
មន្ត្រីជំនាញនិងភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១ ធ្នូ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ មន្ត្រីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី ១ ធ្នូ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងលក្ខខណ្ឌបច្ចេកទេសទូទៅនៃការសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសេចក្តីព្រាងគោលការណ៍ថ្នាក់ជាតិស្តីពីអាងប្រព្រឹត្តិកម្មកាកសំណល់ភក់បង្គន់ ដើម្បីសំដៅជំរុញឱ្យមានការរៀបចំចងក្រងសេចក្តីព្រាងទាំងនេះមានអត្ថន័យគ្រប់ជ្រុងជ្រោយ។
បើតាមផេកហ្វេសប៊ុកក្រសួងសាធារណការ កិច្ចប្រជុំនេះដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន EGIS ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញពាក់ព័ន្ធ។
តំណាងក្រុមហ៊ុន EGIS ក្នុងនាមជាអ្នកប្រឹក្សាយោបល់ និងរៀបចំចងក្រងសេចក្តីព្រាងបានធ្វើបទបង្ហាញអំពីស្ថានភាពនៃការសិក្សា វិធីសាស្ត្រនៃការសិក្សា ករណីសិក្សាកន្លងមក ការប្រមែប្រមូលធាតុចូល បញ្ហាប្រឈម និងឱកាសនានាដែលអាចកើតមានសម្រាប់ការរៀបចំចងក្រងសេចក្តីព្រាងលក្ខខណ្ឌបច្ចេកទេសទូទៅនៃការសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់។
បន្ថែមពីនេះ ក៏មានការពិគ្រោះយោបល់លើគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីអាងប្រព្រឹត្តិកម្មកាកសំណល់ភក់បង្គន់ និងបានលើកឡើងអំពីមាតិកានៃការអនុវត្តការងារ វិធីសាស្ត្រប្រតិបត្តិ្កការ និងការថែទាំ វិធីសាស្ត្រនៃការគ្រប់គ្រង ក៏ដូចជានីតិវិធីនៃការតាមដានត្រួតពិនិត្យគុណភាព។
ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងពិភាក្សាផ្លាស់ប្តូរគំនិតយោបល់យ៉ាងផុសផុល សំដៅជំរុញឱ្យការរៀបចំចងក្រងសេចក្តីព្រាងទាំង ២ ខាងលើមានអត្ថន័យគ្រប់ជ្រុងជ្រោយ តាមលក្ខណៈបច្ចេកទេស ដើម្បីអនុវត្តនៅពេលខាងមុខប្រកបដោយប្រសិទ្ធភាពការងារខ្ពស់។
សូមជម្រាបជូនថា ក្រសួងសាធារណការ បានស្នើសុំពេលវេលាបន្ថែមដើម្បីបញ្ជូនសេចក្តីព្រាងទាំងនេះទៅអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែម ឱ្យបានកាន់តែលម្អិត និងស៊ីជម្រៅ ហើយបន្ទាប់មកនឹងមានការរៀបចំជាសិក្ខាសាលាដើម្បីដាក់ជូនភាគីពាក់ព័ន្ធក្នុងវិស័យនេះផ្លាស់ប្តូរយោបល់ ក៏ដូចជាប្រមែប្រមូលធាតុចូលបន្ថែមដើម្បីបំពេញភាពចន្លោះប្រហោង មុននឹងស្នើសុំគោលការណ៍ពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន៕