​ភ្នំពេញៈ លោក​ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានផ្ដល់​បទ​​សម្ភាសន៍​ដល់​ភ្នំពេញ​ប៉ុ​ស្តិ៍្ត​ពី​កិច្ចខិតខំ​ប្រឹងប្រែង ជួសជុល​ស្ដារឡើងវិញ​នូវ​ប្រាសាទបុរាណ​។​

តើ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​ជា​យុទ្ធសាស្ត្រ​យ៉ាងណា ដើម្បី​បន្ត​គាំ​​ទ្រ និង​លើកកម្ពស់​វិស័យ​វប្បធម៌ និង​ទេសចរណ៍​នៅ​តំបន់​អង្គរវត្ត​?

​ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​​ជាតិ​អប្សរា គឺ​ប្រែក្លាយ​តំបន់​អង្គរ​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព​។ ដោយ​ត្រូវធ្វើ​ការផ្ដោត​ជាសំខាន់​ទៅ​លើ​ការផ្ដល់​ទំនុកចិត្ត និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​តំបន់​រមណីយដ្ឋាន​អង្គរ​។ ក្នុងនោះ​រួមមាន ការផ្ដល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ការ​រៀបចំ​ផ្លូវ​ទស្សនាចរណ៍ និង​ផែនទី​បង្ហាញផ្លូវ ការរៀបចំ​សន្តិសុខ សណ្ដាប់​​ធ្នាប់​សាធារណៈ ក៏ដូចជា​ការយកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​សុខភាព និង​អនាម័យ ជូន​ដល់​ភ្ញៀវទេសចរ ជាដើម​។

​ឧទាហរណ៍​ថា ភ្ញៀវ​ដែល​ចូលមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​យើង ពួកគាត់​ភ្លេច ឬ​ជ្រុះ​បាត់​របស់​មួយចំនួន ដូចជា​កាបូប​លុយ​ជាដើម នៅ​កន្លែង​ណាមួយ​នោះ យើង​ចាំបាច់​ត្រូវ​ជួយ​ស្វះ​​ស្វែងរក​ឱ្យឃើញ និង​ប្រគល់ជូន​ដល់​ពួកគាត់​វិញ ដោយ​ធានា​មិនឱ្យ​មានការ​បាត់បង់​របស់ទ្រព្យ ដែលមាន​នៅក្នុង​កាបូប​នោះ​។

​ក្នុងករណី​មាន​ភ្ញៀវ​ណា​ម្នាក់ គាត់​មាន​បញ្ហា​សុខភាព ដូចជា​វិលមុខ ឬ​ក្អួតចង្អោរ ដោយ​ប្រការ​អ្វីមួយ​នោះ គឺ​យើង​ចាំបាច់​ត្រូវធ្វើ​ការជួយ​​សង្គ្រោះ​បឋម ដើម្បីឱ្យ​ភ្ញៀវ​របស់​យើង​គាត់​មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ ហើយ​ក្នុងករណី​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ យើង​ចាំបាច់​ត្រូវ​អន្តរាគមន៍​បញ្ជូន​ភ្ញៀវ​ដែលមាន​ជំងឺ​នោះ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជាបន្ទាន់ ដោយ​គ្មាន​ការ​​រើសអើង​។ ទាំងនេះ​គឺជា​ការពង្រឹង​នូវ​ទំនុកចិត្ត និង​សេវាកម្ម​របស់​យើង​ជូន​ដល់​ភ្ញៀវទេសចរ ហើយ​កន្លងមក ក្រុម​ការងារ​របស់​យើង​បាន​អនុវត្ត​គោល​ការណ៍​ជា​យុទ្ធសាស្ត្រ​នេះ​បាន​យ៉ាង​ល្អ​ប្រសើរ និង​ទទួលបាន​ការគាំទ្រ​ប្រកប​​ដោយ​មោទនភាព​ពី​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។

