​ភ្នំពេញៈ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បានចាត់ទុក​សកម្មភាព​រាជ​រដ្ឋា​ភិ​បាល ចែក​ស្រូវពូជ​ជូន​កសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ជួយ​ស្តារ​ផលិតកម្ម​ស្រូវ​ឡើងវិញ​ថា​ ជា​ចំណែក​ដ៏​សំខាន់​មួយ​សំដៅ​បន្ត​ធានា​ដល់​សន្តិ​សុខ​ស្បៀង​។​

​តាមរយៈ​កិច្ចប្រជុំ​ក្រុម​ការ​​ងារ​បច្ចេកទេស​ចម្រុះ វិស័យ​សន្តិសុខ​ស្បៀង និង​អាហា​រូប​ត្ថ​ម្ភ កាលពី​ថ្ងៃទី​ ​៣០ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​លើកឡើងថា កម្ពុជា​បាន​អភិវឌ្ឍ​ខ្លួន​ចេញពី​ប្រទេស​ដែល​ខ្វះ​ស្បៀង​មកជា​ប្រទេស​កសិកម្ម​កាន់តែ​ទំនើប មាន​សន្តិសុខ​ស្បៀង​កាន់តែ​រឹងមាំ និង​ឈានដល់​ការនាំចេញ​ស្បៀង​មួយចំនួនធំ​ទៀតផង​។​

​លោក​បាន​ថ្លែងថា​៖ «​ថ្មីៗ​នេះ​ការប្រែប្រួល​អាកាសធាតុ និង​ទឹកជំនន់​បាន​បង្កឱ្យមាន​ផល​​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​គ្រួសារ ដូច្នេះហើយ រាជ​រដ្ឋា​ភិ​បាល​បាន​ចែក​គ្រាប់ពូជ ជូន​ប្រជាជន​ដែល​រង​ផលប៉ះពាល់ ដើម្បី​ជួយ​ស្តារ ផលិតកម្ម​ស្រូវ​ឡើងវិញ សំដៅ​បន្ត​ធានា​សន្តិសុខ​ស្បៀង​គ្រួសារ និង​អាហា​រូប​ត្ថ​ម្ភ​គ្រួសារ​ឱ្យបាន​ពេញលេញ​»​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​បញ្ជាក់ថា ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែល​បានធ្វើឱ្យ​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង ប្រជាជន​កម្ពុជា​មានកា​រ​យល់ដឹង និង​យកចិត្តទុកដាក់​កាន់តែ​ច្រើនជាង​មុន លើ​កត្តា​សុខភាព​និង​អនាម័យ ដោយបាន​ផ្លាស់​ប្ដូរ​ទម្លាប់​ក្នុងការ​រស់នៅ និង​ការ​ទទួលទាន​បាន​យ៉ាងច្រើន និង​ឈានដល់​ការទទួល​ទាន​អាហារ​ដែល​ផ្តល់​អាហារូបត្ថម្ភ​ខ្ពស់ ដូច​ជា​ទឹកដោះគោ​ជាដើម ដែលជា​ចំណុច​មួយ​គួរឱ្យកត់សម្គាល់​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​លើកឡើងថា ដើម្បី​ដាក់ចេញ​នូវ​វិធានការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធ​​ភាព​លោក​ក៏​ស្នើឱ្យ​ពិនិត្យ​ពិភាក្សា និង​វាយតម្លៃ​ឱ្យបាន​ច្បាស់ និង​គ្រប់​ជ្រុងជ្រោយ​លើ​ស្ថានភាព​ជាក់ស្តែង​ដែលជា​កត្តា​កំណត់​ជោគជ័យ​នៃ​ការងារ តាមរយៈ​ការអប់រំ​ការជួយ​កែប្រែ​ទម្លាប់ និង​ការបន្ត​ការផ្សព្វផ្សាយ​ឱ្យ​ប្រជាជនមាន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​ពី​ទម្លាប់​រស់នៅ​និង​ការ​ទទួលទាន​ដោយ​អនាម័យ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ឈានទៅ​ជំរុញ​វិស័យ​សន្តិសុខ​ស្បៀង​គ្រួសារ​និង​អាហារូបត្ថម្ភ​គ្រួសារ​នៃ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​។​

​ជាមួយគ្នានេះ លោក​ឧ​ប​នា​​យក​រដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទនិង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​វិស័យ​សន្តិសុខ​ស្បៀង និង​អា​​ហា​រូប​ត្ថ​ម្ភ​ក៏បាន​ថ្លែង​នៅក្នុង​ពិធី​នោះដែរ​ថា រាជរដ្ឋាភិបាល បានកំណត់​គោលនយោបាយ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​សន្តិ​​សុខ​ស្បៀង និង​អាហារូបត្ថម្ភ​សម្រាប់​កម្ពុជា​ឈានទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នា​ឆ្នាំ ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់ នា​ឆ្នាំ​ ២០៥០​។​

