​ភ្នំពេញៈ ក្រសួង​កិច្ចការនារី ប្រកាស​បើក​យុទ្ធនាការ​ឌីជីថល ក្រោម​ប្រធានបទ សារៈសំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ចូលរួម​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដោយ​កំណត់​យក​ថ្ងៃទី​ ៥ ធ្នូ ដើម្បី​ផ្សព្វផ្សាយ​រួមគ្នា​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​អំពាវ​​នាវ​ឱ្យមាន​ការចូលរួម​។​

​យុទ្ធនាការ​នេះ ត្រូវបាន​ប្រកាស​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធនាការ​ឌីជីថល ដើម្បី​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី កាលពី​ថ្ងៃទី ​១ ខែធ្នូ ឆ្នាំ​ ២០២២ ដែលមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាង​ ២០ នាក់ តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ ហើយ​វា​ក៏​ជា​ផ្នែក​ ១​ នៃ​យុទ្ធនា​​ការ ​១៦ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៥ វិច្ឆិកា ដល់​ថ្ងៃទី ​១០ ធ្នូ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ផងដែរ​។​

​ក្រសួង​កិច្ចការនារី បានប្រកាសថា​៖ «​គោលបំណង​នៃ​ការធ្វើ​យុទ្ធនាការ​​ឌីជីថល គឺ​ដើម្បី​ជូនដំណឹង​ដល់​បណ្តា​បណ្តាញសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​យុទ្ធនាការ និង​កៀរគរ​ការចូលរួម​ក្នុង​សកម្មភាព និង​កិច្ចការ​នានា​របស់​អ្នកចូលរួម​យុទ្ធនា​ការ​ឌីជីថល​នេះ​»​។​

​យុទ្ធនាការ​ឌីជីថល​នេះ បានកំណត់​យក​ថ្ងៃទី​ ៥ ខែធ្នូ ដើម្បី​ផ្សព្វផ្សាយ​រួមគ្នា​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ពាក្យស្លោក ការផ្លាស់ប្តូរ​ប្រូ​ហ្វា​ល និង​មាន​កម្មវិធី​ជជែក​ពិភាក្សា​ជាច្រើន​ទៀត​។ នេះ​បើតាម​ការអះអាង​របស់​ក្រសួង​កិច្ចការនារី​។​

​លោកស្រី​ប៊ុន ពុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​ថ្លែងថា ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ពិតជា​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ និង​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​ ១៦ ​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដើម្បី​បង្កើន​ការយកចិត្តទុកដាក់ ការចូលរួម​ទប់ស្កាត់ និង​ឆ្លើយតប​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា​។​

​លោកស្រី​និយាយថា រដ្ឋាភិបាល បានដាក់​ចេញ​នូវ​គោលនយោបាយ និង​សកម្ម​ភាពជា​បន្តបន្ទាប់ ក្នុងន័យ​បង្ការ​ទប់ស្កាត់ និង​ផ្តល់​កិច្ចការពារ​ផ្លូវច្បាប់ និង​បង្កើន​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព ក្នុង​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។ លោកស្រី​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ចូលរួម​យុទ្ធនាការ​នេះ ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​ទាំងនេះ​ទៅកាន់​សាធារណជន​។​

​លោកស្រី​បញ្ជាក់ថា​៖ «​សារព័ត៌មាន​នានា កំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ចូលរួមចំណែក​ទប់ស្កាត់​អំពើហិង្សា លើ​ស្ត្រី និង​ក្មេងស្រី​។ ជាពិសេស តាមរយៈ​ការបញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​បញ្ឈប់​អំពើ​​ហិង្សា​ទាក់ទង​យេនឌ័រ និង​លើក​ទឹក​ចិត្ត​ក្នុងការ​ប្រព្រឹត្ត​វប្បធម៌​អហិង្សា​»​។​

