
កញ្ញា ស៊ាប ផានីត និងសុខន ហិតមីន។ រូបថត សហការី
កំពង់ឆ្នាំង: យុវតីនៅខេត្ដកំពង់ឆ្នាំង រូបរាងស្រស់ស្អាតកម្ពស់សមជាតារាម៉ូដែល តារាភាពយន្ដ សម្បុរស្រអែមបានស្ម័គ្រចិត្តចាប់អាជីពជាមន្ដ្រីដោះមីនជាមួយសត្វសុនខ បន្ដវេនពីគ្រួសារជាមួយអង្គភាពដោះមីនស៊ីម៉ាក់ (CMAC)។
ក្នុងឈុតឯកសណ្ឋានកងកម្លាំងដោះមីនកម្ពុជា កញ្ញា ស៊ាប ផានីត ដៃម្ខាងកាន់ខ្សែចងសុខន និងមាត់ស្រែកបញ្ជាឱ្យកងកម្លាំងជើង៤នេះស្ដាប់បង្គាប់ទាំងកាយវិការដើរ អង្គុយ និងហិត ប្រកបដោយភាពម៉ឺងម៉ាត់ ដែលមិនមែនទន់ជ្រាយទៅតាមរូបរាងដ៏តូចស្រឡូន និងពាក្យពេចន៍ចំអែចំអន់ពីអ្នកដទៃឡើយ។
កាលពីដើមខែសីហា មន្ដ្រីអង្គភាពស៊ីម៉ាក់ អាយុ ២១ឆ្នាំ រូបនេះ បានលើកទង់ជាតិកម្ពុជាដ៏ធំប្រកបដោយភាពស្វាហាប់ដើរសម្ដៅទៅជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបំពាក់ផ្កាយក្នុងឱកាសអបអរសាទរពិធីខួបលើកទី៣០ នៃថ្ងៃបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
កញ្ញា ផានីត បាននិយាយថា៖ «ចិត្ដដំបូងឡើយ ខ្ញុំចង់ចូលខាងប៉ូលិស ឬទាហាន តែនៅអង្គភាពស៊ីម៉ាក់នេះ គេជ្រើសរើសកូនបន្ដវេនផង ហើយខ្ញុំយល់ថា វិស័យនេះក៏ដូចជាអង្គភាពប៉ូលិស ឬទាហានដែរ ខ្ញុំក៏សម្រេចចិត្ដចូលតែម្ដងទៅជាពិសេសខ្ញុំក៏ជាអ្នកស្រឡាញ់សត្វឆ្កែស្រាប់»។
យ៉ាងណាមិញ សម្រស់ និងរូបរាងស័ក្ដិសមជាតារាក្រោមពន្លឺភ្លើងពណ៌ ក្រោមក្រសែភ្នែកសាច់ញាតិ និងមិត្ដភក្ដិ ក៏ដូចជាអ្នកបានឃើញកញ្ញា ផានីត បានប្រែក្លាយជាភាពអវិជ្ជមានចំពោះយុវតីរូបនេះ ដែលមានចំណង់ចំណូលចិត្តលើអាជីពការងារ ដែលអ្នកដទៃគិតថា គ្រោះថ្នាក់ និងមិនស័ក្ដិសម។
កញ្ញា ផានីត បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «គេថា មកធ្វើជាអ្នកដោះមីនអី! កាន់ឆ្កែម៉េចជាប់! តិចឆ្កែអូសទៅ រាងតៃល្វ៉ៃអ៊ីចឹងនោះ។ ខ្ញុំរាងខ្នក់ចិត្ដដែរ ពីព្រោះបើធម្មតា ពាក្យពេចន៍ទាំងអស់នេះ និយាយតែម្ដងមិនអីទេ។ ប៉ុន្ដែពេលយើងចេញ-ចូលៗ គេនៅតែនិយាយដដែលៗ វាចាក់ដោតដល់អារម្មណ៍យើងខ្លះដែរ។ ថ្វីដ្បិតតែខ្ញុំមានអ្វីបង្ហាញថា ខ្ញុំអាចធ្វើបានយ៉ាងណាក៏ដោយ ហើយមានព័ត៌មានចុះផ្សាយថា ខ្ញុំមានសមត្ថភាពកាន់សុនខដោះមីនបានក៏ពិតមែន ក៏នៅតែមានអ្នកចាំចាប់កំហុសដដែល»។
