ភ្នំពេញៈ ​ស្ដ្រី​ក្នុង​វិស័យ​កាត់ដេរ​ជាង​២០​នាក់ បានបញ្ចប់​ការបណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​ក្នុង​កម្មវិធី​អក្ខរកម្ម​រោងចក្រ​(FLP-SkillsFuture) ដែលមាន​ការគាំទ្រ​ពី​អង្គការ​យូណេស្កូ​(UNESCO)​កាលពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​កម្មវិធី​នេះ ត្រូវបាន​អនុវត្ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ដដែល​នេះ​ដើម្បី​បង្កើន​ជំនាញ​ត្រួតពិនិត្យ​របស់​ពួកគេ​។​

នៅក្នុង​សិក្ខាសាលា​រយៈពេល​៣​ថ្ងៃនេះ មានការ​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការគាំទ្រ​ពី​អង្គការ​យូណេស្កូ និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​សម្លៀក​បំពាក់​កម្ពុជា​(CGTI) និង​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា​(TAFTAC)​។​

កម្មករ​កាត់ដេរ​ទាំង​នោះ ត្រូវ​បានកំណត់​អត្តសញ្ញាណ​មកពី​រោងចក្រ​ដៃគូ​ចំនួន​១៥ នៃ​កម្មវិធី​អក្ខរកម្ម​រោងចក្រ​(FLP-SkillsFuture)​ដែល​បានបញ្ចប់​ការបណ្ដុះបណ្ដាល​ដោយ​ជោគជ័យ និង​បង្ហាញ​ពី​ជំំ​នា​ញ​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ និង​សក្តានុពល​សម្រាប់​ការទទួលយក​តួនាទី​ត្រួតពិនិត្យ​។​

ក្រៅពីនេះទៀត ការបណ្តុះបណ្តាល​ការកសាង​សមត្ថភាព​នេះ វា​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដែល​កំពុងដំណើរការ ដើម្បី​កសាង​លើ​ការបណ្តុះបណ្តាល​មុខងារ និង​ជំនាញ​លេខ​របស់​កម្មវិធី​អក្ខរកម្ម​រោងចក្រ​(FLP-SkillsFuture) ដើម្បី​ផ្តល់​ឲ្យ​អ្នកចូលរួម​នូវ​ឱកាស​បន្ថែម​ជំនាញ និង​ពង្រឹង​ចំណេះដឹង​របស់​ពួកគេ​លើ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​អ្នកគ្រប់គ្រង ជំនាញ​ភាពជា​អ្នកដឹកនាំ និង​វិធី​ដើម្បី​បង្កើន​ផលិតភាព​ក្នុង​រោងចក្រ​កាត់ដេរ​។

លើសពីនេះ​ជំនួយ​ដែល​ផ្តល់​ដល់​កម្មករ​កាត់ដេ​រ​នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការប្រកួតប្រជែង​រួម និង​និរន្តរភាព​នៃ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា​។​

បើតាម​លោកស្រី Esther McFarlane ប្រធានស្តីទី​នៃ​អង្គភាព​អប់រំ នៃ​អង្គការ​យូណេស្កូ​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ដៃគូ​ទាំងអស់​សម្រាប់​ការខិតខំ​ប្រឹងប្រែង និង​បន្ត​គាំទ្រ​ដល់​កម្មវិធី​អក្ខរកម្ម​រោងចក្រ​(FLP-SkillsFuture)​។​

លោកស្រី Esther McFarlane បាន​ប្រាប់ថា​៖ «​អក្ខរកម្ម គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍមនុស្ស ដែល​វា​មាន​ឥទ្ធិពល​ដល់​ការអភិវឌ្ឍ​សង្គម នយោបាយ បរិស្ថាន វប្បធម៌ និង​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​»​។​

ចំណែក​លោក ញ៉ែម ភិ​ណា​រ៉េត ប្រធានការិយាល័យ​អក្ខរកម្ម​នៅ​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ក្រសួង អង្គការ​យូណេស្កូ និង​ដៃគូ​វិស័យ​ឯកជន ហើយ​ភាពជា​ដៃគូ​ទាំងនេះ​បាន​បង្កើន​ចំនួន​រោងចក្រ​ដៃគូ ខណៈដែល​ក្រុមហ៊ុន​ទូរគមនាគមន៍ Cellcard បានផ្តល់​ឧបករណ៍​ឌីជីថល​ដើម្បី​បំពាក់​ដល់ក​ម្មករ​នូវ​ជំនាញ​អក្ខរកម្ម​ឌីជីថល និង​គាំទ្រ​ពួកគេ​ក្នុង​ការរៀន​ដោយ​ខ្លួនឯង​។​

លោក ញ៉ែម ភិ​ណា​រ៉េត បាន​ថ្លែងថា​៖ «​ចំពោះ​ភាពជា​ដៃគូ​ជាមួយ ក្រុមហ៊ុន​សែ​ល​កាត​(Cellcard)​នឹង​ធានាថា​ កម្មវិធី​នេះ​អាច​ទៅដល់​អ្នកទទួលផល​តា​ម​គោលដៅ​កាន់តែច្រើន និង​លើកកម្ពស់​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ឌីជីថល​»​។​

សូមបញ្ជាក់ថា ​កម្មវិធី​អក្ខរកម្ម​រោងចក្រ​(FLP-SkillsFuture)​គឺជា​ផ្នែក​១​នៃ​ដំណាក់កាល​ទី​២​នៃ​ការងារ​សមរម្យ​សម្រាប់​យុវជន​នៅ​កម្ពុជា​(DEY) ដែលជា​កម្មវិធី​រួមគ្នា​របស់​អង្គការសហប្រជាជាតិ​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ស្វ៊ីសសម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ និង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​ការអប់រំ​(CapED) របស់​អង្គការ​យូណេស្កូ​។

ចាប់តាំងពី​ការចាប់ផ្តើម​កម្មវិធី​នេះ​មក កម្មករ​ជាង​២ ៥០០នាក់ (៩៥% ជា​ស្ត្រី​) បានទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ ដូចជា​ទទួលបាន​គាំទ្រ​ក្នុង​ការកសាង​សមត្ថភាព​របស់​កម្មក​រ​ស្ដ្រី​ក្នុងការ​បំពេញ​មុខងារ​ដោយ​ស្វ័យភាព​នៅ​កន្លែងធ្វើការ និង​ក្នុងស្ថានភាព​ប្រចាំថ្ងៃ ហើយក៏​បង្កើន​ផលិតភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ផ្តល់​សិទ្ធិអំណាច​ឲ្យ​ពួកគេ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​៕