ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ប្តេជ្ញា​បង្កើន​ទំនាក់ទំនង និង​ពង្រឹង​កិច្ច​សហ​​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បន្ថែមទៀត ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុងជំនួប ​កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា នៅ​ទីស្តីការ​​ក្រសួងពាណិជ្ជកម្ម រវាង​លោក​ប៉ាន​សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Mikami Masahiro ឯកអគ្គរាជ ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​នឹងត្រូវ​បញ្ចប់​អាណត្តិ​។​

​ក្នុងជំនួប​នោះ​លោក ​ប៉ាន សូរ​ស័ក្ដិ បានបង្ហាញ​ការគាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម ទាំងឡាយ​របស់​ភាគី​ជប៉ុន ដើម្បី​ជំរុញ​ការគាំទ្រ​ដល់​ការលើកកម្ពស់​ភាព​ធន់​​រឹងមាំ​របស់​ចង្វាក់​ផ្គត់ផ្គង់​តំបន់ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ លោក​ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​បន្ថែម ពី​សំណាក់​វិនិយោគិន និង​ធុរជន​ជប៉ុន​មកកាន់​តំបន់​អាស៊ាន ជាពិសេស​មកកាន់​កម្ពុ​ជា​ផ្ទាល់​តែម្ដង​។​

​លោក​រដ្ឋមន្ត្រី ប្តេជ្ញា នឹង​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកអគ្គរាជទូត​ថ្មី របស់​ជប៉ុន ក្នុង​ការបន្ត​លើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី ក្រោម​ភាពជា​ដៃគូ​យុទ្ធ​​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ផ្អែកលើ​ការជឿទុកចិត្ត​ដ៏​រឹងមាំ រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ទៅកាន់​ដំណាក់កាល​ថ្មី​ ១ ទៀត និង​ឆ្ពោះទៅ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត និង​ខួប​លើក​ទី​១០ នៃ​ទំនាក់​ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​កម្ពុជា និង​ជប៉ុន​នៅ​ឆ្នាំ​ ២០២៣​។​

​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ខ្លួន​ក្រោយ ជំនួប​ថា​៖ «​ភាគី​ទាំង​ ២ បានបង្ហាញ​ពី​ការប្តេជ្ញា​​ចិត្ត​ក្នុង​ការបង្កើន​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ការពង្រឹង​បន្ថែមទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ សំដៅ​ពង្រឹង និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​»​។​

​លោក​ប៉ាន សូរ​ស័ក្ដិ ថ្លែងថា លោក​ Mikami បាន​បំពេញបេសកកម្ម​ដ៏​ជោគ​ជ័យ​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ដោយបាន​នាំមក​នូវ​សមិទ្ធផល​នានា​ក្នុង​ការរួម​​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​លើ​គ្រប់​វិស័យ និង​ធ្វើឱ្យ​ទំនាក់ទំនង រវាង​កម្ពុជា និង​ជប៉ុន កាន់តែ​មាន​ភាព​ស្អិត​ល្មួត និង​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន សម្រាប់​ការបរិច្ចាគ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​ ១៩ ប្រមាណ ១,៣​ លាន​ដូ​ស តាមរយៈ​យន្ដការ COVAX ក៏ដូចជា​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន និង​បច្ចេកទេស​ក្នុងការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩​។​

​លោក Mikami ត្រូវបាន​ស្រង់​សម្តី​ចុះ​​ផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ​ថា កម្ពុជា ដែល​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ហើយ​ថា លោក​ប៉ាន សូរ​ស័ក្ដិ បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឯកអគ្គរាជទូត បាន​​វាយតម្លៃ​ខ្ពស់​ផងដែរ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ រវាង​ប្រទេស​ទាំង​ ២ និង​បាន​ជឿជាក់​យ៉ាង​មុតមាំ​ថា កិត្តិនាម​របស់​កម្ពុជា នឹង​កាន់តែ​ត្រូវបាន​ទទួលស្គាល់​ក្នុង​តំបន់ និង​សកលលោក បន្ទាប់ពី​ការទទួល បាន​ភាពជោគជ័យ ក្នុងការ​ធ្វើជា​ប្រធាន​​អាស៊ាន​ក្នុងឆ្នាំនេះ​»​។​

​លោក ​ថុង ម៉េង​ដា​វិត អ្នកសិក្សា​​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(AVI) ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ជប៉ុន បាននិងកំពុង​ខិតខំ និង​ជួយ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ក៏ដូចជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​ដល់​កម្ពុជា​។ តួនាទី​របស់​ជប៉ុន ពិតជា​មិនអាច​ខ្វះ​បានឡើយ​ក្នុង​ការកសាង​សេដ្ឋកិច្ច​ចាប់តាំងពី​ឆ្នាំ​ ១៩៩០​ មក​។

​លោក​ ដា​វិត បាន​ថ្លែងថា​៖ «​នៅក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ដ៏​ស្មុគ​ស្មាញ និង​ស្រួចស្រាល់ កម្ពុជា​ត្រូវការ​មិត្ត​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ក្នុងការ​​ពង្រឹង​យន្តការ​អភិវឌ្ឍន៍ និង​ថែរក្សា​សន្តិភាព ស្ថិរភាព​តំបន់ និង​សកល​។ កម្ពុជា​រំពឹង និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា និង​ជប៉ុន និង​ខិតខំ​សម្រួល​បរិយាកាស​ល្អ សម្រាប់​អ្នកវិនិយោគ និង​ប្រជាជន​ជប៉ុន​នៅ​កម្ពុជា​»៕