​ក្រៅពីនេះ ត្រូវ​រៀបចំ​បរិក្ខារ​ទេសចរ​ណ៍ សម្រាប់​ផ្គត់ផ្គង់​ដល់​សេវាកម្ម​ទេសចរណ៍​ឱ្យមាន​ភាពល្អ​ប្រ​សើរ ដូចជា​ការរៀបចំ​ផ្លូវ​ទស្សនាចរណ៍​និង​ផែនទី​បង្ហាញផ្លូវ ប្រកបដោយ​សុវត្ថិ​ភាព និង​សុក្រឹតភាព ក្នុងនោះ​ត្រូវ​រៀប​ចំ​ក្រាល​ក្ដារ​ឱ្យបាន​រឹងមាំ​នៅលើ​ផ្លូវ​ថ្មើរ​​ជើង ស្ពាន ជណ្ដើរ​ឡើង​ប្រាសាទ និង​ច្រកចូល​ប្រាសាទ ធ្វើយ៉ាងណា​ឱ្យមាន​សុវត្ថិភាព និង​ភាព​ទាក់ទាញ​ដល់​ទេសចរ ដែល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង​។

​ទន្ទឹមនឹងនោះ យើង​ត្រូវ​ពង្រឹង​ស្ដង់ដា​គុណភាព និង​សេវា​កម្ម​នៅក្នុង​ភោជនីយដ្ឋាន ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង ម្ហូបអាហារ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ មានការ​តុបតែង​លម្អ​តាម​លក្ខណៈ​ខ្មែរ ប្រកបដោយ​អនាម័យ និង​មានតម្លៃ​សមរម្យ និង​ត្រូវមាន​ភាពរួស​រាយ ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ យល់ថា អ្វីៗ​ទាំងអស់​ស្ថិតនៅក្នុង​ស្ដង់ដា​មួយ​ដែល​អាច​ទទួលយកបាន​។

​បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បានសម្រេច​ជោគជ័យ​ជា​បន្តបន្ទាប់ និង​កំពុង​ពង្រីក​បន្ថែម​នូវ​ផលិតផល​ទេស​ចរណ៍​មួយចំនួន សម្រាប់​ផ្ដល់ជូន​ភ្ញៀវ​ទេសចរ ដូចជា​ការរៀបចំ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ជិះទូក​កម្សាន្ត​ពី​ប្រាសាទព្រះខ័ន​ទៅ​ប្រាសាទនាគព័ន្ធ និង​ការរៀបចំ​ផ្លូវ​ជិះ​កង់​ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ធ្វើដំណើរ​ដោយ​ជិះ​កង់​កម្សាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ និង​កំពុង​រៀបចំ​ទីតាំង​សម្រាប់​ផ្ដល់ឱកាស​ឱ្យ​ភ្ញៀវទេសចរ បាន​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​នៅតាម​តំបន់​ប្រាសាទ​មួយចំនួនទៀត​ក្នុង​រមណីយដ្ឋាន​អង្គរ ព្រោះ​ជាទូទៅ ពួកគេ​ច្រើន​ប្រមូលផ្ដុំ​គ្នា​មើល​ថ្ងៃ​រះ និង​ថ្ងៃ​លិច​តែ​នៅ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទភ្នំបាខែង​។​

តើ​បច្ចុប្បន្ន​សម្ទុះ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលមក​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​មានការ​ប្រែប្រួល​យ៉ាងណា​? សម្រាប់​ទេសចរ​បរទេស តើ​មាន​មកពី​ប្រទេស​ណាខ្លះ ហើយ​មកពីណា​ច្រើនជាងគេ ?

