​វត្តមាន​សត្វព្រៃ​កម្រៗ​ជាច្រើន​ប្រភេទ ត្រូវបាន​លេច​រូបរាង​ឡើងវិញ នៅក្នុង​ដែនជម្រកសត្វព្រៃ​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី​ដែល​វត្តមាន​នេះ បង្ហាញ​ក្តីសង្ឃឹម​ដល់​កម្ពុជា​ក្នុង​កិច្ចការ​អភិរក្ស​សត្វព្រៃ​បន្ទាប់ពី​ក្រសួងបរិស្ថាន​និង​អង្គការ​ដៃគូ​បាន​ដាក់ចេញ​នូវ «​យុទ្ធនាការ​អន្ទាក់​សូន្យ​»​។​

​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​WWF មាន​ក្តីរំភើប​ជាខ្លាំង ខណៈ​មាន​សេចក្តីរាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​មក​ថា វត្តមាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ត្រូវបាន​ថត​ជាប់​តាមរយៈ​រូបភាព​ថត​ដោយ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។

​រូបភាព​ដែល​ក្រុមការងារ​បាន​បញ្ជូនមក​សម្រាប់​ជា​របាយការណ៍​បឋម បានបង្ហាញ​វត្តមាន​របស់​សត្វ​ដំរី​អាស៊ី ហ្វូង​សត្វ​ខ្ទីង និង​ហ្វូង​សត្វ​ទន្សោង​ដែល​សុទ្ធសឹង​ជា​ប្រភេទ​សត្វ​កម្រ ព្រមទាំង​សត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស សត្វ​ក្ងោក សត្វ​សំពោច​ក​លឿង និង​ស្វា​ក្តាម​ផងដែរ​។ ការតាមដាន​សត្វព្រៃ​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​បច្ចុប្បន្ន​បានការ​គាំទ្រ​ថវិកា​ពី​កម្មវិធី​អភិរក្ស​សត្វព្រៃ​នៃ​អង្គការ WWF ថ្នាក់​តំបន់ និង WWF-Belgium ជា​ផ្នែក​សំខាន់​មួយ​នៃ​កម្មវិធី​ស្រាវជ្រាវ និង​តាមដាន​ជីវចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា តាមរយៈ​សិក្សា​កន្លងមក ដោយ​ដាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅ​តំបន់ការពារធម្មជាតិ​នានា យើង​រកឃើញ​នូវ​ប្រភេទ​សត្វ​ជាច្រើន​ដែលជា​ប្រភេទ​សត្វ​កម្រ និង​កម្រ​បង្គួរ​។ លោក​បន្តថា ការរកឃើញ​នេះ​អាច​វាយតម្លៃ​បាន​ថា យើង​ការពារ​បានល្អ​នៅ​តំបន់​ដែលជា​ជម្រក​សត្វព្រៃ កន្លែង​រក​ចំណី និង​ប្រភពទឹក​ដែល​សំដៅលើ​ធនធានធម្មជាតិ​។ មួយវិញទៀត ប្រជាពលរដ្ឋ​ចាប់ផ្តើមបាន​យល់​ពី​សារៈប្រយោជន៍​នៃ​ការការពារ អភិរក្ស​ធនធានធម្មជាតិ ហើយ​តាមរយៈ យុទ្ធនាការ​អន្ទាក់​សូន្យ កន្លងទៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មានកា​រ​យល់ដឹង​ថែមទៀត​។​

​លោក​ថា​៖ «​នៅក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មកនេះ​បន្ទាប់ពី​កម្ពុ​ជាមាន​ស្ថិរភាព សុខសន្តិភាព មានឱកាស​ពេញលេញ​ក្នុងការ​គិតគូរ ការពារ​អភិរក្ស ហើយ​តំបន់ការពារធម្មជាតិ​មួយចំនួន​កាន់​តែមាន​ភាពប្រសើរឡើង និង​សុវត្ថិភាព សម្រាប់​សត្វព្រៃ​ក្នុងការ​រស់​»​។

​យ៉ាងណាមិញ​លោក​សង្កេតឃើញថា ចំនួន​សត្វព្រៃ​នៅតាម​តំបន់ការពារធម្មជាតិ​នានា ដូចជា​សត្វ​ចម្ពាម​ជើង​បួន នៅតែមាន​បញ្ហា​ប្រឈម​ខ្លាំង​ដោយសារ​អន្ទាក់ ប៉ុន្តែ​ប្រភេទ​សត្វ​មួយចំនួន​ដូចជា​សព្វ​ពានរ សត្វ​ស្លាបមាន​ការកើនឡើង​នៅតាម​តំបន់ការពារធម្មជាតិ​នានា​។ ជាមួយគ្នានេះ សង្កេតឃើញ​សត្វ​ចម្ពាម​ជើង​បួន​មានការ​កើនឡើង​នូវ​កូនតូចៗ​ច្រើន ជាក់ស្តែង​រូបភាព​ដែល​ត្រូវ​បានបង្ហាញ​នៅ​ខាងលើ គឺ​បង្ហាញ​អំពី​ការកើនឡើង​នូវ​ចំនួន​ប្រជាសាស្ត្រ​សត្វព្រៃ​។​

​នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) លោក សេង ទៀក ថ្លែងថា វត្តមាន​កំណើន​សត្វព្រៃ ដោយសារ​កក្តា​សំខាន់​ចំនួន​២​គឺ​ការគ្រប់គ្រង​ល្អ និង​ទីជម្រក​សត្វព្រៃ​មាន​សុវត្ថិភាព​។​

​លោក​ថា​៖ «​ក៏​ដោយសារ​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ជាពិសេស​សហគមន៍​នៅ​តំបន់ការពារធម្មជាតិ​ដែល​បាន​បង្កើតឡើង​គួបផ្សំ​ការអនុវត្តន៍​ច្បាប់ ការគ្រប់គ្រង​នៅ​តំបន់​នោះ ទើប​បង្កើតបានជា​ទីជម្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​សត្វព្រៃ អីចឹង​អត្រា​កើនឡើង​នៃ​សត្វព្រៃ​ងាយស្រួល​។​

​លោក​បន្តថា អត្រាកំណើន​សត្វព្រៃ​អាស្រ័យទៅលើ​សុវត្ថិភាព និង​ទីជម្រក សត្វព្រៃ​ជួប​បញ្ហា​ច្រើន​នាពេល​កន្លងមក ដូច្នេះ​យុទ្ធនាការ​អន្ទាក់​សូន្យ ជា​រឿង​មួយ​ដែល​បំផុស​ចលនា​ឱ្យ​ការពារ​សត្វព្រៃ ហើយ​ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​បន្តទៀត ព្រមទាំង​បង្កើន​ជីវភាព​ការរស់នៅ​របស់​សហគម​ន៍​ដែលជា​ជម្រើស​កុំឱ្យ​ដាក់​សម្ពាធ​ទៅលើ​ការជួញដូរ​ឬ​បរបាញ់​សត្វព្រៃ​។

​លោក​ថា​៖ «​ការជំរុញឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​អំពី​តម្លៃ និង​សារៈសំខាន់​របស់​សត្វព្រៃ​គឺ​វា​រួមចំណែក​សំខាន់​ខ្លាំង ហើយ​យុទ្ធនាការ​អន្ទាក់​សូន្យ​គឺជា​គោលដៅ​រុញ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​យល់​ពី​សារៈសំខាន់​»​។

​ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ការជាប់​អន្ទាក់​ដែលជា​មូលហេតុ​ចម្បង​នាំឱ្យ​សត្វព្រៃ​បាត់បង់​ពូជ និង​ចំនួន​សត្វព្រៃ​ថយចុះ​។

​ក្រសួង​បន្តថា​៖​ «​យើង​ចាំបាច់​ត្រូវ​ចាត់វិធានការ​អភិរក្ស​សំខាន់ៗ​រួមគ្នា​បន្ទាន់​បន្ថែមទៀត​ដើម្បី​ការពារ​សត្វព្រៃ​ដែលមាន​តម្លៃ​ជាស​កល​ទាំងនេះ ធានាថា​ទីជម្រក​ធម្មជាតិ​របស់​វា​គ្មាន​ការដាក់​អន្ទាក់ និង​បញ្ឈប់​តម្រូវការ​សាច់សត្វ​ព្រៃ និង​ផលិតផល​ពី​សត្វព្រៃ ដើម្បី​ស្តារ​ចំនួន​សត្វ​ទាំងនេះ​ឱ្យ​កើន​ឡើងវិញ និង​អាច​បន្ត​រស់រាន​ក្នុង​ដែន​ជម្រក​ធម្មជាតិ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ជា​ប្រយោជន៍​មនុស្ស និង​ធម្មជាតិ​»​។

«​យុទ្ធនាការ​អន្ទាក់​សូន្យ​» ដែល​ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២២ មក ក្រោម​ការដឹកនាំ​របស់​ក្រសួងបរិស្ថាន និង​ដោយមាន​ការគាំទ្រ​ពី​ដៃគូ​អភិរក្ស​និង​ដៃគូ​អភិវឌ្ឍន៍ ជា​វិធានការ​បន្ទាន់​រួមគ្នា​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​រួមចំណែក​ជា​ដំណោះស្រាយ​ចំពោះ​ការគំរាមកំហែង​ដល់​ជីវិត​សត្វព្រៃ ដោយមាន​គោលដៅ​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា​៕