​ភ្នំពេញៈ នៅ​ទីបំផុត​អង្គការ​យូណេស្កូ​បានសម្រេច​ទទួល​ចុះបញ្ជី​ «​គុន​ល្បុក្កតោ​»​ របស់​កម្ពុជា​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​ពិភព​លោក​មួយ​នេះ កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា នាទី​ក្រុង​រ៉ា​បាត ប្រទេស​ម៉ា​រ៉ុ​ក ទៅតាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​បាន​ខិតខំ​ប្រឹងប្រែង​ព្យាយាម​ស្នើសុំ​ចុះបញ្ជី​ជាច្រើនលើក​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​​ សែន បាន​សាទរ និង​អបអរ​ចំពោះ​ការចុះ​ «​គុន​ល្បុក្កតោ​» ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ បន្ទាប់ពី​លោក​ទទួល​ព័ត៌មាន​ពី​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​ដឹកនាំ​ ប្រតិភូ​កម្ពុជា ចូលរួម​កិច្ច​ប្រជុំ​លើក​ទី​១៧ នៃ​គណៈ​ក​ម្មា​ធិ​ការ​អន្តររដ្ឋាភិបាល ដើម្បី​ការការពារ​បេតិកភណ្ឌ​អរូបី នៃ​អង្គការ​យូណេស្កូ នៅ​ប្រទេស​​ម៉ា​រុក​នោះ​ផ្ទាល់​។​

​លោកស្រី ភឿង ស​កុ​ណា បាន​ជម្រាបជូន​លោក​ហ៊ុន សែន ថា​៖ «​សម្តេច​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​នាង​ខ្ញុំ​សូម​គោរព​ជម្រាបជូន​សម្តេច​មេត្តា​ជ្រាបថា ក្នុង​កិច្ច​​ប្រជុំ​លើក​ទី​១៧ គណៈកម្មាធិការ​​អន្តររដ្ឋាភិបាល ដើម្បី​ការការពារ​បេតិកភណ្ឌ​អរូបី នៃ​អង្គការ​​យូណេស្កូ បាន​គោះ​ញញួរ សម្រេច​ចុះបញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ «​គុន​ល្បុក្កតោ​» នៅ​ថ្ងៃទី ២៩​ វិច្ឆិកា ឆ្នាំ ២០២២​។ ឯកសារ​នានា រួមទាំង​វីដេអូ​ផង​នោះ​នាង​ខ្ញុំ​បាន​ផ្ញើជូន​ខុទ្ទកាល័យ​សម្តេច​រួចស្រេច​អស់ហើយ​»​។​

​ជាមួយគ្នា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ បាន​ថ្លែងថា ក្នុងនាម​អតីត​កីឡា​​ករ​ជម្រើសជាតិ​នៃ​កីឡា​អូ​ឡាំ​ពិ​ក​ម្នាក់ ក៏ដូចជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​ជា​សកម្មជន​នៃ​ការរៀបចំ​គុន​ល្បុក្កតោ និង​ក៏​ជា​ស្ថាបនិក​ម្នាក់ លោក​សូម​អបអរសាទរ និង​មាន​ក្ដី​សោមនស្ស​រំភើប​រីករាយ​យ៉ាងខ្លាំង ចំពោះ​ការដាក់បញ្ចូល គុន​ល្បុក្កតោ ក្នុង​បញ្ជី​បេ​តិក​​ភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបី​យ​នៃ​

​មនុស្សជាតិ នៃ​អង្គការ UNESCO នៅពេលនេះ​។

​លោក​បន្ថែមថា​៖ «​យើង​បាន​ព្យាយាម និង​ខិតខំ​ធ្វើ​ការងារ​នេះ អស់​រយៈ​ជាច្រើន​ឆ្នាំ​ហើយ​ពេលនេះ​ព្រលឹង​របស់​ដូនតា​យើង បាន​កក្រើក​ឡើងវិញ​ហើយ និង​បាន​ឈានដល់​កម្រិត​នៃ​ការដាក់ឱ្យ​មានការ​ថែរក្សា​នៅលើ​ពិភពលោក​»​។​

​បើតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គុន​ល្បុក្កតោ ជា​ក្បាច់គុន​បុរាណ​ខ្មែរ​ដែល​ចាក់ឫស ចាក់​គល់ យ៉ាងជ្រៅ​នៅក្នុង​សង្គម​ខ្មែរ​ជាច្រើន​សតវត្សរ៍​មកហើយ ហើយ​បន្ត​រស់រាន​ក្នុងសង្គម​ខ្មែរ​រហូតដល់​បច្ចុប្បន្ន​។ ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​សម័យ​អង្គរ​ជា​ភ័ស្តុតាង​បង្ហាញ​ច្បាស់​អំពី​ការហាត់​សម​ក្បាច់គុន​នេះដែរ​។

​ការបង្ហាត់បង្ហាញ​ក្បាច់​គុន​ល្បុក្កតោ តៗ​គ្នា​ពី​ជំនាន់ ១​ ទៅ​ជំនាន់​ ១ គឺ​ដើម្បី​ពង្រឹង​ប្រាជ្ញា​ស្មារតី និង​សមត្ថភាព​ការ​​ពារ​ខ្លួន​ពី​សត្វ​សាហាវ​ព្រមទាំង​សត្រូវ​នានា​ផង និង​ការពារ​សង្គម​ជាតិ និង​មាតុភូមិ​ផង​។ ដោយមាន​ការយកចិត្ត​ទុកដាក់​របស់​រាជរ​ដ្ឋា​ភិ​បាល ព្រមទាំង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍ គ្រូ​គុន សិស្ស​គុន​ល្បុក្កតោ​ទាំងអស់ ក្បាច់គុន​ល្បុក្កតោ​កម្ពុជា​ត្រូវបាន​អភិរក្ស​លើក​តម្លៃ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ ឱ្យដឹងថា ការចុះបញ្ជី គុន​ល្បុក្កតោ ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គ​ការ​យូណេស្កូ​ គឺជា​ជោគជ័យ និង​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើតចេញពី​កិច្ចខិតខំ​​ប្រឹងប្រែង និង​ការប្ដេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ និង​លើក​តម្លៃ​បេ​តិក​ភណ្ឌ​វប្បធម៌​ជាតិ ជាពិសេស​បេ​តិ​​ក​ភណ្ឌ​វប្បធម៌​អរូបី ដែល​ងាយ​ប្រឈម​នឹង​បាត់បង់​។

​ក្រសួង​បញ្ជាក់ថា ៖ «​ជោគជ័យ​ដ៏​ត្រចះ​​ត្រចង់​នេះ គឺជា​សក្ខីភាព​បង្ហាញ​ច្បាស់​ពី​ការស្រឡាញ់ ការយក​ចិត្ត​ទុកដាក់​ខិតខំ​ប្រឹងប្រែង​គាំទ្រ និង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ រួមជាមួយ​សហព័ន្ធ​កីឡា​គុន​​ល្បុក្កតោ​កម្ពុជា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​អ្នកជំនាញ​ជាតិ អន្តរជាតិ សហគមន៍ សា​លា​គុន គ្រូ និង​សិស្ស​គុន​ល្បុ​ក្ក​តោ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា​នៅក្នុង​កម្ពុជា​»​។

​ក្រសួង​​វប្បធម៌ បាន​អំពាវនាវ​ដល់​សា​ធារ​ណ​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តាជួយ​បន្ត​ចូលរួម ថែរក្សា​ការពារ និង​លើកតម្កើង​តម្លៃ​មរតក​វប្បធម៌​ជាតិ​ឱ្យសម្រេចបាន​ជោគជ័យ និង​ល្បី​រន្ទឺ​សុះ​សាយ​តទៅ​មុខជា​និរន្តរ៍​។ ក្រសួង​បាន​សង្កត់ធ្ងន់ថា ៖ «​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​»​។​

​បន្ទាប់ពី «​គុន​ល្បុក្កតោ​» ត្រូវបាន​ចុះ​ក្នុង​បញ្ជី​តំណាង​នៃ​បេ​តិក​​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ លោក​​ស្រី Audrey Azoulay អគ្គ​នា​​យិ​កា​អង្គការ​យូណេស្កូ ក៏បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​ប្រទេស និង​ប្រជាជន​កម្ពុជា​ផងដែរ​។

