​ភ្នំពេញៈ លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន បានធ្វើការ​អំពាវនាវ​សាជាថ្មី​ម្តងទៀត ទៅដល់​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្មការិនី​នៅ​ទូទាំងប្រទេស ឱ្យ​បន្ត​ប្រយុទ្ធ​ជាមួយនឹង​កូ​វីដ​ ១៩ ​ទៀត ដោយសារ​ជំងឺ​នេះ​មិនទាន់​ទៅណា​ឆ្ងាយ​ទេ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ ៣ ​ការ​ពារ និង ​៣ ​កុំ​។​

​លោក​បាន​ថ្លែង​ដូចនេះ​នា​ព្រឹក​ថ្ងៃទី​ ១ ខែធ្នូ ក្នុង​ពិធី​ប្រារព្ធ​ខួប​ ១១​ ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​មី​នេ​បៀ របស់​ជប៉ុន នៅ​កម្ពុជា ដោយ​លោក​បានបញ្ជាក់​ផងដែរ​ថា លោក​ទើបតែ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ ​១៩ ​ប្រភេទ​អូ​មី​ក្រុង ដែល​ដំបូង​ឡើយ​លោក​ក៏​បារម្ភ​ពី​វីរុស​កូ​វីដ​ប្រភេទ​អាល់​ហ្វា និង​ដែល​តា ដែល​អាច​កើតមាន​ឡើងវិញ​ផងដែរ​។​

​លោក ហ៊ុន សែន មាន​ប្រ​សាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​មានការ​​អរគុណ​ដែល​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី ទទួលយក​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​តាមរ​យៈ វិធានការ​ ៣ ​កុំ និង​ ៣ ​ការពារ ហើយ​ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទាំងអស់ បន្ត​ប្រយុទ្ធ​ជាមួយនឹង​កូ​វីដ ​១៩ ​ទៀត ដោយសារ​ជំងឺ​នេះ មិនទាន់​ទៅណា​ឆ្ងាយ​នោះទេ វា​នៅក្បែរៗ​យើង​នៅឡើយ ប៉ុន្តែ​បើ​យើង​ចេះ​ការពារ​ខ្លួន​នឹង​មិនមាន​បញ្ហា​នោះឡើយ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បានលើកឡើង​ដែរ​ថា មកដល់ពេលនេះ វិធានការ ៣ ​កុំ និង​ ៣ ​ការពារ ពិតជា​ពិបាកធ្វើ ប៉ុន្តែ​បើ​គ្រប់គ្នា​ប្រឹងប្រែង​ធ្វើ​នោះ នៅតែ​អាចធ្វើ​ទៅបាន ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់ដែរថា វិធានការ ៣​ ការពារ​នៅតែមាន​លទ្ធភាព​ធ្វើ គឺ​ពាក់​ម៉ាស់ លាងដៃ និង​រក្សា​គម្លាត ហើយ​ទាក់​ទិន​នឹង​វិធានការ​ ៣ ​កុំ​នោះ​គឺ​ពិបាក​បន្តិច​នៅពេលដែល​ស្ថានភាព​កូ​វីដ ​១៩​ មាន​ភាព​ធូរស្បើយ​ឡើង​។​

​នាឱកាស​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ថ្លែងថា​៖ «​នៅពេល​ខ្ញុំ​ដឹងថា មាន​វិជ្ជមាន​កូ​វីដ​ ១៩ ខ្ញុំ​ក៏​បារម្ភ​ដែរ ថា​តើ​វា​អាច​វិល​ទៅរក​ប្រភេទ​អាល់​ហ្វា និង​ដែល​តា​វិញ​ទេ​? ចំណុច​នេះ​គឺជា​ចំណុច​ដែល​ពេទ្យ​ត្រូវ​ចាប់​ផ្តើម​ពិនិត្យ​សួត និង​ពិនិត្យ​សព្វ​​បែបយ៉ាង​ទាំងអស់ ដើម្បី​ការពារ​ធ្វើយ៉ាងណា​កុំឱ្យ​វា​វាយ​មកលើ​សួត ប៉ុន្តែ​វីរុស​កូ​វីដ​ ១៩ ​ប្រភេទ​អូ​មី​ក្រុង មិនសូវ​ជា​ធ្ងន់​​ធ្ង​រ​ពេក​ទេ​»​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅពេលដែល​គ្រប់គ្នា​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩​ពេញលេញ​ហើយ នៅពេលដែល​ឆ្លង វា​មិន​នាំទៅដល់​ភាព​ធ្ងន់ធ្ងរ ឬ​មានការ​ស្លាប់​នោះដែរ​។​

​ទាក់ទង​នឹង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩​ នេះដែរ លោក ហ៊ុន សែន បាន​ថ្លែង​ឡើង​នាពេល​នោះដែរ​ពី​ការមើល​​ស្រាល និង​ការប្រមាថ​ពី​បណ្តា​ប្រទេស​អ្នកមាន​មួយចំនួន​មកលើ​ប្រព័ន្ធ​សុខាភិបាល​របស់​កម្ពុជា​។ កាលពី​កម្ពុជា​ចាប់​ផ្តើម​មានការ​ឆ្លង​មេរោគ​កូ​វីដ​ ១៩ ​ដំបូង​ត្រូវបាន​សារព័ត៌មាន​នៃ​ប្រទេស​អ្នកមាន​មួយចំនួន​សរសេរ​បន្តុះ​បង្អាប់​ប្រទេស​កម្ពុជា​ខ្លាំងណាស់ រួម​នឹងមាន​ប្រទេស​មួយចំនួនទៀត​ដូចជា​ឡាវ មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស និង​ប្រទេស​មួយចំនួនទៀត​ដែល​ត្រូវបាន​ប្រទេស​អ្នកមាន​ប្រមាថ​ពី​ប្រព័ន្ធ​សុខាភិបាល​ទន់​ខ្សោយ​។

