ភ្នំពេញៈ ​ការចាក​ចេញ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន(GDP) ២រូប គឺលោក​យ៉ង សាំង​កុមារ និង​លោក​ឡឹក សុធារ ទៅចូល​រួម​ជាមួយ​គណប​ក្សប្រជាជន​កម្ពុជា អាច​នឹង​បង្កជា​បញ្ហា ដល់​ការធ្វើ​សកម្ម​ភាព​នយោ​បាយ​របស់​គណ​បក្ស​បក្ស​នេះ។ នេះបើ​តាមការ​លើក​ឡើង​របស់អ្នក​វិភាគ​និង​​អ្នក​ឃ្លាំមើល​មួយ​ចំនួន។

ក្រុម​នេះ​យល់ថា ប្រជាប្រិយ​ភាព​បក្ស GDP មាន​ការ​ធ្លាក់​ចុះ និង​មាន​ដំណើរ​រប៉ាក់រប៉ើក​ទៅ​មុខ ក្នុង​នាម​បក្ស​ជំទាស់​​តូច​មួយ​នៃ​បណ្តា​បក្ស​ជំទាស់​តូចៗ ជាច្រើន​ទៀត​ដែល​មិន​មាន​ឥទ្ធិពលដ​ល់បក្ស​កាន់អំណាចក្នុង​ទី​លាន​នយោ​បាយ​កម្ពុជា។

លោក​យង់ ពៅ អគ្គលេខា​ធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​ជាអ្នក​ជំនាញ​វិទ្យាសាស្រ្ត​នយោបា​យ លើកឡើង​ថា អវត្ត​មាន​នៃលោក​យ៉ង សាំង​កុមារ នឹង​ជះឥទ្ធិពល​ដល់​ប្រជាប្រិយ​ភាព​របស់​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ដោយ​ហេតុ​ថា គណ​បក្ស​នេះទទួល​ប្រជាប្រិយ​ភាព​តាម​រយៈបុគ្គ​លលោ​កយ៉ង សាំងកុ​មារ ឬ លោក​ឡឹក សុធារ​ ផ្ទាល់។

លោក​យង់ ពៅ​ បញ្ជាក់​ថា​៖ «អវត្ត​មាន​នៃ​លោក​យ៉ង សាំងកុមារ​ និង​លោកឡឹក សុធារ​ ដែលជា​សមាជិក​​ស្នូល​នេះ នឹង​ធ្វើឱ្យ​ GDP រងា​ ហើយ​ជាយោបល់​ខ្ញុំ គណបក្ស​នេះគួរ​អនុលោម​តាម​ច្បាប់​និង​លក្ខន្តិកៈ​ដែល​បក្ស​នយោ​បាយ​ខ្លួន​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ​គឺ​ធ្វើសមាជ​ជ្រើស​តាំង​ថ្នាក់​ដឹកនាំថ្មី ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត បើ​សិន​ជាមាន​ឆន្ទៈ​បន្ត។ បើគ្មាន​ឆន្ទៈ​ទេ នឹង​ធ្វើឱ្យអ្ន​កគាំទ្រ​ខ្លួ​នខក​បំណង​ចំពោះ​ដំណើរ​នយោ​បាយ​កន្លង​មក បើ​ទោះ​បីបាត់​បង់​សមាជិក​ស្នូល​ក្តី គួរ​តែ​រក្សាដំណើរ​ការ​បក្ស​ដដែល​»។