យ៉ាងណាមិញ ពាក្យចំអែចំអន់របស់អ្នកដទៃ មិនអាចរារាំងទឹកចិត្ដដ៏មោះមុតរបស់យុវតី រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង នេះបានទេ ដោយកញ្ញាថែមទាំងយកឈ្នះចិត្ដឪពុកម្ដាយដែលបារម្ភចំពោះការចាប់អាជីពបន្ដវេននេះផងដែរ។
យុវតី ផានីត បាននិយាយអំពីចំណង់ចំណូលចិត្ដដ៏កម្រនេះអមដោយសំឡេងសើចផងនោះថា៖ «មកពីស្រឡាញ់តែម្ដង។ បើថា គ្រួសារបង្ខំឱ្យចូលក៏អត់មានដែរ សឹងតែលួចចូលក្នុងអង្គភាពនេះដោយមិនឱ្យប៉ាដឹងទៀត»។
លោក ឈឹម សំអឿន ជាឪពុករបស់យុវតី ផានីត បានចូលបម្រើការងារក្នុងមជ្ឈមណ្ឌលដោះមីនស៊ីម៉ាក់នេះអំឡុងឆ្នាំ១៩៩២ ពេលអង្គភាពនេះត្រូវបានបង្កើតឡើងលើកដំបូងក្នុងនាមជាមេកងក្រុមអ្នកដោះមីន។
នៅក្នុងឆ្នាំ១៩៩២ ដដែល បន្ទាប់មក លោកបន្ដទៅហ្វឹកហ្វឺនផ្នែកបច្ចេកទេសគ្រូផ្នែកបោសសម្អាតមីននៅអំឡុងជំនាន់អ៊ុនតាក់។
លោកបាននិយាយថា៖ «ខ្ញុំមិនមានបារម្ភអ្វីទេ ដោយសារយើងមានជំនាញ និងហ្វឹកហ្វឺនទៅតាមជំនាញរបស់យើង ក៏ដូចជាបច្ចេកទេស»។
បុរសជាឪពុករូបនេះ បាននិយាយថា តាំងពីកុមារភាព ផានីត មិនពេញចិត្ដចំពោះការងាររបស់ឪពុកទេ ដោយសារយល់ថា វាជាអាជីពដ៏គ្រោះថ្នាក់ ហើយណាមួយមិត្ដភក្ដិតែងតែសើចចំអកជាក្មេងស្រីសម្បូរមីននៅក្បែរ។
ពេលដឹងក្ដី និងពិសេស នៅពេលបញ្ចប់ការសិក្សាថ្នាក់ទី១២ យុវតីរូបនេះ ចាប់ផ្ដើមមើលឃើញពីគុណសម្បត្ដិការងារក្នុងអង្គភាពដោះមីន។
យុវតី ផានីត ជ្រើសរើសយកជំនាញធ្វើការជាមួយសុខន ក្នុងចំណោមផ្នែកដទៃទៀត ដូចជា កម្ទេចគ្រាប់ ម៉ាស៊ីនរាវ របស់មជ្ឈមណ្ឌលស៊ីម៉ាក់ ដោយសារកញ្ញាចូលចិត្ដសត្វឆ្កែតាំងពីនៅក្មេង ហើយពេលចាប់ផ្ដើមចូលរៀនវគ្គដោះមីន កញ្ញាមានកូនចិត្ដគិតថា ថ្ងៃណាមួយ ខ្លួននឹងចូលរៀនខាងសុខននេះឱ្យខាងតែបាន។
