ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បញ្ចេញ​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន ៣០ លានដុល្លារ​អាមេរិក​បន្ថែមទៀត ដាក់​ទៅជា​មូលនិធិ​បំផ្លាញ​ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ខណៈដែល​ថវិកា​ចំនួន ១៨ ៤៧៣ ៥៧០ លានដុល្លារ​អាមេរិក ដែល​ចេញពី​ព្រះរាជ​អំណោយ​របស់ ព្រះករុណា​មហាក្សត្រ និង​សម្តេចម៉ែ និង​សប្បុរសជន សម្រាប់​ការដោះមីន​ត្រូវ​ចំណាយ​អស់​នៅត្រឹម​ព្រឹក​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។​

​លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​យប់​ថ្ងៃទី ១ ធ្នូ​ថា ដើម្បី​ធានាថា ឆ្នាំ ២០២៥ កម្ពុជា​នឹង​អស់​គ្រាប់មីន លោក​បាន​ពិភាក្សា​ជាមួយ​លោក​អូន ព័ន្ធមុនីរ័ត្ន ឱ្យ​បញ្ចេញ​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន ៣០ លានដុល្លារ​ភ្លាម ដាក់​ទៅជា​មូលនិធិ​បំផ្លាញ​ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។​

​ថវិកា​នេះ​រួមជាមួយ​ថវិកា​ពី​ដៃគូរ​អភិវឌ្ឍ​អាច​បន្ត​ប្រើប្រាស់​បាន​ក្នុង​ឆ្នាំ ២០២៣​។ ក្នុងករណី​ខ្វះ​និង​សម្រាប់​ឆ្នាំ ២០២៤ និង ២០២៥ អាជ្ញាធរ​មីន​ត្រូវ​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​រៀបចំ​ថវិកា​ប្រចាំឆ្នាំ។​

​លោក​ហ៊ុន សែន​បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​ឆ្នាំ ២០២៥ កម្ពុជា​គ្មាន​មីន ការផ្តល់​ដី​ដោយ​សុវត្ថិភាព​និង​ដោយ​ស្នាម​ញញឹម ខ្ញុំ​សូម​អំពាវនាវ​សប្បុរសជន​មេត្តា​បន្ត​ចូលរួម​ឧបត្ថម្ភ​ទៅតាម​លទ្ធភាព​។ សូមឱ្យ​ឆ្នាំ ២០២៥ ក្លាយជា​ឆ្នាំ គ្មាន​មនុស្ស​ស្លាប់​របួស​និង​ជា​ឆ្នាំ​ប្រកបដោយ​ស្នាមញញឹម​បន្ទាប់ពី​រងគ្រោះ​ដោយ​គ្រាប់មីន រយៈពេល ៥៥ ឆ្នាំ (១៩៧០-២០២៥)»៕