ភ្នំពេញៈ ​រដូវវស្សា​បាន​កន្លង​ផុត​ទៅ រដូវប្រាំង​បាន​ចូលមក​ដល់ ប៉ុន្តែ​ដំណាំ​ស្រូវ​លើដី​ស្រែ​រាប់ពាន់​ហិកតា​របស់​កសិករ​នៅ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​តា​លោ​សែន​ជ័យ នៃ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ នៅតែ​ល្អ​ស្រស់បំព្រង ដែល​ទិដ្ឋភាព​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​អំពី​ស្ថានភាព​រស់នៅ​របស់​កសិក​រ​នៅក្នុង​តំបន់​ជនបទ​ដាច់ស្រយាល​នៃ​ខេត្ត​នេះ បន្ទាប់ពី​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ត្រូវបាន​សាងសង់​រួច​ជា​ស្ថាពរ​និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ កាលពី​ខែមិថុនា ឆ្នាំមុន​។​

ប្រជាកសិករ​នៅ​ភូមិ​កណ្ដាល ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ អ្នកស្រី កែវ ចាន់​រី អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ គ្រួសារ​អ្នកស្រី​កំពុង​ភ្ជួរ​រាស់​ពង្រាប​ដីស្រែ​មួយកន្លែង ដែលមាន​ទំហំ​៥០​អារ នៅជាប់​ខ្នង​ប្រឡាយ​មេ​មួយ​ខ្សែ ដែល​គាត់​ទើប​ច្រូតកាត់​រួច​កាលពី​សប្ដាហ៍​មុន ដើម្បី​ត្រៀម​ដាំ​ស្រូវ​ប្រភេទ OM ដែលជា​ពូជស្រូវ​មិន​ប្រកាន់​រដូវ​មួយ​ប្រភេទ ដែល​អាច​ផ្ដល់​ទិន្នផល​ពី​៥-៦​តោន​ក្នុង​១​ហិកតា អាស្រ័យ​ដោយ​ប្រើប្រាស់​ជី​និង​ថ្នាំ​កសិកម្ម បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ដែល​ណែនាំ​ដោយ​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​។​

ដោយបាន​អះអាងថា មាន​ដីស្រែ​ជាង​២​ហិកតា ជាប់​នឹង​ខ្នង​ទំនប់​ប្រឡាយ​រង​នៃ​ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ អ្នកស្រី ចាន់​រី បាន​និយាយ​ទាំង​ទឹកមុខ​ស្រស់ស្រាយ និង​ពោរពេញ​ដោយ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​ការធ្វើ​ស្រែ​បាន​ពី​២-៣​ដង​ក្នុង​១​ឆ្នាំ ដូច​ពេល​បច្ចុប្បន្ននេះ គាត់​ជឿថា ជីវភាព​គ្រួសារ​របស់គាត់ នឹង​ចាក​ផុតពី​បន្ទាត់​នៃ​ភាពក្រីក្រ ក្នុងពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខនេះ​។

អ្នកស្រី​បានបញ្ជាក់​ថា​៖«​នៅពេលនេះ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះ​ចាប់តាំងពី​មានការ​ស្ដារ​និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ​នេះ​មក ជីវភាព​របស់​អ្នកភូមិ​យើងខ្ញុំ​មានការ​ផ្លាស់ប្ដូរ​រីកចំរើន ជា​បន្តបន្ទាប់ ដោយ​គ្រួសារ​នីមួយៗ​អាច​ផលិត​ស្រូវ​បាន​ពី​២-៣​ដង​ក្នុង​១​ឆ្នាំ ជាមួយ​ទិន្នផល​ជា​មធ្យម​ពី​៤-៥​តោន​ក្នុង​១​ហិកតា »​។

