ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ២ ធ្នូ​នេះ នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​កិច្ចប្រជុំ​និង​វេទិកា​អភិបាល​ក្រុង​អាស៊ាន ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​នឹងមាន​តំណាង​ទីក្រុង និង​តំណាង​ខេត្ត​ចូលរួម​ប្រមាណ ៨០ ទីក្រុង ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង ៣០ ទីក្រុង​ធំៗ​ចូលរួម។

​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាល​ក្រុង​អាស៊ាន ឆ្នាំ ២០២២ (ASEAN Mayors Forum 2022) ក្នុង​រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២ និង​ទី ៣ ខែធ្នូ ឆ្នាំ ២០២២​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

​បើតាម​គម្រោង​កម្មវិធី ក្នុង​ពិធី​នៅ​ព្រឹក​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគម​ទីក្រុង និង​រដ្ឋបាល​មូលដ្ឋាន ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UCLG ASPAC) និង​វេទិកា​អភិបាល​ក្រុង​អាស៊ាន (AMF) នឹង​ឡើង​អាន​សុន្ទរកថា ស្វាគមន៍ ជាមួយ​នឹង​ការអាន​សារ​របស់​លោក Dato Paduka Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន ដោយ​លោក Lee Yoong Yoong ប្រធាន​នាយកដ្ឋាន​កិច្ចការ​សហគមន៍​នៃ​លេខាធិការដ្ឋាន​អាស៊ាន បន្ទាប់មក​លោក​ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុទ្ទរកថា​គន្លឹះ​បើក​កម្មវិធី​តែម្តង។​

​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី បានបញ្ចប់​កម្ម​វី​ធី​ទៅ នៅ​ម៉ោង ១០:៤៥ ដល់​ម៉ោង ១២:០០ កម្មវិធី នឹង​បន្ត​បើក​កិច្ចប្រជុំ​ពេញអង្គ ពាក់ព័ន្ធ «​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ​ការជំរុញ ការកសាង​ទីក្រុង​ឆ្លាតវៃ មាន​ភាពធន់ និង​មាន​ចីរភាព ប្រកបដោយ​បរិវត្តកម្ម និង​បរិយាប័ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី»។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង និង​លោកស្រី Bernadia Irawati Tjandradewi ៕