​ដើម្បី​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី លោកស្រី​ប៊ុន ពុ​ទ្ធី អះអាងថា ក្រុមការងារ​យេនឌ័រ​កំពុង​បន្តសកម្មភាព របស់ខ្លួន​ក្នុង​ខេត្ត​ចំនួន​ ៩ និង​ស្រុក​ចំនួន​ ៣៧ ខណៈ​មាន​ក្រុមចម្រុះ​រង់ចាំ​ជួយ​ដល់​ជនរងគ្រោះ​ពី​អំពើហិង្សា​នៅតាម​មន្ទីរពេទ្យ​មួយចំនួន​ផងដែរ​។​

​កាលពី​ឆ្នាំ ​២០១៦ ក្រសួង​កិច្ចការនារី និង​ក្រសួង​ព័ត៌មាន បាន​ចុះហត្ថលេខា​លើ​ប្រកាស​រួម​ស្តីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ក្នុង​គោលបំណង​ទប់ស្កាត់​ការ រាយការណ៍ ករណី​ហិង្សា​លើ​ស្ត្រី ពាក់ព័ន្ធ​នឹង​ផ្លូវកាយ ផ្លូវចិត្ត និង​ហិង្សា​ផ្នែក​សេដ្ឋកិច្ច​ជាដើម ដែល​មានន័យ​ដាក់បន្ទុក និង​លេងសើច​លើ​ជនរងគ្រោះ​។​

​លោក​អ៊ុក​ ​គឹម​សេង អនុ​រដ្ឋ​លេ​ខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​​ព័ត៌មាន បាន​ថ្លែងថា​ក្រសួង​ព័ត៌មាន គឺជា​ស្ថាប័ន​មួយ​ដែល​តែងតែ​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលរួម​ក្នុងការ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​លុប​បំបាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។

លោក​ក៏បាន​ជំរុញ​ឱ្យ​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​គោរព​តាម​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយ​ការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។ លោក​ក៏​នឹង​ជំរុញ​បន្ថែមទៀត ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​បាន​ទូលំទូលាយ​ទៅដល់​អ្នក​សារព័ត៌មាន​គ្រប់​ប្រភេទ​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដើម្បី​ឱ្យបាន​យល់ដឹង​ថា តើ​ការ​ផ្សព្វ​​ផ្សាយ​អំពី​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ហ្នឹង គាត់​គួរ​ធ្វើ​អ្វី ឬ​មិនគួរ​ធ្វើ​អ្វី ដើម្បី​ចៀសវាង​មិនឱ្យ​របាយការណ៍​ព័ត៌មាន​របស់គាត់​ធ្វើឱ្យ​ជនរងគ្រោះ រង​ទុក្ខ​ទ្វេដង​។ សម្រាប់​យុទ្ធនាការ ១៦ ​ថ្ងៃនេះ យើង​រួមគ្នា​ប្រឹងប្រែង​ធ្វើយ៉ាងណា លើកស្ទួយ​ដល់​សាធារណជន​ឱ្យមាន​ការយល់ដឹង​អំពី​យេនឌ័រ​ជាដើម​»​។​

​កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា លោកស្រី អ៊ឹង កន្ថាផាវី​ ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ ​បាន​លើក​ឡើង​ថា ការ​រួមគ្នា​ទប់ស្កាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ការចូលរួម​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី អាច​សម្រេច​ទៅបាន​លុះត្រាតែ​គ្រប់គ្នា​ចូលរួម និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បញ្ឈប់​រាល់​ទម្រ​ង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។​

​លោកស្រី​បញ្ជាក់ថា​៖​​ «​កិច្ចខិតខំ​​ប្រឹងប្រែង​រួមគ្នា ដោយ​ផ្តោត​ការ​​យកចិត្តទុកដាក់​លើ​ជនរងគ្រោះ ជាមួយនឹង​ការផ្តល់​កញ្ចប់​សេវា​ចាំបាច់​នានា ដូចជា​ការប្រឹក្សា​​យោបល់​ផ្លូវចិត្ត សេវា​ផ្នែក​ច្បាប់ សុខភាព ជម្រក​សុវត្ថិភាព និង​សេវា​សង្គម គឺជា​វិធីសាស្ត្រ ដ៏​មាន ប្រសិទ្ធភាព​ក្នុងការ​បញ្ឈប់​អំពើ​​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​»៕