កញ្ញាបានរំឭកថា៖ «ខ្ញុំចង់ដឹងចង់ឮអំពីសត្វសុនខដែលបម្រើនៅក្នុងអង្គភាពថា តើពួកវាអាចធ្វើការបានមែនអត់? ដូចអ្វីដែលគេបង្ហាញឱ្យយើងឃើញមែនអត់?។ ពេលយើងបានចូល និងបានស្គាល់ពួកវា យើងបានដឹង ហើយមួយទៀត បើអ្នកអត់ចូលចិត្ដ ពួកគេអាចនឹងធុំក្លិនពួកវាអត់ល្អ ដោយសារពួកវារស់នៅក្នុងភាពស្អុយ ដែលមិនចូលចិត្ដភាពក្រអូបទេ»។
អំឡុងពេលបំពេញការងារនៅអង្គភាពដោះមីនជិត១ឆ្នាំមកនេះ យុវតីសម្បុរស្បែកទឹកឃ្មុំ រាងវែងស្រឡូនកម្ពស់ ១,៦៩ម៉ែត្ររូបនេះ ក៏បានបន្ដការសិក្សាផ្នែកភាសាអង់គ្លេសក្នុងទីក្រុងកំពង់ឆ្នាំង។
កញ្ញាគិតចង់ឆ្លៀតពេលមករៀននៅភ្នំពេញដែរ តែជួនកាលនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក៏មានកម្មវិធីរវល់ ដែលធ្វើឱ្យមានការពិបាកឡើងចុះឆ្ងាយ។
ថ្វីដ្បិតតែមិនទាន់បាននាំសត្វសុខនចុះដល់ទីលានដោះមីនផ្ទាល់នៅឡើយយ៉ាងណាក៏ដោយ ក៏យុវតីរូបនេះគ្មានអារម្មណ៍ញញើតចំពោះការងារដោះមីននេះទេ ដោយសារកញ្ញាធ្លាប់ជាអ្នកប្រើឧបករណ៍រាវមីននៅលើដីផ្ទាល់រួចហើយ។ ប៉ុន្ដែណាមួយពេលនេះ ផានីត កំពុងជាប់រៀនហាត់ការផ្នែកគ្រូ និងដោយសារកញ្ញានៅមិនទាន់មានវិញ្ញាបនបត្រធ្វើការជាមួយសុនខនៅឡើយ។ កញ្ញាត្រូវការពេលវេលាសិក្សារយៈពេល ២ឆ្នាំទៀត។
ទាក់ទងបច្ចេកទេសដោះមីន ដែលយុវតី ផានីត ធ្លាប់បានចំណាយពេល ៣ខែដោះមីនដោយប្រើឧបករណ៍ម៉ាស៊ីនរាវ កញ្ញាបានឱ្យដឹងថា ពេលកញ្ញារាវប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ដែលអាចបង្កហានិភ័យផ្ទុះគ្រប់ពេលវេលា កញ្ញាបានជូនដំណឹងទៅកាន់ខាងជំនាញ EoD (Bomb disposal) មកយកគ្រាប់នោះ ឬកម្ទេចចោលនៅនឹងកន្លែង។ បើសិនជាមិនមានហានិភ័យ កញ្ញាអាចយកគ្រាប់នោះទៅដាក់នៅកន្លែងតង់ដោយខ្លួនឯង។
ផានីត និយាយថា អ្នករាវមីនត្រូវដឹងពីក្បាលផ្ទុះវា ទំហំ ឈ្មោះ ប្រភេទ ដែលទាមទារការសិក្សារយៈពេល ៣ខែនៅក្នុងវគ្គដោះមីនជាមុនសិន។
លោក អៀម សុភាព ប្រធានមណ្ឌលសុខនដោះមីន បានទទួលស្គាល់ថា កន្លងមក មណ្ឌលសុនខនេះមានខ្វះអ្នកកាន់សុនខជានារី ដោយមានការចូលរួមត្រឹមតែ ២-៣នាក់ប៉ុណ្ណោះ។ ប៉ុន្ដែចំពោះស្ដ្រីក្នុងវិស័យសុនខដោះមីនបានកើនឡើងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានចំនួនចន្លោះពី ៣០ ទៅ ៤០ភាគរយនៃចំនួនបុរស។
