ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារ​អបអរសាទរ​ខួប​លើកទី ៤៤ នៃ​ការបង្កើត « រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» នា​ថ្ងៃទី ២ ខែធ្នូ ១៩៧៨ ដើម្បី​រៀបចំ​កម្លាំង​ផ្តួលរំលំ​របប​ខ្មែរក្រហម ដែល​របប​នេះ​ត្រូវបាន​ផ្តួលរំលំ នា​ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩។​

​លោក ហ៊ុន សែន ថ្លែងថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បានកើត​ឡើង​ដោយ​កម្លាំង «​មហា​សាមគ្គី​» របស់​ប្រជាជន​ទាំងមូល​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​មាន​លោក ហេង សំរិន បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋសភា លោក ជា ស៊ីម អតីត​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង «​វីរជន​ស្នេហា​ជាតិ​» ជាច្រើន​នាក់​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួល​បាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ។

​លោក​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ២ ខែធ្នូ ថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវបាន​កើត​ឡើង​នៅក្នុង​ភូមិ​ជើង​ឃ្លូ ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ ដែ​លោក​ហៅថា ជា​តំបន់​រំដោះ។

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​រណសិរ្ស ប្រជាជន​គ្រប់ទិសទី​បាន​ក្រោកឈរ​រួបរួមគ្នា ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយ​បាន​ទទួល​ការជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការគាំទ្រ​ពី​មិត្ដភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩»។

​លោក​បន្ថែមថា​៖ «​មហា​ជ័យជម្នះ ៧ មករា ១៩៧៩ បាន​បពា្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់មាន​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏បាន​ទទួល​មកវិញ​នូវ​សិទ្ធិសេរីភាព និង​ឱកាស​ដើម្បី​ស្ដារ​កសាង​មាតុភូមិ​របស់ខ្លួន​ឡើងវិញ​។ ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២ ធ្នូ និង​ជ័យជម្នះ ៧ មករា ទេនោះ ក៏​គ្មាន​អ្វីៗ​ដូច​ថ្ងៃ​នេះដែរ​។ នេះ​គឺជា​សច្ចធម៌ នៃ​ប្រវត្ដិសាស្ដ្រ»៕​