​បន្ទាយ​មាន​ជ័​យៈ លោក​សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ តំណាង​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១​ធ្នូ ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​អគារ​ទីបញ្ជាការ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ​។

​លោក​សក់ សេដ្ឋា បាន​មានប្រសាសន៍​ស្វាគមន៍ ដោយបាន​ធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ដល់​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការកសាង ទីបញ្ជាការ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ឱ្យបាន​រួចរាល់​តាម​ការគ្រោងទុក ដើម្បី​ក្លាយជា​ទីបញ្ជាការ​ការពា​រ​ដ៏​រឹងមាំ​សំដៅ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ដល់​គណៈប្រតិភូ​ជាតិ​-​អន្តរជាតិ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក៏ដូចជា​ការការពារ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ ការទប់ស្កាត់​នូវ​រាល់​សកម្មភាព​បំផ្លិចបំផ្លាញ ដូច​ករណី​លួច​វត្ថុ​បុរាណ ឬ​ជីក​រុករក និង​ដឹកជញ្ជូន​វត្ថុ​បុរាណ​ខុសច្បាប់​។​ល​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​។​

​អគារ​ទីបញ្ជាការ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ប្រចាំ​ប្រាសាទបន្ទាយឆ្មារ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​បន្ទាយឆ្មា​រ​ជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២ ដែល​ទទួល​សាងសង់​ដោយ​នាយកដ្ឋាន​ស្ថាបនា​និង​វិស្វកម្ម នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ ក្រសួងមហាផ្ទៃ​។

​ប្រាសាទបន្ទាយឆ្មារ ជា​ប្រាសាទ​មេ ដែលមាន​ចម្ងាយ ៦០​គីឡូម៉ែត្រ នៅ​ទិស​ខាងជើង​ពី​ទី​រួម​ខេត្ត​បន្ទាយ មានជ័យ មាន​គូ​ទឹក​ព័ទ្ធជុំវិញ​ប្រវែង ៧៧០​ម​x៦៩០​ម ក្នុងនោះ​មាន​ប្រាសាទ​រណប ចំនួន ៩ ហើយ​នៅ​ប៉ែក​ខាងកើត​ចម្ងាយ​៧០០​ម៉ែត្រ ពី​ប្រាសាទបន្ទាយឆ្មារ មាន​អាង​បារាយណ៍​មេបុណ្យ ទំហំ ១៨០០​ម​x៨០០​ម​។

​លើសពីនេះ​ទៀត នៅក្នុង​ភូមិសាស្ត្រ​ប្រាសាទបន្ទាយឆ្មារ មាន​ទួលប្រាសាទ​ចំនួន ២០​កន្លែង មាន​ទួល​បុរាណ​ចំនួន ១៥​កន្លែង ទួល​កប់​សព​ចំនួន ១១​កន្លែង និង​ផ្លូវ​បុរាណ​ចំនួន ៣​ខ្សែ​។​

​លោក​សក់ សេដ្ឋា​បាន​ថ្លែង​ទៀតថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួងមហាផ្ទៃ ជានិច្ចកាល តែងតែ​យកចិត្តទុកដាក់ រួមសុខ រួមទុក្ខ​ជាមួយនឹង​កងកម្លាំង​នគរបាលជាតិ ដែល​ឈរជើង​គ្រប់​ទីតាំង​។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិកា​ប្រចាំការ បាន​ផ្តាំផ្ញើ​ដល់​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច ថែរក្សា ការពារ បង្ការ ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា នូវ​បទល្មើស​ទាំងឡាយ​ដែល​ធ្វើឱ្យ​ខូចខាត បាត់បង់ បង្ក​មហន្ដរាយ​បំផ្លិចបំផ្លាញ​ដល់​បេតិកភណ្ឌ សម្បត្ដិ​វប្បធម៌​ជាតិ​។​

​លោក​បញ្ជាក់ទៀតថា បន្ថែម​ពីនេះ កងកម្លាំង​ទាំងអស់​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង មាន​ទំនាក់ទំនង សហការ​ល្អជា​មួយ​កង​កម្លាំង ស្ថាប័ន​នានា​ដែលមាន​ការពាក់ព័ន្ធ ក្នុង​បុព្វហេតុ សម្រេច​ឱ្យបាន​នូវ​ភាព​គង់វង្ស នៃ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ កងកម្លាំង ទាំងអស់​ត្រូវ​ថែរក្សា សុខភាព ឱ្យបាន​ល្អ ដើម្បី​បន្ត​នូវ​កាតព្វកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ​៕