លោក សុភាព បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដោយសារការងារជាមួយសុខននេះទាមទារសមត្ថភាពជំនាញលើបច្ចេកទេសជាជាងការប្រើកម្លាំង ការចូលរួមរបស់ស្ដ្រី ក៏មិនខុសពីបុរសដែរ សំខាន់ពួកគាត់ចេះប្រើខួរក្បាល និងការប្រាស្រ័យទាក់ទងជាមួយសត្វសុខន»។
កម្មវិធីបន្ដវេន ដែលត្រូវបានដាក់ចេញឱ្យអនុវត្ដអំឡុងឆ្នាំ២០១៨ កន្លងទៅនេះ ក៏បានជំរុញឱ្យស្ដ្រីមានភាពក្លាហានចូលរួមក្នុងវិស័យដោះមីនទៅតាមឪពុកម្ដាយរបស់ពួកគេផងដែរ។
ក្រៅពីការងារបង្ហាត់បង្រៀន អ្នកធ្វើការជាមួយសុនខត្រូវចេះថែទាំកងកម្លាំងជើង៤ តាំងពីក្បាលដល់ចុងកន្ទុយ ដោយធានាថា ពួកវាគ្មានសត្វចៃ និងដុសសម្អាតខ្លួនពួកវាជាប្រចាំ។
កញ្ញា ផានីត បានបន្ដថា៖ «ធ្វើការជាមួយសុនខ ចំពោះខ្ញុំមិនពិបាកទេ។ បើសិនជាយើងយកចិត្ដរបស់យើងទៅដាក់ក្នុងចិត្ដសុនខ និងផ្លាស់ប្ដូរចិត្ដគ្នាយើងយល់ពីដៃគូរបស់យើង ការងារអ្វីក៏ដោយ វានឹងដំណើរការទៅរលូន។ យើងត្រូវចេះថែទាំពួកវា ធ្វើម៉េចឱ្យវាមានទំនុកចិត្ដ និងបាត់ភាពភ័យខ្លាច។ កត្ដាដំបូងបំផុត យើងត្រូវស្វែងយល់ពីចិត្ដរបស់វា និងបំពេញតម្រូវការឱ្យវា។ ក្រោយមក ពួកវានឹងធ្វើអ្វីៗដើម្បីផ្គាប់ចិត្ដយើងវិញម្ដង»។
ដោយឆ្លងកាត់ការបណ្ដុះបណ្ដាលរយៈពេលយូរ សុនខញី ឈ្មោះ ដាំ បានក្លាយជាមិត្ដភក្ដិស្និទ្ធស្នាលជាមួយ ផានីត រយៈពេល ៤-៥ខែចុងក្រោយនេះ។ កញ្ញាចាប់ផ្ដើមពីការប្រាស្រ័យទាក់ទងឱ្យយល់ចិត្ដគ្នាទៅវិញទៅមកសិនមុនពេលចង់ឱ្យ ដាំ ចេះស្ដាប់បង្គាប់កញ្ញា។
យុវតី ផានីត ដែលត្រូវបានណែនាំឱ្យចូលប្រកួតប្រជែងសម្រស់ក្នុងកម្មវិធីណាមួយ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «គោលដៅអនាគតរបស់ខ្ញុំគឺស្រឡាញ់ការងារដោះមីនជាមួយសុខនទាំងនេះ។ ខ្ញុំប្រហែលជានៅទីនេះរហូតហើយ»។