​លោក​បានបង្ហាញ​ការគាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​ចែក​គ្រាប់ពូជ​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះ ធម្មជាតិ​របស់​រដ្ឋាភិបាល​នាពេល​កន្លងមក​ថា ជា​យុទ្ធសាស្ត្រ​មិន​ត្រឹមតែ​ផ្តល់​លទ្ធភាព​ស្តារ​ផលិតកម្ម​ឡើងវិញ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញ​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​ថែមទៀត​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​ថ្ងៃទី ១៨ ​ខែតុលា ឆ្នាំ​ ២០២២ បានឱ្យដឹងថា គ្រោះទឹកជំនន់​ឆ្នាំនេះ ប៉ះពាល់​ខេត្ត​ជាច្រើន នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​និង​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​។ ក្នុងនោះ​ខេត្ត​ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​គឺមាន​ខេត្តបន្ទាយមានជ័យ សៀម​​រាប បាត់ដំបង កំពង់ធំ និង​ខេត្តពោធិ៍សាត់​។

​ទឹកជំនន់​ឆ្នាំនេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើកឡើង​នាពេល​ចុះ​ជួប​ប្រជាពលរដ្ឋ តាម​បណ្តា​ខេត្ត​រង​ផលប៉ះពាល់​ថា នៅ​ភូមិសាស្ត្រ​មួយចំនួន កសិករ​បានធ្វើ​ស្រូវ​ដើមរដូវ​ដែលជា​ស្រូវវស្សា​ហើយ​ស្រូវវស្សា​ទាំងនោះ​ក៏ត្រូវ​បាន​លិចលង់​ខូចខាត​ដោយ​ទឹកជំនន់​ជា​ជំនន់​មេគង្គ​ក្ដី និង​ជំនន់​ទឹក​ភ្លៀង​ក្ដី​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​អស់ហើយ​ឥឡូវនេះ ការចែក​ពូជស្រូវ​រប​ស់រាជ​រដ្ឋា​ភិ​បាល​មិនជា​យឺត​នោះទេ​។

​លោក​បាន​បន្តថា ហេតុនេះ ដើម្បី​ជួយ​ដោះស្រាយ​ដល់​ការ​​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​រាជរដ្ឋាភិបាល​ក៏​បង្កើត​បេស​ក​កម្ម​ចែក​ពូជស្រូវ​ដល់​ប្រជាជន​រង​ផលប៉ះពាល់​ដើម្បី​ជួយ​ស្តារ​ផលិតកម្ម​ឡើងវិញ ដើម្បី​រួមចំណែក​ធានា​ដល់​សន្តិសុខ​ស្បៀង​គ្រួសារ​និង​បង្កើន​ជីវភាព​គ្រួសារ​កសិករ​ផងដែរ​។ កាលពី​ចុងខែ​តុលា​កន្លងទៅ​លោក​ហ៊ុន សែន បាន​បិទ​បញ្ចប់​បេសកកម្ម​ចុះ​ចែក​ពូជស្រូវ​ចំនួន​ជិត ៤ ០០០ តោន​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ជិត ៤ ម៉ឺន​គ្រួសារ​នៅក្នុង​ខេត្ត​ចំនួន ​៦ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹក​ជំនន់ ដែល​បេសកកម្ម​នេះ​មាន​រយៈពេល​ប្រមាណ​ ១​ សប្តាហ៍​។

​ខេត្ត​ទាំងនោះ រួមមាន​ខេត្តបន្ទាយមានជ័យ មាន​ជាង ​៥០០០ គ្រួសារ បាត់ដំបង​ជាង ១ ម៉ឺន​គ្រួសារ ពោធិ៍សាត់ ជាង ៥ ពាន់​គ្រួសារ កំពង់ឆ្នាំង ជាង​ ៣ ០០០ គ្រួសារ កំពង់ធំ ជិត ៧ ០០០ គ្រួសារ និង​ព្រៃវែង ជាង ៦ ០០០ គ្រួសារ​។ កន្លងមក​តាមរយៈ​ការ​ចែក​ស្រូវពូជ​នេះ​ត្រូវបាន​ប្រជា​កសិករ​រងគ្រោះ ស្ថាប័ន​ពាក់ព័ន្ធ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​សម្តែង​នូវ​ការគាំទ្រ​សកម្មភាព​រាជរដ្ឋាភិបាល​ផងដែរ​៕​