ភ្នំពេញៈ ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិនត្រូវ​ទិញ​ផលិតផល​បំប៉ន​សុខភាព​ម៉ាក GNC ព្រោះ​ផលិតផល​នេះ​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ឈានដល់​ការបាត់បង់​អាយុជីវិត ក្រោយពី​ក្រសួង​រកឃើញថា​ផលិតផល​នេះ​គ្មាន​លេខ​បញ្ជិកា​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់​ក្នុង​សេចក្តីជូនដំណឹង​ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី​២ ខែធ្នូ ថា ក្រសួង ពិនិត្យឃើញ​មានការ​នាំចូល ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់​ផលិតផល​GNC​នេះ ជាច្រើន​មុខ​គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​គិត​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​ទិញ និង​ប្រើប្រាស់​ផលិតផល បំប៉ន​សុខភាព​ម៉ាក GNC នេះឡើយ ព្រោះ​ផលិតផល​នេះ​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ឈានដល់​ការបាត់បង់​អាយុជីវិត​ទៀតផង​»​។

​សេចក្តីជូនដំណឹង​បន្តថា បន្ទាប់ពី​ការផ្សព្វផ្សាយ​សេចក្តី​ជូន​ព័ត៌មាន​ផលិតផល​នេះ​រួចហើយ បើសិន​មាន​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ជន​ពាក់ព័ន្ធ​ណាមួយ​នៅតែ​បន្ត​នាំចូល ចែកចាយ ឬ​លក់​ផលិតផល​នេះ​ជា​បន្តទៀត​នឹងត្រូវ​ទទួលទោស​បញ្ញត្តិ​តាមច្បាប់​។​

​ក្រសួង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងករណី​បាន​ជួបប្រទះ​ឃើញ​ជន​ណា​កំពុង​នាំចូល ចែកចាយ ឬ​លក់​ផលិតផល​បំប៉ន​សុខភាព​ម៉ាក GNC នេះ ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​នៃ​ក្រសួងសុខាភិបាល​៕