បន្ទាយ​មាន​ជ័​យៈ ប្រជាកសិករ​ដែល​ទទួល​បាន​ស្រូវពូជ​ប្រមាណ​៥ ០០០​គ្រួសារ ស្មើនឹង​ស្រូវពូជ​៥០០​តោន បូករួម​នឹង​ស្រូវពូជ​បម្រុង​របស់​ពួកគាត់​ផង​នោះ រហូតមកទល់​ពេលនេះ ការ​បង្កបង្កើនផល បាន​ប្រមាណ​ជាង​៩០% ហើយ​នៅ​សប្តាហ៍​ក្រោយ​នឹង​គ្រប់​តាម​ផែនការ​លើ​ផ្ទៃដី​ដែល​ត្រូវ​ដាំ​ដុះ​នៅក្នុង​ស្រុក ក្រុង​ដែលមាន​ផ្ទៃដី​ស្រែ​ត្រូវ​បង្កបង្កើនផល​នៅពេល​ទឹក​ស្រក​ចុះ​នេះ​។ នេះ​បើតាម​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​។

​លោក​វណ្ណា​សេដ្ឋ បាន​បញ្ជាក់ថា ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចុះមក​ចែកជូន​ស្រូវពូជ​ដល់​ប្រជាកសិករ ក្នុងនាម​មន្ត្រី​ជំនាញ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ណែនាំ​បង្ហាត់បង្ហាញ​ពី​នីតិវិធី​បច្ចេកទេស​នៃ​ការដាំដុះ​ស្រូវ​ឱ្យបាន​ល្អ ដល់​កសិករ​ដើម្បី​បាន​ទិន្នផល​ខ្ពស់ កាត់បន្ថយ​ការចំណាយ​ថ្លៃដើម​ខ្ពស់​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ អាជ្ញាធរ​ស្រុក​ឃុំ កាលពី​ថ្ងៃទី​៣០​វិច្ឆិកា បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ស្រូវប្រាំង​របស់​ប្រជាកសិករ​ដែល​បានទទួល​ស្រូវពូជ ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ស្តារឡើងវិញ​នៅក្រោយ​គ្រោះទឹកជំនន់​នៅ​វាលស្រែ​ឃុំ​ចំណោម ស្រុក​មង្គល​បូរី​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក្នុងឱកាស​ចុះ​ជួប​ជាមួយ​ប្រជាកសិករ និង​ពិនិត្យមើល​ស្ថានភាព​ការស្តារ​ស្រូវ​ឡើងវិញ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ប្រជាកសិករ​ទាំងអស់​ដែល​បាន​ចេះ​កែច្នៃ​ប្រើ​គ្រប់​លទ្ធភាព​ធ្វើស្រែ​ឡើងវិញ ខណៈដែល​តំបន់​ខ្លះ​ទឹក​នៅ​ច្រើន ខ្លះ​ស្ទើរ​ទឹក ក៏​ចេះតែមាន​ការកែច្នៃ​ខ្ពស់ ដោយ​រួម​សហការគ្នា​បាន​យ៉ាង​ល្អ ដើម្បី​បង្កបង្កើនផល​ស្រូវ​ឡើងវិញ​បាន​៕