ភ្នំពេញៈ អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​បានឱ្យដឹងថា ​ភូមិ​គោលដៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រ​វាញ​ចំនួន​២៣ ​ក្នុង​ចំណោម​ភូមិ​សរុប២៤ ​ក្នុង​ខេត្ត​ចំនួន៣ ​បាន​យល់ព្រម​ចូលរួម​ក្នុង​គម្រោង​រេដ​បូក​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល ​បន្ទាប់ពី​អង្គការ ​និង​ស្ថាប័ន​ពាក់ព័ន្ធ ​បាន​ផ្សព្វផ្សាយ​និង​បណ្តុះ​បណ្តាល​ពី​គម្រោង​នេះ​ជា​បន្តបន្ទាប់។

លោក ​យាង ដូណាល់ ​អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​សហគមន៍ ​និង​ប្រព័ន្ធ​ធានា​សុវត្ថិភាព​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ភូមិ​គោលដៅ​ក្នុង​គម្រោង​រេដ​បូក​ជួរ​ភ្នំក្រវាញ​កណ្តាល​ មាន​ចំនួន​២៤ភូមិ ​ក្នុងនោះ​មាន​២៣ភូមិ​ បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​គម្រោង​រេដ​បូក​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល។ ចំពោះ​ការចូលរួម​របស់​អ្នកភូមិ​ក្នុង​គម្រោង​នេះ​ គឺ​នៅ​សល់​តែ១​ភូមិ​ចុងក្រោយ​តែប៉ុណ្ណោះ​ ដែល​ក្រុមការងារ​កំពុងតែ​បន្ត​ចុះទៅ​ផ្សព្វផ្សាយ ​និង​ពិគ្រោះ​យោបល់។

លោក​បញ្ជាក់ថា​៖«ភូមិ​គោលដៅ​ចំនួន​២៤ភូមិ​នោះ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៣ ​គឺ ​ខេត្តពោធិ៍សាត់​មាន​ភូមិ​គោលដៅ​ចំនួន១០​ ភូមិ​គោលដៅ ​ខេត្តកំពង់ស្ពឺ​ មាន​ចំនួន​៣ភូមិ​គោលដៅ ​និង​ខេត្តកោះកុង​ មាន​ចំនួន​១១ភូមិ​គោលដៅ។ ការចុះបញ្ជី​គម្រោង​នេះ​នៅក្នុង​ស្តង់ដា​អន្តរជាតិ​ទៅបាន ​លុះត្រា​យើង​មាន​ការយល់ព្រម​ពី​សហគមន៍។ យើង​បានធ្វើ​ការងារនេះ​ រយៈ​ពេល​ជាង​២ឆ្នាំ​ហើយ ​ទម្រាំ​បានមក​ដល់​ដំណាក់កាល​នេះ»។

លោក​ យាង​ ដូណាល់ ​អះអាងថា ​ដោយសារតែ​គម្រោង​រេដ​បូក​ ស្ថិតក្នុង​ដំណាក់​ការរៀបចំ​អភិវឌ្ឍគម្រោង​នៅ​ឡើយ​ ដូច្នេះ​ក្រុមការងារ​អង្គការ​អភិរក្ស​អន្តរជាតិ ​បាននិងកំពុង​សហការ​ជាមួយ​មន្ត្រី​នៅ​ក្រសួង ​និង​មន្ទីរ​បរិស្ថាន​ខេត្ត​ បន្ត​ផ្សព្វ​ផ្សាយ​ពី​គម្រោង​រេដ​បូក​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​នឹង​ទទួលបាន ​ពេល​ដែល​លក់​ឥណទាន​កាបូន។

លោក​ថា​៖«ក្រុម​ការងារ​ជីវភាព​ នៃ​អង្គការ​អភិរក្ស​អន្តរជាតិ​ បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ ដើម្បី​កសាង​យុទ្ធសាស្ត្រ​នៃ​ការបង្កើន​ជីវភាព ​ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សហគមន៍ ​ក្នុង​ការកំណត់​តម្រូវការ​ចាំបាច់​រួមមាន​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព ​សិក្សា​ពី​ខ្សែ​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ ​និង​ដំណាំ​កសិកម្ម​សំខាន់​មួយចំនួន។ បន្ទាប់​ពី​បញ្ចប់​ផែនការ​នេះ ​អន្តរាគម​ន៍​លើ​ជីវភាព​សហ​គ​មន៍​នឹង​អនុវត្ត​ក្នុងពេល​ឆាប់​ខាង​មុខ»។

គម្រោង​រេដ​បូក​ក្រវាញ​កណ្តាល ​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ២០២១ ​ដែលមាន​រយៈពេល​៣០ឆ្នាំ ​ដោយ​ធ្វើការ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ចំនួន​៣ខេត្ត ​គឺ​ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ ​និង​ខេត្តពោធិ៍សាត់។ គម្រោង​នេះ​ មាន​គោលដៅ​អភិរក្ស​ធនធាន​ធម្មជាតិ ​ដោយ​ការពង្រឹង​ច្បាប់​ ការចុះ​ល្បាត​ព្រៃ ​និង​ការជួយ​ដល់​ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍ ​តាមរយៈ​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​ឥណទាន​កាបូន​នៃ​គម្រោង​រេដ​បូក​នេះ។ នេះ​បើតាម​លោក​ឆឹង ស៊ុ​វិរិយ៉ា ​មន្ត្រី​អង្គការ​អភិរក្ស​អន្តរជាតិ ​ ទទួលបន្ទុក​សម្របសម្រួល ​ការចូលរួម​របស់​សហគមន៍ ​និង​ការការពារ​សុវត្ថិភាព​ នៃ​គម្រោង​រេដបូក​ក្រវាញ​កណ្តាល។