បើតាម​អ្នកស្រី ចាន់​រី មុនពេល​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ត្រូវបាន​ស្ដារ​និង​អភិវឌ្ឍ​តាមបែប​ទំនើបកម្ម គ្រួសារ​របស់គាត់ ក៏ដូចជា​អ្នកភូមិ​ដទៃទៀត​នៃ​ស្រុក​តា​លោ​សែន​ជ័យ ធ្វើស្រែ​ដាំ​ស្រូវ​ក្នុង​១​ឆ្នាំ បានតែ​មួយដង​ប៉ុណ្ណោះ គឺ​នៅក្នុង​រដូវវស្សា ដោយ​ទទួលបាន​ផល​ពី​២-៣​តោន​ប៉ុណ្ណោះ​ក្នុង​១​ហិកតា​។ ចំណែក​នៅក្នុង​រដូវប្រាំង​វិញ គឺមាន​កសិករ​តិចតួច​ណាស់ ដែល​បាន​ដាំ​ដុះ​ដំណាំ​ស្រូវ ព្រោះ​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព ហើយ​ទទួលបាន​ទិន្នផល​តិចជាង​១​តោន​ក្នុង​១​ហិកតា​។​

អ្នកស្រី​បានបញ្ជាក់​ថា​៖«​មុនពេល​ស្ដារ​និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ គ្រួសារ​ខ្ញុំ​ជំពាក់​បំណុល​គេ​ច្រើនណាស់ ដោយសារ​កង្វះ​ទឹក​ស្រោចស្រព​នៅក្នុង​រដូវប្រាំង​។ ទិន្នផល​ស្រូវ​ដែល​ពួកយើង​ដាំ​នៅក្នុង​រដូវប្រាំង ជា​មធ្យម​ទទួលបាន​ត្រឹមតែ​៤០០-៥០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​១​ហិកតា​។ ប៉ុន្តែ​ឥឡូវនេះ យើង​អាច​ដាំ​ស្រូវប្រាំង និង​ស្រូវ​បង្កើន​រដូវ បន្ថែមទៀត ជាមួយ​ការទទួល​ទិន្នផល​បានជា​មធ្យម​៤-៥​តោន​ក្នុង​១​ហិកតា​» ។

មិនមែន​តែ​អ្នកស្រី ចាន់​រី និង​កសិករ​នៅ​ស្រុក​តា​លោ​សែន​ជ័យ​ទេ ដែល​រីករាយ​ក្នុង​ការងារ​បង្កបង្កើន​ផល​ស្រូវ ៣​ដង​ក្នុង​១​ឆ្នាំ ប្រជាកសិករ​នៅ​ស្រុក​ភ្នំក្រវាញ ក៏​រីករាយ​ក្នុងការ​បង្កបង្កើនផល​ស្រូវ និង ដំណាំ​រួមផ្សំ​ផ្សេងទៀត​ទៅតាម​រដូវ​កាល​ផងដែរ បន្ទាប់ពី​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ បាន​រក្សា​និង​ផ្គត់ផ្គង់​ទឹក​យ៉ាង​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ប្រើប្រាស់ និង​ស្រោចស្រព​តាម​គ្រប់​រដូវ​កាល​។

លោក ហឿន ហេន អាយុ​៥២​ឆ្នាំ​ជា​កសិករ​នៅ​ភូមិ​ដំណាក់​កន្សែង ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ គ្រួសារ​គាត់ ក៏ដូចជា​ប្រជាកសិករ​ផ្សេងទៀត​នៅក្នុង​ឃុំ​បាក់​ចិញ្ចៀន មានចិត្ត​រីករាយ​ជាខ្លាំង​ដោយ​ទទួលបាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ និង​ចិញ្ចឹមសត្វ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​។

លោក​បាន​បន្តថា មុនពេល មានការ​ស្ដារ​និង ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ អ្នកភូមិ​របស់គាត់​ជួប​ការលំបាក​ជាខ្លាំង ដោយសារ​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ និង​ធ្វើ​កសិកម្ម​។ ដើម្បី​ជីវភាព​គ្រួសារ យុវជន​ដែលមាន​វ័យ​ពេញកម្លាំង នៅក្នុង​ភូមិ​របស់គាត់​ស្ទើរតែ​ទាំងអស់ បាននាំគ្នា​ធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ធ្វើជា​កម្មករសំណង់ កម្មករ​កាត់​ដែរ នៅឯ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស និង​ខ្លះទៀត​បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើជា​កម្មករ​នៅតាម​ចម្ការ​ដំឡូង​មី និង​ចម្ការពោត ក្នុងប្រទេស​ថៃ ។

