
កងទ័ពដែលរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រូបថត សហការី
ភ្នំពេញៈ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប ១១ ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា (កងទ័ពមួកខៀវ) ចំនួន ៣ នាក់ បានរងរបួសនៅប្រទេសម៉ាលី គ្រាកំពុងបំពេញបេសកកម្ម។
លោកថ្លែងថា៖«កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួស៣នាក់ ក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ពរបស់យើងធ្វើដំណើរ»។ លោកនាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងទៀតថា បច្ចុប្បន្នកងទ័ពមួកខៀវរបស់កម្ពុជា កំពុងស្ថិតនៅប្រទេស៤ ដែលក្នុងនោះរួមមានប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម។
លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បាមឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពកម្ពុជាទាំង៣នាក់បានរងរបួសនៅអំឡុងថ្ងៃទី២០ ខែវិច្ឆិកា ពេលដែលពួកគាត់ចេញបេសកកម្ម ។ លោកស្រីបន្តថាដំបូងមានម្នាក់ដែលគាត់កម្រើកខ្លួនមិនរួច ប៉ុន្តែ១ថ្ងៃក្រោយមក ឃើញគាត់អង្គុយញាំបាយបានវិញធម្មតា និងធូរស្បើយជាបន្តបន្ទាប់ ហើយ ក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមានអ្នកណាមួយបាត់បង់អាវយវៈ ឬជីវិតនោះទេ។
លោកស្រីបញ្ជាក់ថា៖«មកដល់រសៀលថ្ងៃទី១ ខែធ្នូនេះ ស្ថានភាពកម្លាំងកងទ័ពយើងមានភាពធូរស្រាលនិងបានចេញពីមន្ទីរពេទ្យអស់ហើយ»។
លោកស្រីបានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពកម្ពុជាទាំង៣ នោះគឺទី១ នាយចំណង់ ពេញ រស្មី បុគ្គលិកបើកបររថពាសដែក ទី២. ពលបាលទោ ម៉ី គីមថុង បុគ្គលិកពេទ្យ និងទី៣. អនុសេនីយ៍ឯក ម៉ែន ថារ៉ា បុគ្គលិកស្រាវជ្រាវរុករក។ កងទ័ពកម្ពុជាទាំង៣នាក់នេះរងរបួសពេលធ្វើដំណើរជាមួយក្បួន ដោយបើកបររថយន្តពេទ្យជាន់គ្រាប់មីនកែច្នៃប្រភេទ LED ដែលមីនប្រភេទនេះ ប្រសិនបើមនុស្សជាន់នឹងមានគ្រោះថ្នាក់ដល់ជីវិតបាន។
លោកស្រីបានលើកឡើងថា ក្រោយទទួលដំណឹងនេះអង្គភាពមានការព្រួយបារម្ភជាខ្លាំង ពីសុខភាពរបស់កងកម្លាំង ជាពិសេសលោកអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានធ្វើទំនាក់ទំនងភ្លាមៗ និងបន្តតាមដានជាប់ជាប្រចាំមិនសម្រាកសម្រាន្តឡើយ។
លោកស្រីថ្លែងថា៖«ជាពិសេសឯកឧត្តមអគ្គនាយក គឺគាត់ខលភ្លាមៗ ហើយមួយយប់ពេញគឺគាត់អត់បានសម្រានទេ គឺគាត់តាមដានសុខភាពរបស់បងប្អូនយើង ជាប់ជាប្រចាំតែម្តង តាមដានរហូតជាមួយមេកង ដឹងសុខដឹងទុក្ខគាត់ដល់ណា។យើងសប្បាយចិត្តដែលកម្លាំងយើងអត់មានដាច់ដៃដាច់ជើង ហើយក៏មិនមានអ្នកបាត់បងជីវិតដែរ» ។
លោកស្រីអ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ប្រាប់ថា កងកម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន ១៤៤ នាក់កំពុងបំពេញបេសកកម្ម ដោយចល័តពីតំបន់១ទៅតំបន់១ ធ្វើប្រតិបត្តិការកម្ទេចគ្រាប់ផង និងបោសសម្អាតគ្រាប់នៅតាមដងផ្លូវផង ទៅតាមបទបញ្ជាបេសកកម្មដែលដាក់ឱ្យពួកគាត់។ ទន្ទឹមនឹងនេះកម្ពុជាក៏មានកងវិស្វកម្មព្រលានយន្តហោះ ដែលជួយធ្វើការឈូសឆាយដី រៀបចំការចុះចត យន្តហោះ ឧទ្ធម្ភាគចក្ររបស់អង្គការសហប្រជាជាតិ និងធ្វើការសាងសង់ជំរំ ជម្រក បន្ទាយផ្សេងៗ របស់មន្ត្រីអង្គការសហប្រជាជាតិផងដែរ៕