លោកស្រី ភឿង សកុណានិង​មន្ត្រី​ ចូលរួម​កិច្ចប្រជុំ​​​នៅ​ប្រទេស​ម៉ារុក​។ រូប ក្រសួង​វប្បធម៌

​ចំណែក​លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ក៏បាន​សាទរ​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​សមិទ្ធ​ផល​ថ្មី​មួយ​នេះ​។

​លោក​ថ្លែងថា​៖ «​យូណេស្កូ​សូម​អបអរសាទរ​ដល់​ប្រទេស​កម្ពុជា​សម្រាប់​សមិទ្ធ​​ផល​ដ៏​អស្ចារ្យ​នេះ​ក្នុងការ​ការពារ​គុន​ល្បុក្កតោ​តាមរយៈ​សិលា​ចា​​រឹក​របស់ខ្លួន​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។ ក្នុងនាម​ជា​កីឡា​ប្រពៃណី សិលាចារឹក​នេះ​នឹង​លើកកម្ពស់​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​សម្រាប់​កា​រស​ន្ទ​​នា​អន្តរ​វប្បធម៌ ភាពស្អិតល្មួត​ក្នុងសង្គម និង​ការយោគយល់​គ្នា​ត្រួស​ត្រាយផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។​

​គួររំឭកថា បន្ទាប់ពី​របប​ប៉ុល​ពត ត្រូវបាន​ផ្តួលរំលំ​ទាំងស្រុង នៅ​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ១៩៧៩ គ្រូ​គុន និង​អ្នក​ហាត់គុន​មួយ​​ចំនួន ដែល​បាន​រស់រានមានជីវិត បានចាប់ផ្តើម​ប្រមូល​ផ្តុំគ្នា ចង​ក្រង​ជា​ក្រុមៗ ដើម្បី​រួមគ្នា​អភិ​​រក្ស និង​អភិវឌ្ឍ​គុន​ល្បុក្កតោ ឡើងវិញ ហើយ​នៅ​ឆ្នាំ​ ២០០៤ កម្ពុជា បានសម្រេច​បង្កើតជា​ស​ហ​ព័ន្ធ​កីឡា​គុន​ល្បុក្កតោ ដើម្បី​បំពេញ​កិច្ចការងារ ក្នុងការ​ប្រមូល គ្រូ​គុន​ល្បុក្កតោ និង​រៀបរៀង​ចង​​ក្រង​ឯកសារ និង​ការប្រតិបត្តិ​ប្រពៃណី ទំនៀម ទម្លាប់​របស់​គុន​​ល្បុក្កតោ នៅតាម​សហគមន៍​ឡើងវិញ​។

​កម្ពុជា​បាន​ឈានដល់​រៀបចំ​ឯកសារ ដើម្បី​ស្នើសុំ​ដាក់បញ្ចូល​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៃ​អង្គការ​យូណេស្កូ តាម​ទម្រង់​កិច្ចការពារ​បន្ទាន់ (Intangible Cultural Heritage (ICH) in Need of Urgent Safeguarding)​ នៅ​អំឡុង​ឆ្នាំ​ ២០០៨ និង​បានដាក់​ជា​លើក​ទី​ ២ នៅ​ឆ្នាំ​ ២០១៧ ដោយបាន​ប្តូរ​ពី​ការស្នើសុំ​នៅក្នុង​កិច្ចការពារ​បន្ទាន់ មក​ដាក់​ជា​បញ្ជី​តំណាង​នៃ​មនុស្សជាតិ (Representative List of the Intangible Cultural Heritage of Humanity) វិញ ព្រោះ​មើលឃើញថា ប្រជាជន និង​គ្រូ​គុន​ល្បុក្កតោ នៅតាម​មូលដ្ឋាន និង​សហគមន៍ មានការ​ផុលផុស ក្នុងការ​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​នៃ​គុន​ល្បុក្កតោ និង​រៀបចំ​ឱ្យមាន​អ្នក​បន្តវេន នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។​