ដោយ​នៅក្នុង​ដៃ កាន់​បារី​មូរ​ស្លឹក​សង្កែ លោក ហេន បាន​បឺត​វា​យ៉ាង​វែង ហើយ​និយាយថា​៖ «​កាលពីមុន គ្រួសារ​ខ្ញុំ​និង​អ្នកភូមិ​នៅទីនេះ​លំបាក​ណាស់ ព្រោះ​កុំថាឡើយ​ដល់​មានទឹក​សម្រាប់​ធ្វើស្រែ សូម្បីតែ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏មាន​មិន​គ្រប់គ្រាន់​ដែរ​។ ប៉ុន្តែ​២​ឆ្នាំ​មកនេះ យើង​មានទឹក​គ្រប់គ្រាន់​សម្រាប់ធ្វើ​ស្រែចម្កា​រ​បាន​គ្រប់​រដូវ គឺ​ទាំង​ប្រាំង​និង​វស្សា ហើយ​ស្រែ​យើង​ឥឡូវនេះ​ធ្វើបាន​ផល​ល្អ​ណាស់ គឺ​៦​តោន​ក្នុង​១​ហិកតា​»​។​

លោក គិត ផល អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ គឺជា​អតីត​សំណង់​ធារាសាស្ត្រ​មិន​រៀបរយ​មួយ ដែល​ត្រូវបាន​កសាងឡើង​នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។ ក្រោម​គម្រោង​គ្រប់គ្រង​និង​កាត់បន្ថយ​ហា​នី​ភ័យ​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត មហា​អនុតំបន់​ទន្លេមេគង្គ ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ត្រូវបាន​ស្ដារ​និង​ធ្វើ​ទំនើបកម្ម​ឡើងវិញ​យ៉ាងរឹងមាំ និង​ប្រកបដោយ​បរិ​យាប​ន្ន​។​

លោក​បាន​បន្តថា គម្រោង​នេះ​បានចាប់ផ្តើម​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ខែមិថុនា ២០២១ ដោយ​ចំណាយ​ថវិកា​សរុប​ជាង​៣១,៥​លាន​ដុល្លារ ដែល​ការចំណាយ​នេះ​ត្រូវ​បានផ្ដល់​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ចំនួន​៧៣​ភាគរយ កម្ចី​ពី​មូលនិធិ​យុទ្ធសាស្ត្រ​អាកាសធាតុ ៩​ភាគរយ ជំនួយឥតសំណង​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ​១៣​ភាគរយ និង​ថវិកា​ចូលរួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​៥​ភាគរយ​។ បន្ទាប់ពី​បាន​ស្ដារ​និង​ធ្វើ​ទំនើបកម្ម​រួច ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ មាន​សមត្ថភាព​រក្សា​ទឹកបាន​ដល់​ជាង​៨,២០​លាន​ម៉ែត្រគុប សម្រាប់​ផ្គត់ផ្គង់​ដល់ ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជាង​២៨០០០​គ្រួសារ នៅក្នុង​មូលដ្ឋាន​ឃុំ​ចំនួន​៥ រួមមាន ឃុំ​សំរោង បាក់​ចិញ្ចៀន ខ្នា​ទទឹង ផ្ទះ​រុង និង​ឃុំ​តា​លោ ដែល​ឃុំ​ទាំង​៥​នេះ​ស្ថិតនៅ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​តា​លា​សែន​ជ័យ​។ មិនតែប៉ុណ្ណោះ អាច​ផ្គត់​ផ្គង​ដល់​ការស្រោចស្រព ផ្ទៃដី​ដាំ​ដុះ បាន​ជាង ១៦១០០ ហិកតា​ក្នុង​រដូវវស្សា និង ៦000 ហិកតា​ក្នុង​រដូវប្រាំង​។​

លោក​បាន​បញ្ជាក់ថា​៖«​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ មាន​តួនាទី​សំខាន់​ខ្លាំងណាស់ នៅក្នុង​ការកាត់បន្ថយ​ហា​នី​ភ័យ​គ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត​ក្នុង​ខេត្តពោធិ៍សាត់​»​។

