ភ្នំពេញៈ ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​សភា​កម្ពុជា​ និង​សភា​ប្រើ​ភាសា​បារាំង ​ភាគី​កម្ពុជា​បាន​លើក​ឡើង​ថា លម្ហ​ប្រជាធិប​តេយ្យ ​និង​សិទ្ធិ​ធ្វើ​នយោ​បាយ​ បាន​និង​កំពុង​ដំណើរ​ការ​ដោយ​សេរី ​គ្មាន​ការ​រើស​អើង និង​គ្មាន​ការគំរាម​កំហែង មិន​ដូច​ការ​លើក​ឡើង​រិះគន់​មួយ​ចំនួន​ឡើយ ។​

​ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ប្រធាន​ព្រឹទ្ធ​សភា​លោក​ សាយ ​ឈុំ បាន​អនុញ្ញាត​ឱ្យ​លោក​Christophe-AndréFrassa​ប្រធាន​គណៈ​កម្មការ​នយោ​បាយ​នៃ​សភា​ប្រើ​ភាសា​បារាំង(APF)ចូល​ជួប​សម្តែង​ការ​គួរ​សម​នៅ​ថ្ងៃទី​១ធ្នូ នៅ​វិមាន​ព្រឹទ្ធសភា​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​គណៈ​ប្រតិភូ​បេសក​កម្ម​សុ​ច្ឆន្ទៈ​នៃ​សភា​ប្រើ​ភាសាបារាំង(APF)បំពេញ​ទស្សន​កិច្ច​ការងារ​នៅ​កម្ពុជា​។​

​ជា​កិច្ច​ស្វាគមន៍ ​លោក ​សាយ ​ឈុំ​បាន​ចាត់​ទុក​ថា​ដំណើរ​ទស្សន​កិច្ច​នា​ពេល​នេះ​នឹង​រួម​ចំណែក​ក្នុងការ​ពង្រឹង​ពង្រីក​កិច្ចស​ហប្រតិ​បត្តិការ​រ​វាង​សភា​និយាយ​ភាសា​បាំង (APF)​ជា​មួយ​សភា​កម្ពុជា​។​

​លោក​បាន​គូស​បញ្ជាក់​ថា ​សភា​កម្ពុជា​បាន​ដើរ​តួនាទី​ដ៏​សកម្ម​ក្នុង​វេទិកា​សភា​និយាយ​ភាសា​បារាំង​នៅ​ក្នុង​តំបន់​ និង​សកលលោក​ហើយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​រវាង​សភា​កម្ពុជា ​និង​ហ្វ្រ​ង់​កូ​ហ្វូ​នីបាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​លើ​គ្រប់​យន្ត​ការ​ទាំង​អស់​នៃ​APF ព្រម​ទាំង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បច្ចេក​ទេស​។

​លោក​បន្ត​ថា​៖«​សភា​កម្ពុជា​ និង​រាជរដ្ឋាភិ​បាល​កម្ពុជា​ផ្តល់​សារៈ​សំខាន់​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ដោយ​បើកចំហ​ជា​មួយ​មិត្តភក្តិ​បរ​ទេស​ និង​ដៃគូ​អន្តរ​ជាតិ​ទាំង​អស់​ដែល​ចង់​ឈ្វេង​យល់​អំពី​ស្ថាន​ភាព​នយោ​បាយ​លទ្ធិ​ប្រជាធិប​តេយ្យការ​គោរព​សិទ្ធិមនុស្ស​និង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​»​។

​ជា​មួយ​គ្នា​នេះ​ដែរ​លោក​បាន​ប្រាប់​ទៅ​លោក Christophe-AndréFrassa ថា ៖«​លម្ហប្រជាធិប​តេយ្យ សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ សិទ្ធិ​ធ្វើ​នយោ​បាយ សិទ្ធិ​ក្នុងការ​ជួបជុំ​របស់​ប្រជា​ពល​រដ្ឋ គណ​​បក្ស​នយោ​បាយ​ អង្គការ​សារ​ព័ត៌មាន​ អង្គការ​សង្គម​ស៊ីវិល បាន​និង​កំពុង​ដំណើរ​ការ​ដោយ​សេរី គ្មាន​ការ​រើស​អើង និង​គ្មាន​ការ​គំរាម​កំហែង​»​។​

