ភ្នំពេញៈ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​លោក​ហ៊ុន សែន ​បានប្រកាសថា ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ​នឹង​ត្រូវ​រៀបចំ​សាជាថ្មី​ឡើងវិញ​ នាឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ​នា​ខែមេសា ​ឆ្នាំ​២០២៣​ ខាងមុខ​នេះ ​បន្ទាប់ពី​អាក់ខាន​អស់​រយៈពេល​២​ឆ្នាំ​ ដោយសារ​ការរាតត្បាត​នៃ​មេរោគ​កូវីដ១៩​។​

ការប្រកាស​បែបនេះ ​ធ្វើឡើង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ ​និង​កីឡា​ជនពិការ​ជាតិ​លើក​ទី១​ ឆ្នាំ​២០២២ ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ​កាលពី​យប់​ថ្ងៃ​ទី៣០ ​ខែវិច្ឆិកា ​ឆ្នាំ​២០២២​។​

លោក​ហ៊ុន សែន​ មាន​ប្រសាសន៍ថា​៖«ខ្ញុំ​ក៏​សូមបញ្ជាក់​ជូន​ចំពោះ​បងប្អូន ​ជនរួម​ជាតិ ​នៅ​ទូទាំង​ប្រទេស​ឱ្យបាន​ជ្រាបថា ​នៅ​ចូលឆ្នាំ​ខ្មែរ ​ខែមេសា ​ឆ្នាំ២០២៣​ខាងមុខ​នេះ ​យើង​នឹងធ្វើ​អង្គរ​សង្ក្រាន្តសាជាថ្មី​ម្ដងទៀត​។ ពេលនោះ​សង្ឃឹមថា ​កីឡា​ល្បុក្កតោ​របស់​យើង ​នឹង​ក្លាយទៅ​ជា​និមិត្តរូប​ដ៏​សំខាន់​ នៃ​ការជួបជុំ​នៅក្នុង​អង្គរសង្ក្រាន​នៅ​ពេល​នោះ»។​

ជុំវិញ​រឿងនេះ ​លោក​ឈត ​ប៊ុនថង​ មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​និង​ជា​អ្នកជំនាញ​ទស្សនវិជ្ជា ​បាន​ប្រាប់​កាលពី​ថ្ងៃទី១​ ខែធ្នូ​ ថា ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ​ឬក៏​រៀបចំ​ព្រឹត្តិការណ៍​ប្រពៃណី​ផ្សេងៗ ​វា​គឺជា​សុទ្ធតែ​រឿង​ដែលមាន​ប្រយោជន៍ ​ពីព្រោះ​ថា ​បើកាល​ណា​មាន​ការរៀបចំ​ពី​ប្រពៃណី ​ដូចជា ​បុណ្យ​ចូលឆ្នាំ ​និង​បុណ្យ​ផ្សេងៗ​ទៀត​ ពិធីបុណ្យ​នោះ ​គឺជា​របស់​ខ្មែរ។

លោក​ថ្លែងថា ​ពិធីបុណ្យ​ទាំងនោះ​ គឺ​មាន​ន័យថា ​ធ្វើឱ្យ​ប្រពៃណី ​និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ ​មាន​ភាព​រស់​ឡើងវិ​ញ​ ដែល​មាន​ជីវិត ​និង​ការវិវឌ្ឍ ​ក៏ដូចជា​ការអភិរក្ស​ផងដែរ​។ ក្រៅពី​នេះ​ទៀត​ ទន្ទឹម​នឹង​មាន​ការរៀបចំ​ហើយ ​ធ្វើឱ្យ​មាន​ការវិវឌ្ឍ​ឡើង​វិញ​ មាន​ន័យថា ​ការរៀបចំ​នេះ ​វា​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ ​ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស​ផងដែរ ​ដែល​មក​ចូលរួម​ទស្សនា​។

លោក​ឈត​ ប៊ុនថង ​បាន​បន្ថែមថា ​នេះ​ជាការបង្រៀន ​និង​ផ្សព្វផ្សាយ​ទៅដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់ពី​តម្លៃ ​ប្រពៃណី​ ទំនៀម​ទម្លាប់ ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ជាដើម​។​