ដោយមានជំនាញជាអ្នកដោះមីនជាមួយសុខន និងកំពុងសិក្សាភាសាអង់គ្លេស កញ្ញាអះអាងថា កញ្ញាមិនរារែកចំពោះបេសកកម្មក្រៅប្រទេសទេ ប្រសិនជាប្រទេសជាតិតម្រូវ។
កញ្ញាបាននិយាយថា៖ «ចាស! ខ្ញុំប្រាកដជាចេញទៅបំពេញបេសកកម្មដោះមីននៅបណ្ដាប្រទេសដែលញ៉ាំញីដោយសង្គ្រាម ដែលកំពុងប្រឈមនឹងបញ្ហាមីនដ៏ច្រើន ដោយជ្រកក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ប្រសិនបើថ្នាក់ដឹកនាំតម្រូវ»។
កញ្ញាបញ្ជាក់ថា៖ «ចំពោះបេសកកម្មក្រៅប្រទេស វាអាចផ្ដល់បទពិសោធន៍ថ្មីសម្រាប់យើង។ យើងអាចប្រាប់ទៅពិភពលោកថា កម្ពុជាក៏នាំយកសត្វសុនខទៅដោះមីននៅក្រៅប្រទេសបានដែរ ជាពិសេស មោទនភាពក្នុងការបំពេញការងារជួយប្រជាជនគ្រប់ជាតិសាសន៍»។
លោក ឈឹម សំអឿន បច្ចុប្បន្នជាគ្រូបច្ចេកទេសនៅស៊ីម៉ាក់ បានបន្ដថា លោកមិនបានជំទាស់ចំពោះការចេញបំពេញបេសកកម្មជូនជាតិនៅក្រៅប្រទេសនោះទេ ក្នុងកាលៈទេសៈតម្រូវពីថ្នាក់ដឹកនាំ។
លោក បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បាទ! ខ្ញុំមិនមានអ្វីជំទាស់ បើយើងរៀនយកជំនាញនេះ និងមានបទពិសោធន៍ក្នុងខ្លួន ហើយយើងធ្វើតាមជំនាញ វាគ្មានបញ្ហាអ្វីទេ»។
យុវតី ផានីត ជាកូនពៅក្នុងចំណោមបងប្អូន២នាក់ ដែលបងប្រុសក៏ជាអ្នកស្ថិតក្នុងមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងជំនាញកម្ទេចគ្រាប់ (EoD) បាននិយាយទាំងអស់សំណើចចំពោះមតិបងប្អូន មិត្ដភក្ដិលើកឡើងដើម្បីឱ្យកញ្ញាចូលរួមប្រកួតកញ្ញាឯកផ្សេងៗថា កញ្ញាមិនបោះបង់ការងារក្នុងវិស័យសុនខដោះមីនទៅប្រកួតបវរកញ្ញាអីនោះទេ ទោះបីជា នាង ធ្លាប់ស្រមៃតាំងពីក្មេងយ៉ាងណាក៏ដោយ ពីព្រោះ កញ្ញាស្រឡាញ់ការរស់នៅជាមួយសុនខបម្រើការក្នុងវិស័យដោះមីនជាង។
យុវតី ដែលចូលចិត្ដបង្ហោះរូបភាពស្រស់ស្អាតមិនចាញ់តារា បានសារភាពថា៖ «បើសិនមានការបន្ថែមជាអ្នកដើរម៉ូដ ឬការងារសិល្បៈសម្ដែងផ្សេងៗ ខ្ញុំអូខេ។ ខ្ញុំអាចចូលបាន តែបើឱ្យខ្ញុំផ្ដាច់ពីការងារជាអ្នកដោះមីនជាមួយសុខននេះ គឺមិនអាចទេ។ បើខ្ញុំអាចធ្វើការងារជំនាញរបស់ខ្ញុំផង និងអាចធ្វើការងារខាងក្រៅបានផង ខ្ញុំយល់ព្រម បើសិនមានគេហៅទៅថតដើរម៉ូដ និងសម្ដែងអ្វីបាន»។
