​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​កែលម្អ​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​ទី​២ និង​គម្រោង​អភិវឌ្ឍន៍​ច្រករបៀង​ទី​៤ មហា​អនុតំបន់​មេគង្គ ដើម្បី​លើកកម្ពស់​អនាម័យ និង​គុណភាព​នៃ​ការរស់នៅ​ល្អ​ជូន​ប្រជាពលរដ្ឋ​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០២២ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ​សម្រេចបាន គម្រោង​កំពុង​សិក្សា​សមិទ្ធិ​លទ្ធភាព និង​គម្រោង​ដែល​កំពុង​អនុវត្ត​បន្ត​ទាក់ទង​នឹង​ការលើកកម្ពស់​ទឹកស្អាត និង​អនាម័យ គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​ទី​២ និង​គម្រោង​អភិវឌ្ឍន៍​ច្រករបៀង​ទី​៤ មហា​អនុតំបន់​មេគង្គ ដែល​ទទួលបាន​ឥណទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​។

​ក្នុង​កិច្ចប្រជុំ​នេះ លោក រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ជំនាញ​ក្រសួង រួមទាំង​ទីប្រឹក្សាបច្ចេកទេស​ក្នុង​គម្រោង​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គម្រោង​តាម​ផែនការ​ដែល​បានគ្រោង​ទុក​រហូត​ទទួលបាន​លទ្ធផល​ល្អ និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​រួម​ក្នុងការ​លើកកម្ពស់​អនាម័យ និង​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក វ៉ា​ស៊ី សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែងថា គម្រោង​ដែល​ទទួលបាន​ឥណទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ត្រូវបាន​អនុវត្ត​នៅតាម​ក្រុង​នៃ​ខេត្ត​ជាប់​បឹង​ទន្លេសាប មួយចំនួន​ក្នុង​ជំ​ន​ហាន​ទី​១ រួចហើយ មានដូចជា​នៅ​ខេត្តកំពង់ឆ្នាំង​និង​ពោធិ៍សាត់​ជាដើម និង​ខេត្ត​ផ្សេងទៀត តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសាង​ទីលាន​ចាក់សំរាម​ជាដើម​។​

​លោក​បន្តថា សម្រាប់​គម្រោង​លើក​ទី ២ នឹង​បន្ត​អនុវត្ត​នៅ​ខេត្ត​ជាប់​បឹង​ទន្លេសាប និង​ទន្លេមេគង្គ មួយចំនួនទៀត ដើម្បី​ធ្វើយ៉ាងណា​ជួយ​លើកកម្ពស់​ជីវភាព និង​បរិស្ថាន​ល្អ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងនោះ​។​

​គម្រោង​លើកកម្ពស់​ទឹកស្អាត និង​អនាម័យ នឹង​ការសាងសង់​ឱ្យមាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ទឹកភ្លៀង និង​ការសាងសង់​ទីលាន​ចាក់សំរាម​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​រួមមាន​៖ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តបន្ទាយមានជ័យ និង​ខេត្តស្ទឹងត្រែង​ជាដើម ដើម្បី​លើកកម្ពស់​អនាម័យ ការ​ទុកដាក់​សំរាម និង​ការបញ្ចេញ​ទឹក​សំណល់​កខ្វក់​ពី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ពិសេស​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​តាម​បណ្ដោយ​ទន្លេមេគង្គ​ឱ្យ​កាន់តែ​មានការ​ប្រសើរឡើង​៕