ភ្នំពេញៈ ក្រោយពី​មានការ​អំពាវនាវ​ឱ្យ​ដោះលែង​សកម្ម​ជន​សហជីព​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ អ្នកនាំពាក្យ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់ ពី​ភាពស្របច្បាប់​នៃ​ការ​ឃុំខ្លួន​ឡើងវិញ​ចំពោះ​ជន​ត្រូវ​​ចោទ​ឈ្មោះ ឈឹម ស៊ីថរ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​អះអាង​នៅក្នុង​សេចក្ដីថ្លែងការណ៍​ កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​​ ២០២២​ ថា​៖ «​ជន​ត្រូវ​ចោទ​ឈ្មោះ ឈឹម ស៊ីថរ បាន​ចាក​ចេញពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅ​ក្រម​ស៊ើបសួរ​ដែល​អំពើ​នេះ​បាន​បំពាន​កាតព្វកិច្ច​នៃ​ការ​​ត្រួតពិនិត្យ​ផ្លូវ​តុលាការ​»​។ «​ប្រ​សិន​បើ​ជន​ត្រូវ​ចោទ​បានគេច​​វេះ​ដោយ​ចេតនា​ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្ដោះ​​អាសន្ន​បាន​»​។​

​នៅក្នុង​ករណីនេះ នៅពេល​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះ​​លែង​ជន​ត្រូវ​ចោទ​ឱ្យនៅ​ក្រៅ​ឃុំ​នោះ​ចៅក្រម​ស៊ើបសួរ​ប្រើប្រាស់​វិធានការ​ជំនួស​មកវិញ​នូវ​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឱ្យ​ស្ថិតនៅក្រោម​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​ផ្លូវ​តុលាការ ហើយ​ជន​ត្រូវ​ចោទ​ត្រូវតែ​គោរព​តាម​និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ឈឹម ​ស៊ីថរ បាន​ជាប់ឆ្នោត​ជា​ប្រធាន​​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ បុគ្គលិក កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ (LRSU) ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ជា​លើក​ទី​២ នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​ ២៦ ខែវិច្ឆិកា នៅពេលដែល​ធ្វើដំណើរ​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​សហព័ន្ធ​សហ​​ជីព​អន្តរជាតិ​នៅក្នុង​ប្រទេស​​អូស្ត្រាលី​។ ជន​ត្រូវ​ចោទ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​លើក​ទី​១ កាលពី​ខែមករា ឆ្នាំ​ ២០២២ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារ​សកម្មភាព​កូដកម្ម​របស់​សហជីព​ដែល​ដឹកនាំ​ដោយ​ជន​ត្រូវ​ចោទ ហើយ​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​កាលពី​ខែមីនា​។​

​ទោះជា​យ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល និង​សមាគម ចំនួន​ ៦៩ ​ស្ថាប័ន បានចេញ​សេចក្ដីថ្លែងការណ៍​ ២ ​ថ្ងៃ ក្រោយ​ពី​ជន​ត្រូវ​ចោទ​ត្រូវបាន​ឃុំខ្លួន​ឡើងវិញ ដោយបាន​អំពាវនាវ​ឱ្យធ្វើ​ការដោះលែង​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ចេញពី​ពន្ធនាគារ​។ ស្ថាប័ន​ទាំងនេះ​ក៏បាន​អំពាវនាវ​ដល់​រដ្ឋា​ភិ​​បាល​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​បំភិត​​បំភ័យ​ប្រធាន និង​សមាជិក​សហជីព​បន្តទៀត​។

​សេចក្តីថ្លែងការណ៍​នេះ​អះអាងថា​៖ «​អ្នក​ទាំងនោះ​ជា​អ្នក​​តំណាងឱ្យ​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​ជាច្រើន​នាក់ ដែល​បាន​អំពាវនាវ​ដល់​និយោជក និង​ក្រុមហ៊ុន ឱ្យ​គោរព​ច្បាប់​ការងារ និង​សិទ្ធិ​ស្របច្បាប់​របស់​កម្មករ​។ រាជ​រដ្ឋាភិបាល​គួរតែ​កោតសរសើរ​ដល់​វីរភាព​របស់​អ្នក​ទាំងនោះ មិនមែន​ចាប់ខ្លួន​ពួកគេ​ដាក់ពន្ធនាគារ​នោះទេ​»​។​

