ភ្នំពេញៈ ​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយឥតសំណង​ជាង ១៧​ ម៉ឺន​ដុល្លារ ជូន​ដល់​កម្ពុជា​សម្រាប់​ការសាងសង់​សាលា​ម​ត្តេ​យ្យ និង​អនុវិទ្យាល័យ​នៅ​ខេត្ត​ចំនួន​២ គឺ​ខេត្តបាត់ដំបង និង​ខេត្តកោះកុង ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ និង​ជីវភាព​ប្រជាពលរដ្ឋ​នៅ​កម្រិត​មូលដ្ឋាន​។​

ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​រវាង​លោក តា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង និង​លោក ង៉ែត ឡឹង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង​នៅ​ស្ថានទូត​ជប៉ុន កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២​។​

​ក្រោយ​កិច្ចសន្យា​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១៧១ ៦៤១ ដុល្លារ​អាមេរិក ដល់​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន​២នៅ​ខេត្តបាត់ដំបង និង​ខេត្តកោះកុង ក្រោម​គ្រោងការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​ជប៉ុន ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច សន្តិសុខ​មនុស្សជាតិ (​ជំនួយឥតសំណង​គូ​សាណូ​ណិ​)​។​

ក្នុង​ពិធី​នោះ​លោក តា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ​មានប្រសាសន៍ថា ​នាពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា បាននិងកំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ក៏​នៅ​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​។​

លោក​ថា​៖ «ទោះជា​យ៉ាងណា ខ្ញុំ​ក៏​ទទួលស្គាល់ថា ​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ ជប៉ុន​នឹង​បន្ត​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាមរយៈ​គ្រោងការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច និង​អភិវឌ្ឍផ្សេងៗ រួម ទាំង (​គូ​សាណូ​ណិ​)​ផងដែរ​»​។​

លោកតា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ បាន​បញ្ជាក់ថា ពាក្យ​គូ​សាណូ​ណិ​ភាសា​ជប៉ុន ដែលជា​ភាសា​ខ្មែរ​មានន័យថា «​ឫស​ស្មៅ​»​។​

ជំនួយ​ទាំងនោះ​ត្រូវ​បែង​ចែកជា​២ ក្នុង​គម្រោង​ទី​១ សម្រាប់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ចំនួន ៧៩ ៤៦៥ ដុល្លារ​អាមេរិក សម្រាប់​សាងសង់ អគារ​ម​ត្តេ​យ្យ​សិក្សា​ចំនួន​១​ខ្នង ២​បន្ទប់ បំពាក់​ដោយ​គ្រឿង​សង្ហា​រិម​ម​ត្តេ​យ្យ​សិក្សា បង្គន់​អនាម័យ​ចំនួន ១​ខ្នង ២​បន្ទប់ និង​កន្លែង​លាងដៃ​ចំនួន​១ ដំឡើង​របង​និង​ខ្លោងទ្វារ​សាលា​ម​ត្តេ​យ្យ​សិក្សា សម្ភារ​សួន កុមារ និង​ស៊ីទែន​ទឹក​ចំនួន​១ និង​ចាក់សាប​លើ​ទីធ្លា​សាលា​១ផ្នែក នៅក្នុង​សាលា​ម​ត្តេ​យ្យ​សិក្សា​បណ្តុះបណ្ដាល​កុមារ ក្នុង​ខេត្តបាត់ដំបង​។

តាមរយៈ​គម្រោង​នេះ រំពឹងថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ចំនួន​១០០ នាក់ ដែលមាន​អាយុ​ពី​៣ ទៅ​៥​ឆ្នាំ និង​គ្រូ​ប​ង្រៀន​ចំនួន​៥​នាក់ តាមរយៈ​ការកែលម្អ​បរិស្ថាន​សិក្សា និង គុណភាព​នៃ​ការអប់រំ​។​

ក្នុង​គម្រោង​ទី​២ សម្រាប់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ថវិកា​ចំនួន ៩២ ១៧៦ ដុល្លារ​អាមេរិក សម្រាប់​សាងសង់ អគារសិក្សា​ចំនួន​១​ខ្នង ៥​បន្ទប់ បំពាក់​ដោយ​គ្រឿង​សង្ហា​រិម​សាលារៀន បង្គន់​អនាម័យ​ចំនួន​១​ខ្នង ៤ បន្ទប់ និង​អណ្ដូងទឹក​ចំនួន​១ នៅ​អនុវិទ្យាល័យ​តានី ក្នុង​ខេត្តកោះកុង​។​

តាមរយៈ​គម្រោង​នេះ​រំពឹងថា​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​សរុប​ចំនួន​៧២​នាក់ និង​គ្រូបង្រៀន​ចំនួន ៧​នាក់ ដោយ​ធានា​នូវ​បរិស្ថាន សិក្សា​ដែលមាន​សុវត្ថិភាព និង​ផាសុកភាព​ជាង​មុន​។​

លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង និង​លោក ង៉ែត ឡឹង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង បាន​ថ្លែង​ស្រដៀង​គ្នា អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែ​ល​បានផ្តល់​ជំនួយ​នេះ ដែលជា​ផ្នែក​មួយ​ជួយ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ឱ្យ​កាន់តែ​ប្រសើរឡើង​១កម្រិត​ទៀត​។​

ជំនួយឥតសំណង​គូ​សាណូ​ណិ​របស់​ជប៉ុន បានចាប់ផ្ដើម​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន​។

ជំនួយឥតសំណង​នេះ មាន​ទិសដៅ​ការពារ​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា ភាពក្រីក្រ និង​/​ឬ ភាព​អកុសល​នានា ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​អាយុជីវិត ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ ក៏ដូចជា​ជួយ​ជំរុញ​នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​។

ចាប់តាំងពី​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ថវិកា​ជាង​៦៥​លាន​ដុល្លារ​អាមេរិក​ដល់​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិចំនួន​៦៦៥​គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា​៕