ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​​ហេង បានចេញ​លិខិត​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការផ្តល់សេវា​សុខា​ភិ​បាល​ឯកជន​ក្នុង​មូលដ្ឋាន​របស់ខ្លួន ខណៈ​ក្រសួង​សម្រេច​ដាក់​ទណ្ឌកម្ម​ពេទ្យឆ្មប​ម្នាក់ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង​ដោយ​ផ្អាក​ការប្រកប​វិជ្ជាជីវៈ​ឆ្មប​រយៈ​ពេល ​​២ ​ឆ្នាំ បន្ទាប់ពី​បាន​ធ្វើការ​រម្លូតកូន​ស្ត្រី​ម្នាក់​ខុស​បច្ចេក​ទេស ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​ជា​ម្តាយ​។​

​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​ ១ ខែធ្នូ លោក ម៉ម ប៊ុនហេង លើក​​ឡើង​ថា ក្រសួងសុខាភិបាល​បានធ្វើ​ការណែនាំ​ក្រើនរំឭក​ជា​បន្ត​បន្ទាប់​ដល់​មូលដ្ឋាន​សុខាភិបាល​ឯកជន ស្តីពី​ការគ្រប់គ្រង​ការ​​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខា​-​ភិ​បាល​។

​លោក​ថា ៖ «​ក្រសួង​សង្កេតឃើញថា មូលដ្ឋាន​សុខា​​ភិ​បាល​មួយចំនួន​ពុំទាន់​បាន​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជា​​ជីវៈ​វិស័យ​សុខាភិបាល ច្បាប់​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រកប​វិជ្ជា​ជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជ​សាស្ត្រ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​ក្នុង​ការផ្តល់សេវា​សុខា​ភិ​បាល​ជូន​ដល់​អ្នកជំងឺ​នៅក្នុង​មូលដ្ឋាន​សុខាភិបាល​ឯកជន​»​។

​លោក​បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ឱ្យ​ចុះ​ត្រួតពិនិត្យ តាមដាន និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​អ្នកផ្តល់​សេវា​សុខាភិបាល និង​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល​ឯក​ជន​ទាំងឡាយណា​ដែល​មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ច្បាប់​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រកប​វិជ្ជា​​ជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជ​សា​ស្ត្រ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​។​

​ជាមួយគ្នានេះ​ក្រសួង​សុខា​​ភិ​បាល បាន​រកឃើញថា ករណី​ស្រី្ត​រម្លូតកូន​ខុស​បច្ចេកទេស ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​ជា​ម្តាយ​គឺ​បណ្តាលមកពី​ឆ្មប​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង​មិនបាន​ទទួល​ការបណ្តុះបណ្ដាល​បន្ថែម​ពី​ការ​រម្លូតកូន ហើយ​ឆ្មប​រូបនោះ​ត្រូវបាន​ក្រសួង​ដាក់ទណ្ឌកម្ម​ដោយ​ផ្អាក​ការប្រកប​វិជ្ជាជីវៈ​ឆ្មប​ជា​បណ្តោះអាសន្ន​រយៈពេល​ ២ ​ឆ្នាំ​។

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​តាម​ការចុះផ្សាយ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម ស្ដីពី​មាន​ហេតុ​​ការណ៍​រម្លូត​គភ៌​ក្នុង​ផ្ទៃ​ស្ត្រី​ដែលមាន​ឈ្មោះ សឿន ស្រីអូន អាយុ ២២​ ឆ្នាំ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង (​ព្រៃទទឹង​)​ ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​ ២៩ វិច្ឆិកា ភ្លាមៗ​នោះ ក្រសួង​បាន​ចាត់​បញ្ជូន​ក្រុមការងារ​បច្ចេក​ទេស​របស់​ក្រសួង​សហការ​ជា​មួយ​អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​កើតហេតុ​បណ្តាលមកពី​ការ​រម្លូត​គភ៌​ក្នុង​ផ្ទៃ​ស្ត្រី​រូបនេះ​។​

​ក្រសួង​បាន​បន្តថា​៖ «​ក្រសួង​មានការ​សោកស្តាយ​ជា​ពន់ពេក នូវ​ហេតុការណ៍​រម្លូតកូន​ក្នុង​ផ្ទៃ​អាយុ ១៨ សប្តាហ៍ របស់​ស្ត្រី​ជា​ម្តាយ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ដោយ​មន្ទីរ​នេះ​មានការ​ធ្វេសប្រហែស​បាន​អនុញ្ញាតឱ្យ​ឆ្មប​ដែល​មិនទាន់​ទទួលបាន​ការបណ្តុះបណ្ដាល​បន្ថែម​ស្ដីពី​ការ​រម្លូត​គភ៌​នៅឡើយ អនុវត្ត​ខុស​បច្ចេកទេស​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ការណែនាំ​បច្ចេកទេស ពី​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​និង​បទដ្ឋាន​គតិយុត្ត​នានា​របស់​ក្រសួង និង​ពី​គណៈ​​វិជ្ជាជីវៈ​ឆ្មប​»​។