លោក​បញ្ជាក់ថា​៖«គម្រោង​រេដ​បូក​អាចធ្វើ​ទៅបាន ​លុះត្រា​មាន​ការយល់ព្រម​ពី​ប្រជាពលរដ្ឋ​ចាប់ពី​៥០ភាគរយ​ឡើង​ទៅ​ក្នុង​ឃុំ​គោលដៅ​នីមួយៗ ​ព្រោះ​បើ​មិនមាន​ការយល់ព្រម​ពី​ប្រជាពលរដ្ឋ ​ក៏​មិនអាច​អនុវត្ត​គម្រោង​រេដ​បូក​នេះ​បាន​ដែរ»។

អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​បានឱ្យដឹងថា ​ជំហាន​នៃ​ការរៀបចំ​គម្រោង​រេដ​បូក ​ក្រោម​បទដ្ឋាន​ឥណទាន​កាបូន​រួមគ្នា ​បទដ្ឋាន​ផ្ទៀងផ្ទាត់​កាបូន ​សម្ព័ន្ធ​អាកាសធាតុ ​សហគមន៍ ​និង​ជីវៈចម្រុះ ​គឺ​ធ្វើឡើង​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ចំនួន៦។

ដំណាក់​កាល​ទាំង៦​នេះ ​រួមមាន​ទី១ ​ការរៀបចំ​វិធីសាស្ត្រ​គណនា​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​និង​អនុម័ត​វិធីសាស្ត្រ។ ទី២​ ការរៀបចំ​ឯកសារ​គម្រោង ​ដែល​ពាក់ព័ន្ធ​នឹង​ការគណនា​កាបូន ​ការងារ​សហគមន៍ ​និង​ការវាយតម្លៃ​ជីវចម្រុះ។ ចំពោះ​ដំណាក់​កាល​ទី៣ ​គឺ​ដំណើរការ​ផ្តល់​សុពលភាព ​ដោយ​ត្រូវ​ត្រួតពិនិត្យ​លើ​សេចក្តីព្រាង​ឯកសារ​គម្រោង ​និង​ឯកសារ​ពាក់ព័ន្ធ ​រួមទាំង​ការចុះ​ប្រមូល​ព័ត៌មាន​នៅ​ទីវាល ​ដោយ​ភាគី​ឯកជន​។

ចំណែក​ដំណាក់​កាលទី៤ ​គឺ​ការចុះ​បញ្ជី​គម្រោង​ ទី៥ ​ដំណើរការ​ផ្ទៀងផ្ទាត់​ដែល​ត្រូវធ្វើ​ការត្រួតពិនិត្យ​ទៅលើ​របាយ​ការណ៍ ​និង​ចុះទៅ​ប្រមូល​ព័ត៌មាន​នៅតាម​ទីវាល ​និង​ទី៦ ​ការចេញ​ឥណទាន​កាបូន ​ដោយ​បើក​គណនី​ចុះ​បញ្ជី​​ឥណ​ទាន​​កាបូន​ និង​បង្ហាញ​ពី​ចំនួន​ឥណទាន​កាបូន​ដែល​បាន​ចេញលក់​នៅលើ​ទីផ្សារ។

កាលពី​ខែកក្កដា ​ដល់​ខែកញ្ញា ​ឆ្នាំ២០២២ ​ក្រុមការងារ​គម្រោង​រេដបូក​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល ​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​និង​មន្រ្តី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ​បានដំឡើង​ប្រអប់​សំបុត្រ​យន្តការ​ដោះ​ស្រាយ​បណ្តឹង​ចំនួន​១៣ ​នៅ​ឃុំអូរសោម ​ឃុំប្រមោយ ​និង​ឃុំសំរោង ​នៅ​ខេត្តពោធិ៍សាត់។ ប្រអប់​ទាំងនេះ​អាចត្រូវ​បាន​ប្រើ​ដោយ​សហគមន៍​ ដើម្បី​បញ្ជូន​នូវ​កង្វល់ ​ឬ​បញ្ហា​ដែល​ពួកគេ​អាចជួប​ប្រទះ​ជាមួយ​សកម្មភាព​ណាមួយ​នៅ​ក្រោម​គម្រោង​រេដបូក​។

អង្គការ​អភិរក្ស​អន្តរជាតិ ​បានប្រកាស​ថា ​នាពេល​អនាគត ​ប្រអប់​យន្តការ​ដោះស្រាយ​បណ្តឹង​នឹង​ត្រូវបាន​ដំឡើង​នៅតាម​ភូមិ ​ដែល​បាន​ចូលរួម​ទាំងអស់​ក្នុង​គម្រោង​រេដបូក​តំបន់​ជួរភ្នំ​ក្រវាញ​កណ្តាល ​នៅ​ខេត្តកោះកុង ​កំពង់ស្ពឺ ​និង​ពោធិ៍សាត់​ ដើម្បី​ធានា​បាននូវ​ការចូលរួម​យ៉ាង​ពេញលេញ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​គម្រោង​ទេសភាព​ជួរភ្នំ​ក្រវាញ​កណ្តាល៕