ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ក្រសួង​កំពុង​បន្ត​ពង្រីក និង​លើក​កម្ពស់​គុណភាព​ហេដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវដែក និង​ផ្លូវទឹក កំពង់ផែ ព្រមទាំង​មាន​គម្រោង​សាងសង់​ផ្លូវ ស្ពាន​ជា​បន្តបន្ទាប់​ទៀត។

​ក្នុងនោះ​ក៏មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​បាវិត ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​សៀមរាប និង​ពី​សៀមរាប​ទៅ​ប៉ោយប៉ែត និង​ការតភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ខណៈ​ផែនការមេ​ជាតិ​ភ័ស្តុភារកម្ម​ត្រូវបាន​អភិវឌ្ឍ​ផងដែរ​។ នេះ​បើ​យោងតាម​ផេក​ហ្វេសប៊ុក​ក្រសួង​សាធារណការ​ចេញផ្សាយ​កាលពី​ថ្ងៃទី ១ ធ្នូ។​

​លោក​ស៊ុន ចាន់ថុល បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃទី ៣០ វិច្ឆិកា​ក្នុងពេលដែល​លោក​អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ ស្តីពី​ហេដ្ឋា​រចនាសម្ព័ន្ធ និង​សមាហរណកម្ម​ក្នុង​តំបន់ (Infrastructure & Regional Integration Technical working Group – IRITWG) រួម​ជាមួយ​លោកស្រី Kamei Haruko នាយិកា​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​សម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប។​

​លើសពីនេះ​ទៀត លោក​រដ្ឋមន្ត្រី​សាធារណការ បានបង្ហាញ​ពី​ការប្រើប្រាស់​យន្តការ​បច្ចេកវិទ្យា​ព័ត៌មាន ដូចជា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​ពេល​កប៉ាល់​ចេញចូល​កំពង់ផែ (Port EDI) និង​ការជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ដើម្បី​សម្រេច​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន (LTS4CN) ឆ្នាំ ២០៥០ ជាដើម។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បីឱ្យ​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ធ្វើបទ​បង្ហាញ អំពី​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​ការងារ ដោយ​មានការ​ជម្រាបជូន អំពី​ស្ថានភាព​នៃ​ការអនុវត្ត បញ្ហា​ប្រឈម និង​សំណូមពរ នៃ​គម្រោង​ដែល​ខ្លួន​បាន និង​កំពុង​អនុវត្ត ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍ មួយចំនួន​រួមមាន JICA, ADB, AFD និង EDCF។

​ក្នុងឱកាស​នោះ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចូលរួម​ធ្វើបទ​បង្ហាញ អំពី​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​ការងារ នៃ​គម្រោង​ដែល​ស្ថាប័ន​នីមួយៗ បាន​និង​កំពុង​អនុវត្ត រួមមាន​ដូចជា​៖ គម្រោង​អភិវឌ្ឍន៍​ផ្លូវថ្នល់​ជនបទ វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​វិស័យ​ទូរគមនាគមន៍ បញ្ហា​ទឹក​កខ្វក់ និង​អនាម័យ ផែនការមេ​នៃ​ការអភិវឌ្ឍ​ថាមពល គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ច្រកទ្វារ​ព្រំដែន និង​ការអភិវឌ្ឍ​វិស័យ​ភ័ស្តុភារកម្ម។

​បើតាម​ក្រសួង​សាធារណការ អង្គប្រជុំ​ក៏មាន​ការកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​លើការ​ធ្វើបទ​បង្ហាញ ព្រមទាំង​មានការ​ពិភាក្សា ប្រមែប្រមូល ធាតុ​ចូល និង​ផ្លាស់ប្តូរ​គំនិត​យោបល់​យ៉ាង​ផុសផុល សំដៅ​ឱ្យ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការធ្វើ សមាហរណកម្ម​ក្នុង​តំបន់ ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មាន​តម្លាភាព គណនេយ្យភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ៕​