ក្នុងនាមជាឪពុក ការជ្រើសរើសអាជីពការងារ និងមុខរបរផ្សេងៗ អាស្រ័យលើការសម្រេចចិត្ដរបស់កូន ដែលស្រឡាញ់ និងចូលចិត្ដ ទោះក្នុងវិស័យដោះមីន និងសិល្បៈក៏ដោយ។
លោក សំអឿន បានបន្ថែមថា៖ «នេះវាអាស្រ័យលើទំនោរចិត្ដរបស់សាមីខ្លួនគេ គេធ្វើអ្វី យើងតម្រូវតាមចិត្ដគាត់។ បើគាត់ចង់ធ្វើ ក៏ធ្វើទៅ បើអត់ ក៏អត់ទៅ តាមចំណង់ចំណូលចិត្ដរបស់គាត់»។
យុវតីដែលធ្លាប់ចុះជួយត្រួតពិនិត្យស្ថានភាពដីក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដោយសហការជាមួយកងរាជអាវុធហត្ថ ដែលចែកជូនដីសង្គមកិច្ចដល់យោធិនចូលនិវត្ដន៍រូបនេះ បានឱ្យដឹងថា ចំពោះសុនខធំៗ វាមិនមានក្លិនខ្លួនខ្លាំងនោះទេ តែចំពោះកូនសុនខ ពួកវាចូលចិត្ដលេងប្រឡាក់ប្រឡូក មានលាមកជាប់ខ្លួនផងនោះ ក្លិនរបស់ពួកវាប្រាកដជាស្អុយខ្លាំង។ កញ្ញាស៊ាំនឹងក្លិនរបស់ពួកវាទៅហើយ បើទោះបីជាដំបូងៗ កញ្ញាជាមនុស្សម្នាក់ចាញ់ក្លិនស្អុយនេះខ្លាំងបំផុតក៏ដោយ។
កញ្ញាបន្ដរៀបរាប់អំពីក្ដីស្រឡាញ់សត្វដោយមិនខ្វល់ចំពោះការឆ្លងក្លិនពីសត្វថា៖ «ខ្លួនខ្ញុំ គ្រប់ពេលតែងតែមានក្លិនស្អុយ។ នៅជាមួយឆ្កែ គ្មានភាពក្រអូបទេ ទោះបីជាខំបាញ់ទឹកអប់ពីផ្ទះមកក៏ដោយ។ ពេលត្រឡប់មកផ្ទះ ខ្ញុំដោះខោអាវបោកទៅ ឬពេលខ្លះប្ដូរឈុតមួយផ្សេងទៀត ចាំស្អែកបោកសរុបតែម្ដង។ បើយើងញញើត ខ្ពើមរអើមសត្វឆ្កែ កូនឆ្កែនឹងមិនចេះអ្វីទេ។ ដូច្នេះ ភាពខ្ពើម ភាពរអើម ត្រូវដាក់ម្ខាងសិន»។
កញ្ញា អះអាងថា៖ «ពួកវាមានក្លិនស្អុយក៏ពិតមែន តែសត្វឆ្កែទាំងនោះជាពួកម៉ាកទី២របស់ខ្ញុំបន្ទាប់ពីមនុស្ស។ ពេលខ្លះ ខ្ញុំមានបញ្ហាអត់សប្បាយចិត្ដ ខ្ញុំនិយាយប្រាប់ពួកវា ពួកវាប្រើទឹកមុខមួយមកលួងលោមយើង បើសិនយើងយល់អារម្មណ៍របស់វា។ យើងមានរឿងក្នុងចិត្ដ ដែលមិនចង់និយាយប្រាប់អ្នកដទៃ តែយើងនិយាយប្រាប់សត្វឆ្កែ វាមិនចេះនិយាយបន្ដទៅអ្នកផ្សេងទេ ដោយវាជាសត្វមួយទទួលស្ដាប់គ្រប់រឿងទាំងអស់ និងជួយលួងលោមយើងបានមួយផ្នែកធំ»៕