​បើ​និយាយ​អំពី​សម្ទុះ​ភ្ញៀវទេសចរ ចូលមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង​នាពេល​បច្ចុប្បន្ន គឺមាន​ការកើនឡើង​ច្រើន​គួរឱ្យកត់សម្គាល់ បើទោះជា​នៅ​មិនទាន់​ច្រើន​កុះករ​ដូច​កាលពី​ឆ្នាំ ​២០១៩ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ដែល​កម្ពុជា និង​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​កំពុង​ជួប​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​ ដ៏​ខ្លាំងក្លា​នោះ គឺ​បច្ចុប្បន្ន​សម្ទុះ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង​មាន​ចំនួន​ច្រើន​ឡើងវិញ​ហើយ ជាពិសេស​ចំនួន​ទេសចរ​ក្នុងស្រុក​។ ដោយឡែក​ទេសចរ​បរទេស​ក៏មាន​ការ​ហូរ​ចូល​ច្រើន​ដែរ ប៉ុន្តែ​ត្រង់​ថា​មាន​ប៉ុន្មាន និង​មកពី​ប្រទេស​ណាខ្លះ ហើយ​មកពី​ប្រទេស​ណា​ច្រើនជាងគេ​នោះ គឺ​ខ្ញុំ​មិន​បានដឹង​ច្បាស់​ទេ​។ ព្រោះ​ទិន្ន​​ន័យ​នេះ​គឺ ខាង​គ្រឹះស្ថាន​អង្គរ​ជា​អ្នក​គ្រប់គ្រង​។

​តើ​អ្នកទេសចរ​ដែល​មក​ទ​ស្សនា​តំបន់​ប្រាសាទ​អង្គរ ជាទូទៅ​ពួកគេ​មាន​អារម្មណ៍​យ៉ាងដូចម្ដេច​? ហើយ​មានការ​ចូលរួម​លើកកម្ពស់​បរិ​សា្ថ​ន​ធម្ម​​ជាតិ​ក្នុង​តំបន់​អង្គរ​កម្រិតណា​?

​ជាទូទៅ​ភ្ញៀវទេសចរ មានចិត្ត​សោម​​នស្ស​រីករាយ នៅពេល​បាន​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ជាពិសេស នៅពេល​ពួកគេ​បានឃើញ​បរិស្ថាន​ធម្មជាតិ​នៅក្នុង​តំបន់​អង្គរ ដ៏​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ​តូច ធំ មាន​ក្បាច់រចនា​ល្អឥតខ្ចោះ និង​មាន​ជីវចម្រុះ​គ្រប់​ប្រភេទ ដុះ​លម្អ​ដ៏​ល្អ​ស្រស់បំព្រង និង​ប្រកបដោយ​ផាសុកភាព​។

​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង គឺមាន​ក្រុមការងារ​តាម​ផ្នែក​នីមួយៗ ដ៏​មាន​ជំនាញ​យ៉ាង​ប៉ិនប្រសប់ ក្នុងនោះ​មាន​ក្រុម​មគ្គុទេសក៍​ទេសចរណ៍ ដែលមាន​ចំណេះដឹង និង​ការសិក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ក្បាច់រចនា​នៃ​ចម្លាក់​តាម​ប្រាង្គ​ប្រាសាទ​នីមួយៗ​យ៉ាង​ស្ទាត់ជំនាញ ខណៈ​ក្រុម​សម្អាត​អនាម័យ​បរិស្ថាន មាន​តួនាទី​អប់រំ​អ​នា​ម័​យ ដល់​ភ្ញៀវទេសចរ ឱ្យ​យល់​ពី​គុណ​តម្លៃ​នៃ​អនាម័យ និង​បរិស្ថាន និង​ជា​អ្នកប្រមូល​សំរាម វេច​ខ្ចប់​ទុកដាក់​យ៉ាង​មាន​របៀបរៀបរយ​។

​ទន្ទឹមនឹងនេះ​យើង​ក៏មាន​ក្រុមការងារ​ថែទាំ​ដាំ​ដើមឈើ ដែលមាន​តួនាទី​ថែទាំ ការពារ អភិរក្ស និង​ដាំ​ដើមឈើ​ចម្រុះ​ប្រភេទ​ជាច្រើន​ទៀត​នៅក្នុង​បរិវេណ​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ​។ បច្ចុប្បន្ន​ក្រុមការងារ​យើង បាន​ដំឡើង​ប្រព័ន្ធ​ស្រោចស្រព​ទំនើប​កម្ម​ស្វ័យប្រវត្តិ ដើម្បី​ស្រោច​សួន​ស្មៅ​​អង្គរ ដែល​កន្លងមក​តែងតែ​ក្រៀម​ស្វិត នៅក្នុង​រដូវក្ដៅ​នោះ ឱ្យមាន​ពណ៌​បៃតង​ស្រស់​គ្រប់​រដូវ​កាល​។