​លោក ​Christophe-AndréFrassa​ក៏បាន​លើក​ឡើង​ដែរ​ថា គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច​ការងា​រ​របស់​គណៈ​ប្រតិភូ​នា​ពេល​នេះ​ដើម្បី​ស្វែង​យល់​អំពី​ការវិវឌ្ឍ​ជា​វិជ្ជមាន​របស់​កម្ពុជា​ក្នុង​ក្រប​ខ័ណ្ឌ​សភា​ប្រើ​ភាសា​បារាំង(APF)​។ជា​មួយ​គ្នា​នេះ លោក​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិ​បត្តិកា​រយ៉ា​ង​ជិត​ស្និទ្ធ​រវាង​ប្រទេស​កម្ពុជា​ជា​មួយ​ប្រទេស​ប្រើ​ភាសា​បារាំង​។​

​ក្នុង​ឱកាស​នោះ​ដែរ ​លោកសាយ ​ឈុំ បាន​រំឭក​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ​ប្រទេស​កម្ពុជា​អនុវត្ត​ការ​បោះឆ្នោ​ត​យ៉ាង​ទៀង​ទាត់​តាម​ពេល​វេលា​កំណត់​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​ជា​ធរមា​ន​។

​លោក​លើក​ឡើង​ថា ​កាលពី​ថ្ងៃទី​៥ ​ខែ​មិថុនា​ ឆ្នាំ​២០២២កន្លង​ទៅ​ កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោ​ត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥​ដោយ​មាន​គណ​បក្ស​នយោ​បាយ​ចំនួន​១៧​ចូល​រួម ហើយ​មាន​គណ​បក្ស​ចំនួន​៩​ បាន​ទទួល​អាសនៈ នៅ​ថ្នាក់​ឃុំ​-​សង្កាត់​។

​លោក​បញ្ជាក់​ថា​៖«​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹម​ត្រូវ យុត្តិ​ធម៌ គ្មាន​ការគំរាម​កំហែង គ្មាន​អំពើ​ហិង្សា ដែល​ទាំង​អស់​គ្នា​ទទួល​យក​បាន​ និង​មាន​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​ចូល​រួម​គ្រប់​ដំណាក់​កាល​មុន​បោះ​ឆ្នោត អំឡុង​ពេល​បោះ​ឆ្នោត និង​ក្រោយ​ការ​បោះ​ឆ្នោត​»​។​

​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​អំ​ សំអាត​ បាន​ថ្លែង​ថា ការលើក​ឡើង​ពី​ភាព​វិជ្ជមាន​របស់​ភាគី​កម្ពុជា​ពាក់​ព័ន្ធ​លម្ហប្រជាធិប​តេយ្យ​គឺជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​នៅ​មិន​ទាន់​ឆ្លុះ​បញ្ចាំង​ពី​ត​ភាព​សង្គម​នៅ​ឡើយ​ទេ ខណៈ​លម្ហសិទ្ធិ​សេរី​ភាព​មូល​ដ្ឋាន​របស់​ពលរដ្ឋ​នៅ​រឹត​ត្បិត​នៅ​ឡើយ​។

​លោក​ថា​៖«​អង្គ​ការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ អង្គការ​អន្តរ​ជាតិ ​ជាពិសេស​ថ្មីៗ​នេះ យើង​ឃើញ​ថា​ ខាង​អគ្គ​លេខាធិ​ការ​អង្គការសហ​ប្រជា​ជាតិ​ក៏ដូច​ជា ប្រធា​នាធិ​បតី​សហរដ្ឋ​អាមេរិក​ លោក ចូ បៃ​ឌិន ក៏បាន​លើក​ឡើង​សុំឱ្យ​កម្ពុជា ​ធ្វើយ៉ាង​ណា​បើក​លំហ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ការគោ​រព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឱ្យបាន​ល្អប្រសើ​រដើម្បី​ឱ្យ​ការបោះ​ឆ្នោត​នៅ​ឆ្នាំ២០២៣​ខាង​មុខនេះ ​មាន​បរិយា​កាស​ល្អ ​ជាពិសេស​សំដៅ​ទៅលើ​លម្ហ​សេរី​ភាពជា​មូល​ដ្ឋាន​របស់​ពលរដ្ឋ ​លម្ហសេ​រីភាព​របស់​សង្គម​ស៊ីវិល និង​សហ​ជីព នយោ​បាយ និង​លម្ហ​សេរី​ភាព​អ្នក​សារ​ព័ត៌មាន​ជា​ដើម​»៕