំ ​ដែលមាន​តាំងពី​មត្តេយ្យ​សិក្សា​ឡើងទៅ ​រហូតដល់​សាកលវិទ្យាល័យ​។ ក្នុង​នាម​ជា​ដៃគូ​កិច្ចសហ​ប្រតិបត្តិការ ​លោក​ចង់​បណ្តាក់​ទុន​វិនិយោគ​លើ​វិស័យ​អប់រំ ​នៅ​ខេត្តកំពង់ឆ្នាំង​ផង​ដែរ៕