បើតាម​លោក គិត ផល ប្រព័ន្ធធារាសាស្ត្រ​ដំ​ទំនើប​មួយ​នេះ មាន​ទ្វារ​ទឹកធំៗ​ចំនួន​៥ ដែល​ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម មាន​ទីតាំង​ស្ថិតនៅលើ​ស្ទឹង​ពោធិ៍សាត់ ត្រង់ចំណុច​ព្រំប្រទល់​រវាង​ស្រុក​តា​លា​សែន​ជ័យ និង​ស្រុក​ភ្នំក្រវាញ​។ វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​បញ្ចៀស​ទឹកជំនន់​ក្នុង​រដូវវស្សា​។ នៅជាប់​នឹង​ទ្វារ​ទឹក​ដ៏​ធំ​និង​ដ៏​ទំនើប​នេះដែរ គឺមាន​សំណង់​ជណ្ដើរ​ឬ​ផ្លូវ​ត្រី (Fish gate) ដែល​អនុញ្ញាតឱ្យ​ត្រី​ធ្វើ​ចរាចរណ៍​ទៅមក​បាន​ដោយ​គ្មាន​ការរាំងស្ទះ​។ ក្រៅពីនេះ​មាន​រចនាសម្ព័ន្ធ​ផ្ទុក​និង​បំបែក​ទឹកជំនន់​ទៅ​ច្រក​ផ្សេងៗ តាម​ប្រឡាយ​មេ​ប្រវែង​១៦៥​គីឡូម៉ែត្រ ដែល​នៅ​សងខាង​ខ្នង​ប្រឡាយ​មេ ត្រូវបាន​ស្ថាបនា​ជា​ផ្លូវថ្នល់​សម្រាប់​ឱ្យ​កសិករ​ចរាចរ​ដឹកជញ្ជូន​កសិផល និង​មាន​រចនាសម្ព័ន្ធ​និយតករ​ឆ្លងកាត់​ប្រឡាយ​មេ​ថ្មី​ចំនួន​៤​ខ្សែ ដើម្បី​គ្រប់គ្រង​លំហូរ​និង​កម្រិត​ទឹក​នៅក្នុង​ប្រឡាយ​មេ សម្រាប់​បង្វែរ​លំហូរ​ទឹក​បញ្ចូល​ទៅក្នុង​អនុ​ប្រឡាយ​មេ ដែលមាន​ប្រវែង​សរុប​៣៧៣៦​គីឡូម៉ែត្រ និង​ប្រឡាយ​ជើង​ក្អែប ដែលមាន​ប្រវែង​សរុប​៣៦៩៩​គីឡូម៉ែត្រ និង​មាន​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​ត្រួតពិនិត្យ​សមិទ្ធផល​នៃ​គម្រោង​ខាងលើនេះ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ លោកស្រី Jyotsana Varma នាយិការ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​សម្ដែង​ភាព​រីករាយ និង​លើកទឹកចិត្ត​ដល់​កសិករ ខិតខំ​ប​ង្កើ​ម​ផល និង ចិញ្ចឹមសត្វ ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ខណៈ​ដែលមាន​ប្រព័ន្ធធារាសាស្ត្រ​ដ៏​ទំនើប ដែល​អាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់ និង ធ្វើ​កសិកម្ម រួមទាំង​ផ្លូវថ្នល់​ខ្វែង​ខ្វាត​អម​សងខាង​ខ្នង​ប្រឡាយ​មេ ដែល​សម្រួល​ដល់​ការដឹក​កសិផល​ទៅកាន់​ទីផ្សារ​។​

លោកស្រី Varma មានប្រសាសន៍ថា​៖«​ដាំ​ស្រូវ​តែ​១​មុខ​មិន​គ្រប់គ្រាន់​ទេ យើង​គួរ​ដាំ​ដុះ​បន្លែបង្ការ និង​ចិញ្ចឹមសត្វ មាន់​ទា និង​ត្រី​ថែមទៀត ដើម្បី​ធានា​ដល់​សុវត្ថិភាព​ស្បៀងអាហារ ទាំង​ក្នុង​សហគមន៍​មូលដ្ឋាន និង​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ដើម្បី​បង្កើន​ប្រាក់ចំណូល​នៅក្នុង​គ្រួសារ​»៕