រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក ហង់ ជួនណា​រ៉ុន អំពាវនាវ​ដល់​គណៈ​មេប្រយោគ និង​បុគ្គលិក​អប់រំ​ទាំងអស់ ចូលរួម​គោរព​បទ​ប្បញ្ញត្តិ​ដែល​ក្រសួង​បាន​ដាក់​ចេញ ដើម្បី​ធានា​ដល់ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប) ទទួល​បាន​ជោគជ័យ និង​មាន​តម្លាភាព។

​ការអំពាវនាវ​នេះ​ធ្វើឡើង ខណៈ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ខិតជិត​មកដល់ ពោល​នឹង​ប្រព្រឹត្ត​ឡើង​រយៈពេល ២ ថ្ងៃ​នៅ​ថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខ​នេះ។

​តាមរយៈ​វីដេអូ​មាន​រយៈពេល​ជាង ៣ នាទី ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី ១ ខែធ្នូ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​លោក ហង់ ជួនណារ៉ុន បាន​ធ្វើការ​អំពាវនាវ​ដល់​អស់​លោក លោកស្រី ជា​បុគ្គលិក​អប់រំ ដែល​នឹង​ចូលរួម​ជា​គណៈ​មេប្រយោគ និង​គណៈកម្មការ​ផ្សេង គោរព​តាម​បទប្បញ្ញត្តិ​ដែល​ក្រសួង​បាន​ដាក់​ចេញ ដើម្បី​ធានា​បាន​នូវការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រកបដោយ​ជោគជ័យ។​

​លោក​បន្តថា ពិសេស​អ្នកចូលរួម​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ បី​កុំ បី​ការពារ និង​បទប្បញ្ញត្តិ​ផ្សេងៗ​ដែល​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។​

​ឆ្លៀតឱកាស​នេះ លោក​ថ្លែងអំណរគុណ​ដល់​មាតាបិតា អាណាព្យាបាល និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ដល់​ក្រសួង​ស្ថាប័ន​ចំនួន ៦ គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អគ្គិសនី​កម្ពុជា ក៏ដូចជា​អាជ្ញាធរ​ខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែល​បាន​ចូលរួម​នៅក្នុង​ការធានា​បាន​នូវ​ការការពារ​សុខ​សុវត្ថិភាព ក៏ដូចជា​ការសម្រួល​ផ្សេងៗ​ដល់​បេក្ខជន​ដែល​នឹង​ចូលរួម​នៅ​ក្នុងការ​ប្រឡង​នេះ។​

​លោក​ថ្លែងថា​៖ «​ជាពិសេស​គឺ​ការផ្តល់​ទីកន្លែង​ស្នាក់នៅ ការជួយ​សម្រួល​ដល់​ការផ្ញើ​កង់ ម៉ូតូ ជួយ​សម្រួល​ដល់​ការផ្តល់​នូវ​ម្ហូបអាហារ ចំណី ក៏ដូចជា​ការចូលរួម​ចំណែក​នៅ​ក្នុងការ​ធានា​បាន​នូវការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រកបដោយ​ជោគជ័យ និង​មានភាព​រលូន»។​

​ជាមួយគ្នា​នេះដែរ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ណាត ប៊ុនរឿន និង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៉ិនទៀង កាលពី​ថ្ងៃទី ១ ខែធ្នូ បាន​សហការគ្នា ក្នុងការ​រៀបចំ កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​ដល់​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រធាន​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស និង​ប្រធាន​គណៈ​មេប្រយោគ​មណ្ឌល​សំណេរ​ផងដែរ។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ណែនាំ​ពី​បច្ចេកទេស ការ​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ ការ​ណែនាំ​ពី​តួនាទី ភារកិច្ច ដល់​គណៈ​មេប្រយោគ​ទាំងអស់​សម្រាប់​ដំណើរការ​សំណេរ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ធានា​បានថា​ការប្រឡង​ដំណើរការ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់​យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​ព្រមទាំង​អនុវត្តតាម​វិធានការណ៍​សុខភាព​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ ១៩ ។​

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា នៅ​ព្រលឹម​ថ្ងៃទី ២ ខែធ្នូ​នេះ ប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រចាំ​រាជធានី​-​ខេត្ត បាន​មក​ទទួល ផ្ទៀងផ្ទាត់ និង​ដឹកជញ្ជូន​ហឹប​ប្រធាន​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​ខេត្ត រៀងៗ​ខ្លួន​ជា​បណ្តើរៗ​ហើយ ដើម្បី​ត្រៀម​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៥ ខែធ្នូ ២០២២។​

​ក្រសួង​បន្តថា​៖ «​គណៈមេប្រយោគ​គ្រប់រូប​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ ដោយមាន​ការ​ចូលរួម​ត្រួតពិនិត្យ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ព្រមទាំង​អនុវត្តតាម​សេចក្ដី​ណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​វិធានការ​សុខភាព និង​សុវត្ថិភាព​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»។​

​ពាក់ព័ន្ធ​ការប្រឡង​នេះ ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា បាន​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរណ៍ កុំ​ដំឡើងថ្លៃ​សេវាកម្ម ឬ​សម្រួល​ថ្លៃ​សេវាកម្ម​ចំពោះ​អនុរក្ស និង​សិស្សានុសិស្ស​ដែល​ត្រូវ​ចូលរួម​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខ។​

​សូមជម្រាបថា បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់ ហើយ​បេក្ខជន​ត្រូវបាន​រៀបចំ​ចំនួន ២៥ នាក់ ក្នុង​មួយ​បន្ទប់​។ ក្នុងនោះ មណ្ឌល​សំណេរ​មាន​ចំនួន​សរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់៕​