
ការធ្វើតេស្ដរកមេរោគកូវីដ ១៩ នៅភ្នំពេញកាលពីពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៧ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីក៏មានចំនួន ៧ នាក់ដូចគ្នា ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១ ខែធ្នូ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ ១៩ ចំនួន ៧ នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ សុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ ក្នុងចំណោមទាំង ៧ នាក់នោះ មាន ៣ នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩ ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះមានអ្នកជាសះស្បើយថ្មី ៧ នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១ ខែធ្នូ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបកើនដល់ចំនួន ១៣៨ ១០៦ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៤ ៩៩២ នាក់និង ករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៥ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ២៨៧ នាក់៕