អ្នក​ជំនាញ​វិទ្យា​សាស្រ្ត​នយោ​បាយ​រូប​នេះ ផ្តល់គំនិត​ដល់ ​GDP ឱ្យ​រក្សាគោល​នយោ​បាយ​បក្សឱ្យនៅ​ដដែល និ​ង​ធ្វើសមាជ​ជ្រើស​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី ដើម្បី​បន្ត​និរន្តរ​ភាព​និង​ឆន្ទៈ​បក្ស ព្រម​ទាំង​បន្តកៀរ​គរ​អ្នក​គាំទ្រ​ខ្លួន ក្នុង​ដំណើរ​បន្ត​មរតក​នយោ​បាយ​ខ្លួន​ក្នុង​សមរ​ភូមិនយោ​បាយ​កម្ពុជា ជាពិសេស​ដើម្បីត្រៀម​ខ្លួន​ក្នុង​ការ​បោះឆ្នោ​តជាតិ​នា​ឆ្នាំ​២០២៣ ។

លោក​អ៊ូ ច័ន្ទរ័ត្ន សហ​ស្ថាបនិក​នៃ​គណ​បក្ស​កែ​ទម្រង់​កម្ពុជា យល់​ថា ដំណើរ​ការ​ចា​កចេញរប​ស់លោ​កយ៉ង សាំង​កុមារ និង​មនុស្ស​ជំនិត ស្រដៀង​គន្លង​របស់​គណ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ដែរ។ ដំណើរ​ការ​គណ​បក្ស​នេះ​បន្ត​ទៅ​មុខ​នឹង​ជួប​ការ​លំបាក​ជាពិសេស​ការ​ធ្លា​ក់ចុះ​នូវ​ប្រជា​ប្រិយ​ភាព ខណៈ​ប្រជា​ប្រិយភាព​របស់​ថ្នាក់​ដឹក​នាំ​ដទៃ​ហាក់​មិន​សូវ​មាន​ប្រជា​ប្រិយ​ភាព​ខ្ពស់​ឡើយ​។

លោក​អ៊ូ ច័ន្ទ​រ័ត្ន​បញ្ជាក់​ថា​៖«កាល​ណា​មាន​ថ្នាក់​ដឹក​នាំបក្ស​សំខាន់​បាន​ចាកចេញ​ ហើយ​ទៅចូល​ជ្រកជា​មួយ​បក្ស​មួយ​ផ្សេង​ទៀត ចៀសមិន​រួច​ដែល​អ្នក​គាំទ្រ​ខ្លះ មាន​និន្នាការ​គាំទ្រ​លម្អៀង​លើលោក​យ៉ង សាំង​កុមារ អាច​នឹង​លាឈប់ ឬ​បញ្ឈប់​សកម្ម​ភាព ដែលមិន​អាច​ចៀស​រួច​ទេ ដែល​អាច​នឹង​ខក​ចិត្តហើយ​ចាក​ចេញពី​គណ​បក្ស​ហ្នឹង​[ GDP] ដែល​នឹង​ប៉ះពាល់​ដល់​ដំណើរ​ទៅមុខ​របស់​បក្ស​» ។

លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែល​ជាអ្នក​នយោបាយ​មាន​បទពិសោធន៍​ក្នុង​ឆាក​នយោ​បាយកម្ពុជា ផ្តល់​យោបល់​ដល់​ GDP គិត​គូររួប​រួម​ជាមួយ​បណ្តាគ​ណបក្ស​ជំទាស់​ដទៃទៀ​ត ដែល​មាន​និន្នានា​រស្រប​នឹង​គណ​បក្ស​ខ្លួន ដើម្បី​ពង្រឹង​ជំហ​បក្ស​នៅ​ចំពោះ​មុខ​ភាព​មិន​ប្រាកដ​ប្រជា​នេះ​។ លោក​ថា បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​មិន​គួរ​នៅ​ឈរ​តែឯ​ង​ឡើយ​។

លោក​ រ៉ូ វណ្ណៈ សាស្ត្រា​ចារ្យវិទ្យា​សាស្ត្រ​នយោ​បាយ លើក​ឡើង​ពីទ្រឹស្តី​នយោ​បាយ​តាម​ការ​សង្កេតជារួម​ថា ដំណើរ​រប​ស់​ GDP ដែល​ស្ថិត​ក្នុង​ចរន្ត​នយោ​បាយ​ខ្មៅនិង​ស ហើយ​បែរជាតាំង​ខ្លួន​ជាពណ៌​ប្រផេះបែប​នេះ ​ឬ​មិន​ចំស មិន​ចំខ្មៅ វា​នឹង​គ្មាន​លទ្ធផល​ល្អឡើយ​។