​លោក ឃុន ថា​រ៉ូ ប្រធាន​កម្ម​វិធី​ការងារ នៅ​មជ្ឈមណ្ឌល​​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​​មនុស្ស សង់​ត្រា​ល់ បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ប្រសិនបើ​តុលាការ​ឯករាជ្យ សុក្រឹត និង​យុត្តិធម៌​នោះ​ជន​ត្រូវ​ចោទ គួរតែ​ត្រូវ​បានការ​លើកកម្ពស់ និង​ការពារ​ដោយ​ច្បាប់​។

​លោក​ថ្លែងថា​៖ «​ការចាប់ខ្លួន​សកម្មជន​សិទ្ធិ​ការងារ គឺជា​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​យ៉ាងធ្ងន់ធ្ងរ ដោយ​ការចោទប្រកាន់​របស់​តុលាការ មិនបាន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ ផ្ទុយទៅវិញ​គឺជា​ការប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន ដែល​មានចែង​នៅក្នុង​អនុសញ្ញា​ស្នូល​របស់​អង្គការ ​ILO ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីព ក្នុងការ​ការពារ​សិទ្ធិ និង​ផល ប្រយោជន៍​ជា​សមូហភាព​របស់​សមា​ជិ​ក​។ ករណីនេះ​ក្នុងនាម​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ថា តាម​អ្វីដែល​បានលើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ ហាក់​ដូចជា​ពួកគាត់​អត់​បាន​ពិនិត្យ​ទៅលើ​ច្បាប់ នីតិវិធី​របស់​តុលាការ​កម្ពុជា ឬ​ក្រុម​គាត់​បានដឹង​ពី​នីតិវិធី​ហើយ ប៉ុន្តែ​ធ្វើជា​មិនដឹង ដើម្បី​ការពារ​ជនជាប់ចោទ​ក្នុងការ​បិទបាំង​អំពើ​ល្មើស​របស់ខ្លួន​ផងដែរ​។​

​លោក​បាន​ថ្លែងថា នេះ​ជាការ​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​របស់​ប្រព័ន្ធតុលាការ ដោយសារ​ជន​ជាប់ចោទ​បាន​ល្មើស​បម្រាម​របស់​តុលាការ ដោយបាន​ចេញទៅ​ក្រៅប្រទេស ដូច្នេះហើយ​ខាង​តុលាការ​បាន​អនុ​វត្ត​នីតិវិធី​ដោយ​យកមក​ឃុំខ្លួន​វិញ​។​

​លោក ជិន ម៉ា​លីន បាន​ថ្លែងថា​៖ «​អ៊ីចឹង​ហើយ សុំឱ្យ​អង្គការ​ទាំងនោះ​ពិនិត្យមើល​នីតិវិធី​ផ្លូវច្បាប់​របស់​ប្រទេស​កម្ពុជា មុន​ធ្វើការ​សន្និដ្ឋាន ទាំង​មិន​យល់ ឬមួយ​ក៏​ធ្វើការ​សន្និដ្ឋាន​ក្នុង​គោលបំណង​ចោទប្រកាន់ ដើម្បី​ការពារ និង​បិទបាំង​កំហុស​របស់​ក្រុម​ខ្លួន​»​។

​លោក​បាន​ថ្លែងថា ការដែល​សមត្ថកិច្ច​ធ្វើការ​អនុវត្ត​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​របស់​ប្រទេស​កម្ពុជា​ដែលមាន​ជា​ធរមាន​ត្រឹម​ត្រូវ​គ្រប់លក្ខណៈ​ទាំងអស់នេះ គឺ​មិនមែនជា​ការរំលោភបំពាន​សិទ្ធិ និង​ជា​រឿង​ធ្វើទុក្ខបុកម្នេញ​នោះទេ​។​

​លោក​ថា​៖ «​រាល់​ការអនុវត្ត​នីតិវិធី​ទាំងនេះ គឺ​សុទ្ធ​តែមាន​នៅក្នុង​ច្បាប់​ទូទៅ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ប្រទេស​ណា​ក៏​ត្រូវតែ​អនុវត្ត​ទៅតាម​ហ្នឹង​ដែរ​»៕

វីដេអូ៖