
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ក្នុងកិច្ចប្រជុំ នាថ្ងៃទី ៣០ វិច្ឆិកា។ រូបថត ប៉ូលិស
ភ្នំពេញៈ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានណែនាំដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វើជាតារាងផែនការ ម៉ោងវេលា ទីកន្លែងឱ្យច្បាស់លាស់ និងចាប់ផ្តើមធ្វើយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ភូមិឋាន និងតាមខ្នងផ្ទះ។
ការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែម ក្នុងការផ្សព្វផ្សាយដើម្បីពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋទាំង២ភេទ ដែលគ្រប់អាយុ១៥ឆ្នាំ និងសម្រាប់ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម៩០ថ្ងៃហួសសុពលភាព នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។
លោកថ្លែងថា៖«មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ត្រូវរៀបចំធ្វើជាតារាងផែនការឱ្យច្បាស់លាស់ ចាប់ផ្តើមធ្វើយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ។ ក្នុងករណីមានប្រជាពលរដ្ឋសួរនាំផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឱ្យបានច្បាស់លាស់ និងសមរម្យជូនប្រជាពលរដ្ឋ»។
លោកស្នងការបន្ថែមថា មន្ត្រីត្រូវណែនាំប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ នៅពេលប្រជាពលរដ្ឋសុំកែអក្សរឡាតាំង ថ្ងៃ ខែ ឆ្នាំកំណើត គឺត្រូវផ្តោតសំខាន់លើសំបុត្រកំណើត មិនមែនកែតាមការចង់បានរបស់ពួកគាត់នោះទេ។ មួយវិញទៀត ការធ្វើអត្តសញ្ញាណប័ណ្ណនេះត្រូវការពេលវេលារយ:ពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប។
លោកស ថេត ក៏បានណែនាំដល់ការិយាល័យជំនាញ អធិការខណ្ឌ ប៉ុស្តិ៍ ពង្រឹងបន្ថែមលើការល្បាត ដើម្បីបង្ការទប់ស្កាត់ បទល្មើសលួច ឆក់ ប្លន់ ជាពិសេសត្រូវស្រាវជ្រាវបង្ក្រាប កំណត់មុខសញ្ញាប្រព្រឹត្តបទល្មើស ដែលនៅសេសសល់ឱ្យបាន។ ម្យ៉ាងទៀតត្រូវអនុវត្តជាប្រចាំ ក្នុងការបង្ក្រាប ក្រុមក្មេងទំនើង ដែលតែងតែបង្កបញ្ហា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណ:។
នាឱកាសនោះ លោកស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរង ទទួលការងារដឹកនាំតាមបណ្តាអធិការខណ្ឌ សូមជួយសហការចុះត្រួតពិនិត្យ របៀបរបបការងារទូទៅ ជាពិសេសត្រូវត្រួតពិនិត្យ និងណែនាំឱ្យមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការថែទាំអគារថ្មីដែលទើបសាងសង់ ជាពិសេសកន្លែងធ្វើការទាំងអស់ត្រូវតែមានផាសុកភាព រក្សាអនាម័យឱ្យបានល្អ។
លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ថា ការណែនាំឱ្យមន្ត្រីទទួលបន្ទុកការងារចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ តាមភូមិ គឺជាការសម្រួលដល់ការងារនេះ ឱ្យកាន់តែមានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
លោកថ្លែងថា៖«អាជ្ញាធរមូលដ្ឋាន ឬក៏មន្ត្រី ដែលធ្វើការងារហ្នឹង គួរតែមានការផ្សព្វផ្សាយជូនដំណឹងប្រកូកប្រកាសឱ្យប្រជាពលរដ្ឋដឹងឱ្យបាន ៣ ឬក៏ ៤ថ្ងៃ ឬក៏១អាទិត្យមុនអ៊ីចឹងទៅ ដើម្បីឱ្យពួកគាត់ត្រៀមរៀបចំកាលវិភាគ និងពេលវេលា ឱ្យបានសមស្រប ដើម្បីរង់ចាំធ្វើអត្តសញ្ញាណប័ណ្ណ»។
លោកថា តាមការកត់សម្គាល់របស់លោក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅមានគុណភាពអន់។ អត្តសញ្ញាណប័ណ្ណ គឺជា ឯកសារសំខាន់១របស់ជាតិ សម្រាប់ប្រើប្រាស់ជាផ្លូវការ គួរតែជ្រើសរើសសម្ភារ វត្ថុធាតុដើម ដែលយកមកធ្វើសន្លឹកអត្តសញ្ញាណប័ណ្ណឱ្យមានគុណភាពខ្ពស់។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងបានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន១២ ៣៣៦ ២៣៥នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ១១ ៦៧០ ៨៦២នាក់។
ប្រភពដដែលឱ្យដឹងទៀតថា ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ ក្រសួងមហាផ្ទៃបានរកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានផ្តល់ជូនប្រជាពលរដ្ឋ ចាប់ពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ឆ្នាំ បានចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ ចាប់ពីខែមិថុនា ឆ្នាំ២០២២ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្ដល់ក្នុងឆ្នាំ២០១៣ នឹងត្រូវផុតសុពលភាពត្រឹមខែកក្កដា ឆ្នាំ២០២៣ សរុបចំនួនប្រមាណ១ ៧០០ ០០០សន្លឹក៕