​ប៉ុន្តែ​នៅពេលនេះ អ្នក​ដែល​ធ្លាប់បាន​សរសេរ​ព័ត៌មាន​ប្រមាថ​មកលើ​កម្ពុជា ទាក់ទិន​នឹង​ការគ្រប់គ្រង​កូ​វីដ​ ១៩ តើ​ពួកគេ​មាន​វិប្បដិសារី​ឬ​អត់​? នេះ​ជាការ​ចោទសួរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ ដោយ​លោក​បាន​បន្តថា បញ្ហា​គ្រប់គ្រង​កូ​វីដ​ ១៩ មិនមែន​សំដៅលើ​បញ្ហា​ប្រព័ន្ធ​សុខា​ភិ​បាល​ជឿនលឿន​ឬ​ប្រព័ន្ធ​សុខាភិបាល​អន់​ខ្សោយ​នោះទេ​។

​លោក ហ៊ុន សែន មាន​ប្រ​​សាសន៍​ថា​៖ «​ការប្រយុទ្ធ​ជា​​មួយ​នឹង​សត្រូវ​មើលមិនឃើញ គឺជា​ការប្រយុទ្ធ​មួយ​ដ៏​លំបាក ដែល​ទាមទារ​ឱ្យ​យើង​ធ្វើការ​ជា​​មួយ​មនុស្ស មិនមែន​ធ្វើការ​ជា​​មួយ​ម៉ាស៊ីន​នោះទេ​។ ដោយ​​សារ​យើង​មាន​ភាពទន់ខ្សោយ​ខាង​ផ្នែក​ប្រព័ន្ធ​សុខាភិបាល តម្រូវឱ្យ​យើង​ធ្វើការ​ជាមួយ​មនុស្ស ហើយ​ប្រជាពលរដ្ឋ​របស់​យើង​បាន​អនុវត្ត​វិធាន​ការការពារ​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​»​។​

​យោងតាម​ក្រសួង​សុខា​ភិ​បាល បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១ ខែធ្នូ ចំនួន​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​មាន​ចំនួន ១៣៨ ១០៦ ​នាក់ ចំណែក​អ្នកជា​​សះស្បើយ​សរុប ១៣៤ ៩៩២ នាក់ និង​ស្លាប់​សរុប ៣ ០៥៦ នាក់​។

​លោកស្រី ឱ វណ្ណឌី​ន អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បានធ្វើការ​ក្រើនរំឭក​ជាថ្មី​ម្តងទៀត​ផងដែរ ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បន្ត និង​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​​ពេល​បុណ្យ​ណូអែល និង​ពេល​ឈប់សម្រាក​ក្នុងឱកាស​ចូល​ឆ្នាំ​សកល ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ​។​

​លោកស្រី​ឱ វណ្ណឌី​ន ថ្លែង​ទៀតថា​៖ «​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវឱ្យ​បន្ត​ការការពារ និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុងពេល​បុណ្យ​គ្រី​ស្មាស់ និង​ថ្ងៃ​ឈប់សម្រាក​ក្នុងឱកាស​ចូលឆ្នាំ​សកល ឆ្នាំ​ ២០២៣ ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ​»​។​

​ប្រធាន គ​.​វ​.​ក​ ១៩ រូបនេះ ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់គ្នា​ត្រូវ​បន្តទៅ​ទទួល​ការចាក់ វ៉ាក់សាំង​កូ​វីដ​ ១៩ ​ឱ្យបាន​គ្រប់​ដូ​ស ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស ជំរុញ ដែលមាន​ដូ​ស​ទី​ ៣ ដូ​ស​ទី​ ៤ និង​ដូ​ស​ទី​ ៥ ដើម្បី​ពង្រឹង​កងការពារ​ខ្លួន និង​ពង្រឹង​ភាពស៊ាំ​សហគមន៍ ដើម្បី​បន្ត​ចៀស​ផុតពី​គ្រោះមហន្តរាយ សុខ​ភាព​សាធារណៈ និង​បន្ត​និរន្ត​ភាព​នៃ​ការរស់នៅ​ធម្មតា តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​យោងតាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ លទ្ធផល​ចាក់​វ៉ា​ក់​សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ​១៦ ​លាន​នាក់ មាន ៩៥,១៨%​។​

​ក្រសួងសុខាភិបាល​បាន​បន្តថា សម្រាប់​អត្រា​ចាក់​ដូ​ស​ទី​ ៣ មាន​ចំនួន ជាង​ ១០​ លាន​នាក់ ដូ​ស​ទី​ ៤ បាន​ចំនួន​ជាង ៤,៦​ លាន​នាក់ និង​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ​ដូ​ស​ទី​ ៥ មាន​ចំនួន​ជាង​ ១ ​លាន​នាក់​ផង​ដែរ​នៅ​ទូទាំងប្រទេស​៕​