សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រារព្ធ​ពិធី «​រំឭក​គុណ​អង្គរ​» នៅក្នុង​រមណីយដ្ឋាន​អង្គរ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​ការចុះ​រមណីយដ្ឋាន​អង្គរ​ទៅក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ឆ្នាំ​១៩៩២​។​

​សេចក្តីជូនដំណឹង​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជា​ក់នា​ថ្ងៃទី​២ ខែធ្នូ ថា ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​ប្រជាពលរដ្ឋ​អាច​ចូលរួម​ដាក់​បាត្រ​ព្រះសង្ឃ​ចំនួន​១៣០​អង្គ នៅ​ផ្នែក​ខាងមុខ​ប្រាសាទអង្គរវត្ត ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។

​ក្នុង​ពិធី​រំឭក​គុណ​អង្គរ​នេះ​នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍​រាត្រី​ចងចាំ ក្នុងនោះ​នឹងមាន​ការសម្ដែង​សិល្បៈ​ទស្សនីយភាព​នានា ដោយ​ក្រុម​សិល្បៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បើក​ឱ្យ​ទស្សនា​ដោយ​សេរី​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​នេះ ដែល​នឹង​រៀបចំ​នៅ​បរិវេណ​ខាងក្រោយ​នៃ​ប្រាសាទអង្គរវត្ត​។

​ពិធី​នេះ​ក៏​នឹងមាន​ការសម្ដែង​សិល្បៈ​អា​យ៉ៃ​ឆ្លើយឆ្លង​នៅ​បរិវេណ​ព្រះ​លានជល់ដំរី នៃ​ក្រុង​អង្គរធំ ព្រមទាំង​នឹងមាន​ជាការ​សម្ដែង​សិល្បៈ​ល្ខោនស្បែក​ធំ ដោយ​ក្រុម​សិល្បៈ​វត្ត​រាជ​បូរ​ណ៌​នៅ​បរិវេណ​អតីត​ទីស្នាក់ការ​ប៉ូលិស​បេតិកភណ្ឌ​ចាស់ ជាប់​នឹង​ទីលាន​ប៉ា​វី​ស ប្រាសាទអង្គរវត្ត​ផងដែរ​។ កម្មវិធី​ទាំងនេះ​នឹង​បើក​ឱ្យចូល​ទស្សនា​ដោយ​សេរី​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ក្នុងន័យ​ដើម្បី​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​ខាងលើនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹងមាន​រៀប​ចំការ​ទស្សនា​នៅតាម​ការដ្ឋាន និង​សារមន្ទីរ​នានា​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ជូន​ភ្ញៀវទេសចរ និង​សាធារណជន ចូលរួម​ដោយ​សេរី ដើម្បី​សិក្សា​ស្វែងយល់​អំពី​កិច្ចការងារ​អភិរក្ស និង​កិច្ច​ការរៀបចំ​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​»៕