​តាមរយៈ​ការផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​របស់​ក្រុមការងារ​យើង​តាម​ផ្នែក​នីមួយៗ ឃើញថា បច្ចុប្បន្ន ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ដែល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ពួកគេ​មានការ​យល់ដឹង​ខ្ពស់​ពី​គុណ​តម្លៃ​នៃ​វប្បធម៌ និង​បរិស្ថាន​អនាម័យ​យ៉ាង​ទូលំ​ទូលាយ និង​បាន​ចូលរួម​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​យើង ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​នៃ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ របស់​យើង​ប្រកបដោយ​ក្ដី​សោម​នស្ស​រីករាយ យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម ដោយសារ​នៅក្នុង​តំបន់​ប្រាសាទ​អង្គរ មាន​សួន​រុក្ខជាតិ​មាន​ដើមឈើ​ជាង​ ៥០០​ ប្រភេទ និង​សត្វព្រៃ​ដ៏​សម្បូរបែប​ជាច្រើន​ប្រភេទ​ទៀត​។​

តើ​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់​ទទួល​បានការ​ទិតៀន ឬ​ការប្ដឹងតវ៉ា​ពី​ភ្ញៀវទេសចរ ដែរឬទេ ហើយ​ដោះស្រាយ​បែបណា​?

​ជាការ​ពិត ក្រុមការងារ​យើង ក៏បាន​ទទួល​ការស្ដីបន្ទោស​ផងដែរ​ពី​ទេសចរ​រងគ្រោះ និង​ក្រុម​ជន​ឱកាសនិយម​មួយចំនួន ដែល​កេងចំណេញ​ពី​សកម្មភាព​ដ៏​អាក្រក់​របស់​សត្វ​ស្វា​នៅ​តំបន់​អង្គរ​។ ករណី​អវិជ្ជមាន​ទាំងនេះ បច្ចុប្បន្ន​ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ ដោយ​ក្រុមការងារ​យើង បាន​ចាត់វិធានការ​ដកហូត​សត្វ​ស្វា​ដែល​កាច និង​ខិលខូច​ទាំងនោះ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​អស់ហើយ​។

តើ​អាជ្ញាធរ​ជាតិ​អប្សរា មានការ​រំពឹងទុក​ថា ចំនួន​ភ្ញៀវទេសចរ នឹងមាន​កំណើន​កើន​ឆាប់រហ័ស​ឡើងវិញ​ទេ​?

​យោងតាម​ស្ថានភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ននេះ យើង​មាន​ភាព​សុ​ទិដ្ឋិ​​និយម​ថា ចំនួន​ទេសចរ ចូលមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​យើង នឹងមាន​ការកើនឡើង​យ៉ាង​ឆាប់​រហ័ស​ឡើងវិញ ដូច​កាលពី​មុនពេល​មិនទាន់មាន​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ ព្រោះ​ដូចដែល​យើង​បានឃើញ​ហើយ បន្ទាប់ពី​គ្រប់​ប្រទេស​នៅលើ​ពិភពលោក បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ ប្រជា​ជន​មានចិត្ត​អរ​សប្បាយ ហើយ​គ្រប់គ្នា មានចិត្ត​អន្ទះសា​ចង់តែ​ដើរ​កម្សាន្ត ដើម្បី​កាត់បន្ថយ​អារម្មណ៍​តានតឹង និង​ភាព​តប់ប្រមល់ ដោយសារ​ជំងឺ​កូ​វីដ​ ១៩ ដែល​ពួកគេ​មិនអាច​ចេញ​ដើរ​កម្សាន្ត​សប្បាយ​បាន​ទាល់តែសោះ​នៅក្នុង​រយៈ​ពេល ​២​ ឆ្នាំ កន្លងមកនេះ​៕