​ចំពោះ​ការប្តូរ​ទម្រង់​បែបបទ​នៃ​ការដាក់ «​គុន​ល្បុក្កតោ​» ទៅកាន់ UNESCO នេះ លោក ស៊ី​យ៉ុង សុភា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្ប​ធម៌ ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការផ្លាស់ប្តូរ​ទម្រង់​នេះ គឺ​ទី ​១ វា​អាស្រ័យទៅលើ​សហគមន៍ ឬ​អ្នកជា​ម្ចាស់​មរតក​អរូបី មិនមែន​រដ្ឋ​ទេ គឺ​អ្នកភូមិ​ដែល​គាត់​ប្រតិ​ប​ត្តិ និង​ចងក្រង​នូវ​ប្រវត្តិ និង​ឯក​សារ​រស់ នៃ​គុន​ល្បុក្កតោ​នេះ ហើយ​ទី​ ២ គាត់​យល់ព្រម​តាម​ការស្នើ​របស់​យើង ដើម្បី​ដាក់​ជា​ទម្រង់ ICH Mumanity វិញ ព្រោះ​ឥឡូវនេះ វា​មានការ​ផុល​​ផុស​»​។

​យ៉ាងណាក្តី សម្រាប់​ការព្យាយាម​ដាក់​គុន​ល្បុក្កតោ ទៅកាន់ UNESCO ចំនួន ​២​ លើក​នោះ នៅ​មិនទាន់​ទទួល​បាន​ជោគជ័យ​នោះទេ ដោយ​សារ​អង្គការ​មួយ​នេះ បាន​តម្រូវឱ្យ​កម្ពុជា ដាក់​បន្ថែម​នូវ​ឯកសារ បន្ថែម​ទៅលើ​ចំណុច​ខ្វះខាត​មួយចំនួន ហេតុនេះ នៅក្នុង​ឆ្នាំ ​២០១៩ កម្ពុជា​បាន​ព្យាយាម​រៀបចំ​ស្នើសុំ​ជា​លើក​ទី​ ៣ ដោយមាន​ការចូលរួម​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ និង​តំណាង​យូ​ណេ​ស្កូ ប្រចាំរាជធានី​ភ្នំពេញ​។​

​នៅ​ឆ្នាំ ​២០១៩​ ដដែល​នោះ ដោយ​យល់ឃើញថា មាន​ទិន្ន័យ ត្រូវដាក់​បញ្ចូល ដើម្បី​បំពេញ បន្ថែម ក្នុង​ឯកសារ​ស្នើសុំ​នោះ កម្ពុជា ក៏បាន​ដាក់បញ្ចូល​ទៅ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូ​វីដ ​១៩ ជាស​កល ហេតុនេះ​ការដាក់​បំពេញ​ឯកសារ​នេះ ទើប​បានធ្វើ​រួចរាល់ កាលពី​ឆ្នាំ​ ២០២១ ហើយ​ជា​លទ្ធផល UNESCO បានប្រកាស​ទទួលស្គាល់ និង​ឯកភាព​ដាក់ «​គុន​ល្បុក្កតោ​» ទៅក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។​

​លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលជា​អនុប្រធាន​​អចិ​ន្រៃ្ត​យ៍ CAMSOC និង​ជា​ប្រធាន NOCC បាន​សម្ដែង​ការ​អបអរសាទរ និង​រំភើប​រីករាយ​ហើយ​លោក​បានចាត់ទុក​ការ​ស្នើសុំ​ដាក់បញ្ចូល​ទទួលបាន​ជោគជ័យ​នេះ គឺជា​ការបន្ថែម​នូវ​គុណ​តម្លៃ​ដ៏​វិសេសវិសាល​បន្ថែមទៀត សម្រាប់​កម្ពុជា ដែល​ដាក់​កីឡា​គុន​ល្បុក្កតោ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ខាងមុខ​។