​តាមរយៈ​ការ​​ពិនិត្យ និង​ស្រាវជ្រាវ ក្រសួង​ក៏បាន​សម្រេច​បិទ​ជា​បណ្តោះ​អាសន្ន​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ដើម្បី​បន្ត​នីតិវិធី​ស្រាវ​ជ្រាវ​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង​គួរឱ្យ​សោកស្តាយ​ជាទីបំផុត​នេះ​។​

​ជាមួយគ្នានេះ ក្រសួង​តម្រូវឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន លើ​បាតុភាព​ដែល​បាន​កើតមានឡើង​មកពី​ការ​ធ្វេសប្រហែស​របស់ខ្លួន​។​

​ចំពោះ​ករណី​ឆ្មប​ដែល​បាន​អនុវត្ត​ការ​រម្លូត​គភ៌​ក្នុង​ផ្ទៃ​អាយុ ១៨ ​សប្តាហ៍​នោះ​ក្រសួង​បាន​ចាត់​ឱ្យ​គណៈ​វិជ្ជាជីវៈ​ឆ្មប ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​បន្ទាន់​ផងដែរ ដោយ​អនុលោម​តាមច្បាប់​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ សុខា​​ភិ​បាល​ដែលមាន​ជា​ធរមាន​។​

​ក្រសួង​បន្តថា​៖ «​គណៈ​វិជ្ជាជីវៈ​ឆ្មប​ដែល​ស្ថិតនៅក្រោម​សមត្ថ​​កិច្ច​របស់ខ្លួន បាន​ស្រាវជ្រាវ និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឆ្មប​យ៉ាង​ល្អិតល្អន់​ហើយ​បានសម្រេច​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ទៅលើ​ឆ្មប​ឈ្មោះ​អ៊ុង ធា​រិ​ន ដោយ​ផ្អាក​ការប្រកប​វិជ្ជាជីវៈ​ឆ្មប​ជា​បណ្តោះ​​អាសន្ន រយៈពេល ​២ ​ឆ្នាំ​»​។​

​អគ្គលេខាធិការរង​ទី​ ១​ នៃ​កាក​បាទ​ក្រហម​កម្ពុជា​លោកស្រី ម៉ែន​ នារី​សោ​ភ័គ កាលពី​ថ្ងៃទី ​៣០ ខែវិច្ឆិកា បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​ចំនួន ៥ ​លាន​រៀល​ជូន​ដល់​គ្រួសារ​ស្ត្រី​រងគ្រោះ ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

​ក្នុងឱកាស​ជួប​ជា​មួយ​គ្រួសារ​រងគ្រោះ លោកស្រី​បាន​ថ្លែងថា ៖ «​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពី​បានឃើញ​ព័ត៌មាន​អំពី​ករណី​មួយ​នេះ សម្តេច​មាន​អារម្មណ៍​ក្តុកក្តួល សោកស្តាយ និង​ក្តី​​អាណិតអាសូរ​យ៉ាង​ក្រៃលែង ហើយ​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ភ្លាមៗ ដើម្បី​ជួយ​សម្រាល​ការលំបាក​ក្នុងពេល​ព្យាបាល ហើយនឹង​ចេញថ្លៃ​ព្យាបាល​ទាំង​ស្រុង​»​។

​លោកស្រី ក៏បាន​អំពាវ​នាវ​ដល់​ក្រសួងសុខាភិបាល​ឱ្យ​ពិនិត្យមើល​ពី​គុណភាព​សុខា​ភិ​បាល​តាម​បណ្តា​គ្លីនិក​និង​ពង្រឹង​ពី​សមត្ថភាព​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​របស់​គ្រូពេទ្យ​ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ភាពជឿ​ទុកចិត្ត និង​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅរក​សេវា​សុខាភិបាល​។

