ត្បូងឃ្មុំៈ អដ្ឋិធាតុ​យុទ្ធជន​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​៤៩​រូប​ បានធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​វៀតណាម ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ​នៅ​ព្រឹក​ថ្ងៃទី​១​ ខែធ្នូ​ ឆ្នាំ​២០២២ ​ដោយ​កម្ពុជា​-វៀតណាម ​បានរៀបចំ​ធ្វើ​ពិធី​ប្រគល់​-ទទួល ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ អ៊ិច​១៦ ​ស្ថិតនៅ​ភូមិ​កោះ​ថ្ម ​ឃុំ​ទន្លូង ​ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ។

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព ​លោក​សៅ សុខា ​អគ្គ​មេបញ្ជាការរង ​នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​លោក​ដូ ​កាន់ ​អនុប្រធាន​ស្នងការ​នយោបាយ​នៃ​កងទ័ព​ប្រជាជន​វៀតណាម ​តំណាង​ក្រសួង​ការបរទេស​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​ព្រមទាំង​កម្លាំង​ប្រដាប់អាវុធ​ ​អាជ្ញាធរ​ដែនដី ​លោក ​លោកស្រី ​និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​២ ​កម្ពុជា​-វៀតណាម​។​

​លោក​សៅ សុខា ​បានឱ្យដឹង​នៅ​ថ្ងៃទី១ ​ខែធ្នូ​ថា​៖«បន្ទាប់ពី​ធ្វើ​ពិធី​ប្រគល់ ​និង​ទទួល​រួច ​កម្ពុជា​បានធ្វើ​ពិធី​ដង្ហែអដ្ឋិធាតុ​យុទ្ធជន​កម្លាំង​ប្រដាប់​ អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ទាំង​៤៩​រូប ​ពី​ទឹកដី​វៀតណាម​ចូលមក​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម ​X១៦»។

​លោក​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​២៧ ​ខែវិច្ឆិកា​ថា ​លោក​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​នឹង​អញ្ជើញ​ប្រារព្ធ​ពិធី​ឈាបនកិច្ច​អដ្ឋិធាតុ​យុទ្ធជន​កងកម្លាំង​ប្រដាប់អាវុធ​សាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជា ​៤៩​រូប ​នៅ​ថ្ងៃទី២ ​ធ្នូ​នេះ​។

​លោក​បញ្ជាក់ថា​៖«នៅ​ព្រឹក​ថ្ងៃទី​២​ ខែធ្នូ ​ប្រារព្វ​ពិធី​បូជា​អដ្ឋិធាតុ ​ សម្តេច​ពិជ័យ​សេនា ​[ទៀ ​បាញ់] ​អញ្ជើញ​ប្រទាន​ភ្លើង ​ដោយមាន​មហាជន​កម្លាំង​ប្រដាប់​អាវុធ​ អាជ្ញាធរ​ចូលរួម​។ ធាតុ​ដែល​បាន​បូជា​រួច​រៀបចំ​ផ្ទុក​ក្នុង​កោដ្ឋ ​តម្កល់​បណ្តោះអាសន្ន​នៅក្នុង​បន្ទប់​វប្បធម៌​នៃ​អគារ​មិត្តភាព»។

​កាលពី​ថ្ងៃទី​២៦​ ខែវិច្ឆិកា ​លោក​សៅ សុខា ​បាន​ទៅ​រៀបចំ​ពិធី​បើក​ផ្នូរ​សព​យុទ្ធជន​ពលី​ចំនួន​៤៩​នាក់​នៅ​បូជនីយដ្ឋាន​យុទ្ធជន​ពលី​កម្ពុជា​ ស្ថិតនៅ​ភូមិ​សួសរ៉ាំ ​ឃុំ​ឡុងយ៉ាវ ​ស្រុក​កាំមី ​ខេត្ត​ដុងណាយ ​ប្រទេស​វៀតណាម​។ លោក​សៅ ​សុខា ​បាន​ថ្លែង​អំណរគុណ​ចំពោះ​កងទ័ព ​និង​ប្រជាជន​វៀតណាម ​ដែល​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​ផ្តួលរំលំ​របប​ខ្មែរក្រហម ​ព្រមទាំង​កិច្ចការ​ថែទាំ​អដ្ឋិធាតុ​យុទ្ធជន​ទាំង​៤៩​នាក់។​

​លោក​សៅ សុខា ​មាន​ប្រសាសន៍ថា​៖«ជាង​៤៤​ឆ្នាំ​បាន​កន្លង​ផុតទៅ ​យុទ្ធមិត្ត​ចំនួន​៤៩​រូប ​ដែល​បាន​ពលី ​និង​មរណៈ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នោះ ​បាន​បញ្ចុះ​ទៅ​ទីនេះ ​ហើយ​មិត្ត​វៀតណាម​បាន​ប្រមូលផ្តុំ​រៀបចំ ​ជា​បូជនីយដ្ឋាន​យុទ្ធជន​ពលី​កម្ពុជា ​ដោយបាន​ការយកចិត្ត​ទុកដាក់ ​ផ្តល់​ដី​ ផ្តល់​បណ្ណ​ ទទួលស្គាល់​ពី​ក្រសួង​វប្បធម៌ ​ដោយ​ទុក​តំបន់​នោះ​ជា​តំបន់​ប្រវត្តិសាស្ត្រ»។​

​លោក​សៅ ​សុខា ​បាន​រំឭក​នូវ​ឃ្លា​បទចម្រៀង​សម័យ​សង្គ្រាម​យ៉ាង​ដូច្នេះ​ថា​៖«ដូច​ខ្លឹមសារ​បទ​ចម្រៀង ​ដែល​បាន​ពោលថា ​មាតុភូមិ​អើយ​ខ្ញុំ​នឹក​អ្នកជា​និច្ច។ ថ្ងៃនេះ​បងប្អូន​ទាំង​៤៩​រូប ​នឹងត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ​ប្រគល់​ភារកិច្ច​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស​យើង​ខ្ញុំ ​សហការ​ជាមួយ​ភាគី​មិត្ត​វៀតណាម ​ដើម្បី​នាំ​បងប្អូន​ត្រឡប់​ទៅកាន់​មាតុភូមិ​កំណើត​វិញ ​ដើម្បី​បាន​ជួបជុំ​គ្រួសារ ​ញាតិសន្តាន ​និង​ជន​រួមជាតិ​របស់​បង​ប្អូន»។​

​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម ​X១៦ ​កំពុង​សាងសង់​បន្ត​នូវ​សំណង់ ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ​ក្នុងនោះ​ក៏មាន​ការសាងសង់ ​មហា​ ចេតិយ​ ចំណាយ​ថវិកា​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ ​ដើម្បី​តម្កល់​អដ្ឋិធាតុ​យុទ្ធជន​ទាំង​៤៩​សព​នោះ​។ មហា​ចេតិយ​នោះ​ នឹង​ក្លាយជា​វិមាន​ស្តូប​អនុស្សាវរីយ៍ ​សម្រាប់​ការរំឭក​ដល់​ថ្ងៃ​ប្រកាស​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ ​គឺ​ថ្ងៃទី១២​ ខែឧសភា ​ឆ្នាំ​១៩៧៨ ​ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៕