ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​ខួប ៧ ឆ្នាំ នៃការ​ដាក់​បញ្ចូល ល្បែង​ទាញព្រ័ត្រ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ នា​ថ្ងៃទី ២ ខែធ្នូ​នេះ។

លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​អបអរសាទរ ខួប ៧ ឆ្នាំ (២ ធ្នូ ២០១៥ -២ ធ្នូ ២០២២) នៃ​ការដាក់​បញ្ចូល ល្បែង​ទាញព្រ័ត្រ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ»។

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ចេះ​ស្រលាញ់ ចូលរួម​ថែរក្សា និង​ការពារ សម្បត្តិ​បេតិកភណ្ឌ «​ដ៏មាន​តម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល»។​

​ល្បែង​ទាញព្រ័ត្រ ដែលជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ​ដែលមាន​តាំងពី​ដូនតា​មក​នោះ ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ទីក្រុង​វិនឌុក ប្រទេស​ណាមីប៊ី តាម​ការស្នើ​ពី​ប្រទេស​ចំនួន ៤ ដែល​មាន​កម្ពុជា កូរ៉េខាងត្បូង វៀតណាម និង​ហ្វីលីពីន ដោយសារ​ប្រទេស​ទាំងនេះ​ក៏មាន​ល្បែង​ទាញព្រ័ត្រ​នេះដែរ៕​