​ស្វាមី​របស់​ស្ត្រី​រងគ្រោះ​លោក ផេង វឿន អាយុ ២៨​ ឆ្នាំ​បាន​ប្រាប់​ពី​ហេតុការណ៍​ដែល​បានកើត​ឡើង​ថា លោក​បាន​នាំ​ប្រពន្ធ​ទៅ​ឆ្លុះ​អេកូ​មើល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ដើម្បី​ចង់ដឹងថា ជា​កូនប្រុស​ឬ​ស្រី​ប៉ុន្តែ​ក្រោយ​ឆ្លុះ​អេកូ​រួចហើយ គ្រូពេទ្យ​ប្រាប់ថា កូន​នោះ​ខូច​បាត់ទៅហើយ ដោយសារ​បេះដូង​អត់​លោត ហើយ​គ្រូពេទ្យ​ប្រាប់​ឱ្យ​លោក​ទៅ​ឆ្លុះ​អេកូ​នៅ​មន្ទីរពេទ្យ​ផ្សេងទៀត ដើម្បី​ផ្ទៀងផ្ទាត់​ហើយ​លទ្ធផល​គឺ​ដូចគ្នា​។

​ក្រោយមក​លោក​បាន​នាំ​ប្រពន្ធ​មក​រម្លូតកូន នៅ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ដោយសារ​គ្រូពេទ្យ​ប្រាប់ថា​មន្ទីរ​ពេទ្យ​មាន​ឧបករណ៍​គ្រប់គ្រាន់ និង​មាន​ក្រុមការងារ​ជំនាញ​លើ​ការងារ​រម្លូត​នេះ​។ «​យើង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ គាត់​ថា ធ្វើឱ្យ​មួយ​ស្អាត យក​កូន​លើក​ទី ​១ ​មិន​អី​ទេ ហើយ​ឱ្យ​យើង​សម្រាក​នៅ​មន្ទីរពេទ្យ​ ១ ​យប់ លុះ​ព្រលឹម​ឡើង យើង​ចេញទៅ​ផ្ទះ​វិញ​ធម្មតា​។ លុះ​កន្លង​រយៈពេល​ ១១​ ថ្ងៃ ដល់​ថ្ងៃ​ណាត់​យើង​ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​ម្តងទៀត ក៏​ជួប​រឿងរ៉ាវ​ដែល​នឹកស្មាន​មិន​ដល់​ហើយ​ខាង​មន្ទីរ​ពេទ្យ​ឆ្លុះ​អេកូ​មើល​ធម្មតា ឃើញ​កាកសំណល់​បន្តិចបន្តួច​ហើយ​យក​ម្តងទៀត​»​។

​លោក ផេង វឿន បន្តថា ៖ «​ខ្ញុំ​ឆ្ងល់​ថា កាកសំណល់​សល់​បន្តិច​សោះ ហេតុអ្វី​ពេល​យកចេញ​មក​សល់​ច្រើន​ម្ល៉េះ​ហើយ​ទាញ​សំណល់​ច្រើន​ទៅៗ ក៏មាន​ធ្លាក់​សរសៃ​ ១​ ដ៏​វែង ខ្ញុំ​និង​ប្រពន្ធ​ក៏​សួរថា ស្អី​គេ​វែង​ម្ល៉េះ​​អ្នកគ្រូ ហើយ​គ្រូពេទ្យ​ប្រាប់ថា ទងសុក​ហើយ​ប្រពន្ធ​ខ្ញុំ​ឈឺ​ប្រកាច់​លើ​គ្រែពេទ្យ​នោះ​»​។​

​ប្រពន្ធ​លោក​ឈឺ​ចុក​ខ្លាំងពេក ទ្រាំ​មិនបាន​គាត់​សុំឱ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​សន្លប់ ដល់ពេល​ចុក​ពេក គ្រូពេទ្យ​ប្រើ​លោក​ឱ្យ​ទិញ​ទឹកកក​យកមក​ស្អំ ពេល​ឡើង​មកវិញ​ឃើញ​ឈាម​ប្រឡាក់​ច្រើន​ហើយ​មាន​គ្រូពេទ្យ​ម្នាក់ទៀត​ឡើងដល់​បន្ទប់​គាត់​ថា អ្នកជំងឺ​ធ្ងន់ធ្ងរ​ទុក​អត់​បានទេ ទាល់តែ​បញ្ជូន​ចេញ​។​

​បច្ចុប្បន្ននេះ ស្ត្រី​រងគ្រោះ​កំពុង​ត្រូវបាន​ជួយសង្គ្រោះ​អាយុជីវិត នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ដោយមាន​ការយកចិត្តទុកដាក់​ជួយ​គាំទ្រ​ដល់​ការព្យាបាល​ទាំងស្រុង​ពី​លោកស្រី​ប៊ុន រ៉ានី ហ៊ុន សែន​៕