ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​អភិបាល​រាជធានី​-ខេត្ត​ទាំង​អស់ បន្តការ​ប្រើប្រាស់​នូវ​អំពូល​វៃឆ្លាត ដោយ​បញ្ជា​ទិញ​ពីរោង​ចក្រ​ក្រុម​ហ៊ុន មីនី​បៀ ដើម្បី​បំពាក់​នៅតាម​ដង​ផ្លូវ​នានា​ ដើម្បី​គាំទ្រ​ដល់​ក្រុម​ហ៊ុន​ឱ្យ​មាន​ដំណើការ​ទៅមុខ​ទៀត និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អគ្គិ​សនី។​

លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​នៅ​ក្នុង​ពិធី​អញ្ជើញ​ជាអធិបតី​ប្រារព្ធ​ខួប​១១​ឆ្នាំ នៃ​ប្រតិបត្តិ​ការ​របស់ក្រុម​ហ៊ុនមីនេ​បៀរ​បស់​ជប៉ុន​នៅ​កម្ពុជា​នាថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ​២០២២ ​ថា តាម​រយៈ​ផ្លូវដ៏វែង​ឆ្ងាយ​ បើមិន​មាន រថ​យន្ត​ឆ្លង​កាត់​ទេ អំពូល​បំភ្លឺ​ភ្លើង នេះ​អាច​ចូល​រួម​កាត់​បន្ថយ​ពន្លឺ។ ការនេះ​ នឹង​ធ្វើ​ឱ្យកាត់​បន្ថយ​ការប្រើ​ប្រាស់​អគ្គិសនី​ផង​ដែរ​ ។​

ជាមួយ​គ្នា​នេះ លោក នាយក​រដ្ឋ​មន្ត្រី ក៏បាន​ប្រាប់ លោក កែវ រតនៈ ប្រធាន​អគ្គិស​នី​កម្ពុជាឱ្យនាំ​ក្រុម​ហ៊ុន​មីនេបៀ​ទៅ​ពិនិត្យ​លទ្ធ​ភាព​បង្កើត​រោង​ចក្រ​នៅ​ខេត្ត​ពោធិ៍សាត់​ផង​ដែរ​។ ​

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន កោត​សរសើរ​ភាព​សុខ​ដុម​រវាង​រោងចក្រមី​នេបៀ និង​កម្មករ​រោង​ចក្រ ដោយ​មិន​ដែល​មាន​ផ្ទុះបាតុ​ភាព​អ្វីទាំង​អស់​ជាមួយ​កម្មក​រ។ ភាព​សុខដុម​នៅក្រុម​ហ៊ុន​មីនេបៀ ជាបទ​ពិសោធន៍​ល្អ​នៃការ​គ្រប់​គ្រ​ង។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តព្រះ​សីហនុ បាន​ប្រាប់​នៅ​ថ្ងៃទី​១ ខែធ្នូ ​ថា កន្លង​មក​នេះ ក្រុម​ហ៊ុន មីនេ​បៀបាន​បំពាក់​អំពូល​វៃឆ្លាត​ជាច្រើន​ពាន់​អំពូល​នៅ​តាម​គម្រោង​ផ្លូវ ៣៤ ខ្សែ ដែល​រាជ​រដ្ឋាភិបាល​បាន​សាង​សង់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ និង​នៅតាម​បណ្តា​ផ្លូវ​សំខាន់​ផ្សេង​ទៀត ។​

លោក​បន្ត​ថា ៖ «រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ និង​ក្រុម​ហ៊ុន​នេះ ក៏មាន​កិច្ចព្រម​ព្រៀង​ដាក់ឱ្យ​ដំណើរការ និង​ថែទាំ​អំពូល​វៃឆ្លាត​បំភ្លឺ​ផ្លូវ​សាធា​រណៈ​ក្នុង​ក្រុង​ព្រះសី​ហនុ ដើម្បី​ជំរុញ​ប្រែក្លាយ​ឱ្យទៅជាទី​ក្រុង​វៃ​ឆ្លាត​ផង​ដែរ​»។ ​

ក្រុម​ហ៊ុន​មីនី​បៀជា​ក្រុម​ហ៊ុន​ដ៏ធំមួយ​របស់​ជប៉ុន ដែល​បាន​ចូល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ ដោយ​ផលិត​ជាម៉ូទ័រ​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។

បច្ចុប្បន្ន​ក្រុម​ហ៊ុន​មាន​ផលិត​អំពូល LED និង​សម្ភារ​ក្មេង​លេង​កម្សាន្ត​ផង​ដែរ។​ ក្រុម​ហ៊ុនធ្លាប់​បាន​បញ្ជាក់​ថា នៅឆ្នាំ​២០១៩ ទុន​វិនិយោគ​របស់​ក្រុម​ហ៊ុន​នៅ​កម្ពុជា មាន​រហូត​ដល់​ទៅ ៤០០លាន​ដុល្លារ​អាមេ​រិក និង​ផ្តល់​ការងា​រ​ជូ​នព​លរដ្ឋខ្មែរ​បាន​ជាង ៦​ពាន់​នាក់​។​

បច្ចុប្បន្ន​ក្រុម​ហ៊ុន​នេះ បាន​ដាក់​ទុន​វិនិយោគ​សរុប​រហូត​ដល់ ១,១២៤​ពាន់​លានយេន ស្មើនឹង​ជាង ៨ពាន់​លាន​ដុល្លារ នៅ ៩៥​កន្លែង​ទូទាំង​ពិភព​លោក​៕