លោក​ រ៉ូ វណ្ណៈ មើល​ឃើញ​ពីទំនោរ​នយោ​បាយ​ជាសន្យា​នុម័ត ធៀប​នឹង​ទ្រឹស្តីយុ​ទ្ធសាស្រ្តន​យោបាយ​ដូច្នេះ​ថា៖​«ក្នុង​ការវិវ​ត្តនយោបាយ​១០​ឆ្នាំចុ​ង​ក្រោយ ខ្ញុំ​សង្កេ​ត​ឃើញពីការ​វិវត្ត​ទៅ​រក​នយោ​បាយ​ទ្វេ​បក្ស ជា​ពិសេស​លទ្ធផល​បោះឆ្នោត​២០១៣​ និង​អាច​ឆ្នាំ​២០២៣ ដែល​គណ​បក្ស២​នឹង​តំណាង​នៅ​ក្នុង​រដ្ឋ​សភា។ ក្នុង​ទំនោរ​បែប​នេះ GDP ដែល​មាន​បំណង​ចង់​ក្លាយ​ជាប៉ូល​នយោ​បាយ​មួយ​ទៀត ក្រោម​ស្លាក​គណ​បក្ស​ដែល​បង្កើ​ត​ដោយ​បញ្ញាវន្ត បរាជ័យ​តាំង​ពីដើ​មទី​ ដោយសារ​បង្កើត​ឡើង​និ​ងចូល​រួម​បោះឆ្នោត​ឆ្នាំ​២០១៨មិន​ត្រូវ​ចំកាល​វេលា​ផង ខ្វះ​ស្ថិរភាព​ធន​ធាន​ហិរញ្ញវត្ថុ​ផង ដែល​បញ្ច្រាស​នឹង​ទំនោរ​របស់​មហា​ជន​ផង​»។

ចំណែក​លោក​មាជ សុវណ្ណា​រ៉ា អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមើល​មើល​ថា ជោគវា​សនា​របស់​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​នឹង​ចុះខ្សោយ​ឥទ្ធិពលក្នុ​ងឆាក​នយោបាយ​កម្ពុជា ព្រោះ​អវត្ត​មាន​នៃ​សហស្ថាប​និក​ដ៏សំខាន់​របស់​ខ្លួន នឹ​ង​នាំ​ដល់​ការ​បាត់​បង់​ទំនុក​ចិត្ត​ពីអ្នក​គាំទ្រ​ខ្លួន​មួ​យ​ចំនួន​នៅ​ចំពោះ​មុខ​នៃការ​ចុះ​ចូល​នៃថ្នាក់​ដឹកនាំ​បក្ស​ខ្លួ​នជាមួយ​គណ​បក្ស​កាន់​អំណាច ដើម្បី​ទទួល​បាន​មុខ​តំណែង​កំពូល​ក្នុង​ជួរ​រដ្ឋា​ភិបាល​។

ក្រោយ​ពី​ទៅ​ចូល​រួម​ជាមួយ​គណ​បក្ស​កាន់​អំណាច លោក យ៉ង សាំងកុមារ​ ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែង​តាំង​ជារដ្ឋ​មន្ត្រី​ប្រតិ​ភូអ​មនាយករ​ដ្ឋមន្ត្រី និង​ជារដ្ឋ​លេខាធិ​ការ ក្រសួង​កសិកម្ម ខណៈ​លោក ឡឹក សុធារ ត្រូវ​តែងតាំង​ជាអនុរដ្ឋ​លេខា​ធិការ​ក្រសួង​កសិ​កម្ម ​៕