​ចំណែក​លោក វ៉ា​ត់ ចំរើន បាន​ប្រាប់​បន្ថែមថា​៖ «​គុន​ល្បុក្កតោ ជា​សម្បត្តិ​របស់​បុព្វបុរស​ខ្មែរ និង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ជាង​ ១៦​ លាន​នាក់ និង​របស់​ប្រជា​​ជន​ខ្មែរ​នៅ​ជំនាន់​ក្រោយៗ​រាប់លាន​ទៀត ត្រូវ​ថែរក្សា​កេរ​មរតក​នេះ ហើយក៏​ទុកឱ្យ​ពិភពលោក និង​មនុស្សជាតិ​ទាំងអស់ ចូល​​រួម​ថែរក្សា​ថែមទៀត​។ ដូច្នេះ​ការ​ដាក់បញ្ចូល​នេះ មានតម្លៃ​ជា​សកល​សម្រាប់​កម្ពុជា​យើង​ថែ​​រក្សា​នូវ​ក្បាច់គុន​ព្រលឹង​ជាតិ ឬក៏​យើង​ហៅថា ថែរក្សា​នូវ​មរតក​ដូនតា​អង្គរ​របស់​យើង​»​។​

​ជាមួយគ្នានេះ កញ្ញា អ៊ិ​ត កន្និកា ហៅ​ក្រៅ​ថា កញ្ញា ពេជ្រ ចរណៃ គឺជា​តារា​សម្តែង និង​ជា​គ្រូបង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ១ ​រូប បាន​លើកឡើងថា បំណង​របស់​នាង​បានសម្រេច ហើយ​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​។

​កញ្ញា បាន​និយាយថា​៖ «​គ្រាន់តែ​ឮដំណឹង​ច្បាស់​ការណ៍​ថា ល្បុក្កតោ​បាន​ចូលក្នុង​បញ្ជី​អរូបី​របស់​អង្គការ​យូ​​ណេ​ស្កូ​ភ្លាម ខ្ញុំ​បាន​ធូរ​ពី​ជំងឺ​ទាំង​ដែល​ដៃ​នៅ​ព្យួរសេរ៉ូម​បាន​ប្រហែល​ ៣០ ភាគរយ​នៅឡើយ ទឹកភ្នែក​ខ្ញុំ​ហូរ​ស្រប​ពេលដែល​ខ្ញុំ​កំពុង​រំភើប​ត្រេកអរ​»​។

​ទន្ទឹមនឹងនេះ កញ្ញា កង ស្រី​នី​ន អាយុ ១៧ ​ឆ្នាំ កូនសិស្ស​គុន​​ល្បុក្កតោ នៅ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឱ្យដឹងថា នាង​បាន​ចូលរួម​ក្លិប​ដំបង​ដែក នា​ខេត្តកំពង់ឆ្នាំង កាលពី​៦​ឆ្នាំមុន ហើយ​នាង​ពិតជា​ស្រឡាញ់​គុន​ល្បុក្កតោ ដែលជា​ក្បាច់គុន​ខ្មែរ​ណាស់​។ «​ការ​ដាក់បញ្ចូល​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ គឺជា​ការ​​រួមចំណែក​លើកកម្ពស់​មោទន​ភាព​របស់​ប្រទេស​កម្ពុជា ជា​​ពិសេស​សម្រាប់​យុវជន​»​។​

​កម្ពុជា​ជា​ប្រទេស​ដែលមាន​បេតិកភណ្ឌ​វប្បធម៌​ចម្រុះ និង​ច្នៃ​​ប្រឌិត​ប្រកបដោយ​ថាមពល​។ គុន​ល្បុក្កតោ ក្បាច់គុន​បុរាណ​​កម្ពុជា គឺជា​ធាតុ​ទី​ ៦ ពី​ប្រទេស​​កម្ពុជា ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ រួមជាមួយ​នឹង​របាំ​ព្រះរាជ​ទ្រព្យ​កម្ពុជា​ចុះ​ក្នុង​ឆ្នាំ (២០០៨), ល្ខោន​ស្រមោល​ស្បែក​ធំ (២០០៨), ល្បែង​ទាញព្រ័ត្រ​ (២០១៥), ចាប៉ី​ដង​​វែង (២០១៦) និង​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (២០១៨)៕