​លោក​ប៊ុន​ថង​ថ្លែងថា​៖«ប្រសិនជា​ព្រឹត្តិការណ៍​នៃ​កម្មវិធី​ទាំងនោះ ​ត្រូវធ្វើ​នៅ​តំបន់​ទេសចរណ៍ ​ដូចជា ​ខេត្តសៀមរាប​ ដែលជា​តំបន់​វប្បធម៌​ នោះ​វា​ជាការបង្ហាញ​ឱ្យ​បងប្អូន​ខ្មែរ​យើង ​និង​ភ្ញៀវ​បរទេស ​បាន​ស្គាល់ ​បានឃើញ​ពី​តំបន់​វប្បធម៌​នេះ ​ដើម្បី​គេ​ជួយ​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាជាតិ​នានា ​និង​ទេសចរ​ពិភពលោក​នានា​ផងដែរ​ តាមរយៈ​ការចូលរួម ​និង​ការទស្សនា»។​

លោក​បាន​បន្ថែមថា ​ក្រៅពី​ទទួលបាន​ការផ្សព្វផ្សាយ​ហើយ ​ប្រទេស​កម្ពុជា​ក៏​ទទួលបាន​កិត្តិយស ​កេរ្តិ៍ឈ្មោះ ​និង​ទទួលបាន​ថវិកា​ពី​ការចំណាយ ​ដែល​មាន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ប្រាសាទ ​និង​ដើរ​កម្សាន្ត​ផង ​ដូច្នេះ​ប្រទេស​កម្ពុជា​ទទួលបាន​ប្រយោជន៍​ច្រើន​ណាស់​។​

ចំណែក​លោក​លី ​សំរិទ្ធ ​អភិបាលរង​ខេត្ត​សៀមរាប ​បាន​បញ្ជាក់​ដែរថា ​លោក​ទទួលបាន​ដំណឹង​ពី​ការប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ថា​ នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ជាថ្មី​ឡើង​វិញ​។ ដោយ​ឡែក ​សម្រាប់​ខេត្តសៀមរាប​ ជាក់ស្ដែង ​គឺ​មិនទាន់​មាន​ផែនការ​រៀបចំ​នៅ​ឡើយ​ទេ។​

លោក​លី ​សំរិទ្ធ ​បាន​ប្រាប់ថា​៖«ការរៀបចំ​ផែនការ ​គឺ​យើង​ត្រូវ​ដឹង​ស្ថាប័ន​ណាខ្លះ ​មាន​ភារកិច្ច​អី​ក្នុង​ការរៀបចំ ​ហើយ​អាជ្ញាធរ​ខេត្តសៀមរាប ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត ​ត្រូវធ្វើ​អី​ខ្លះ​ចំពោះ​រឿង​ហ្នឹង»។

​រីឯ​លោក​ទិត ​ច័ន្ទតារា ​មន្ត្រី​ក្រុមការងារ​ផ្សព្វផ្សាយ ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(ស.ស.យ.ក.)​ បានឱ្យដឹង​ដែរ​ថា​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ​ក្រុមការងារ​របស់​លោក​កំពុង​រៀបចំ​ព័ត៌មាន​មួយចំនួន ​ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ខាងមុខ​នេះ។​

លោក​ទិត ​ច័ន្ទតារា ​ថ្លែងថា​៖«អ៊ីចឹង ​សន្និសីទ​សារព័ត៌មាន​នេះ ​យើង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ​ខែធ្នូ ​ឆ្នាំ​២០២២​ ខាងមុខ​នេះ​ ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម ​យើង​នឹង​ជម្រាប​ជូន​នៅពេល​ក្រោយ​។ ប៉ុន្តែ​ឥឡូវ ​ព័ត៌មាន​មួយចំនួន ​យើង​កំពុងតែ​រៀបចំ​ផ្សព្វផ្សាយ​ជា​សាធារណៈ ​ដូច្នេះ​យើង​នឹង​ផ្ដល់​ព័ត៌មាន​បន្ថែម​តាម​សន្និសីទ​សារព័ត៌មាន​តែ​ម្តង»៕