ភ្នំពេញៈ អភិបាលរាជធានី និងរដ្ឋធានីអាស៊ានចេញសេចក្តីប្រកាសបន្តប្តេជ្ញាលើកកម្ពស់ភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងចំណោមរាជធានី និងរដ្ឋធានីអាស៊ាន ដើម្បីសម្រេចបានទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាពរបស់អាស៊ាន សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
សេចក្តីប្រកាសដែលចេញនាថ្ងៃទី២ ខែធ្នូ នៅរាជធានីភ្នំពេញបញ្ជាក់ពីការលើកកម្ពស់ភាពជាដៃគូរវាងទីក្រុងនិងទីក្រុង ភាពជាដៃគូសាធារណៈ និងឯកជនក្នុងចំណោមទីក្រុងអាស៊ាន អ្នកផ្តល់សេវា ដៃគូមូលនិធិ និងដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធបន្ថែមទៀត ដោយចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍។
សេចក្តីប្រកាសនេះបានលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋរបស់រាជធានី និងរដ្ឋធានីអាស៊ាន ដោយបំពាក់ពួកគេនូវជំនាញ និងអក្ខរកម្មបច្ចេកវិទ្យា និងឌីជីថល ជំរុញការចាប់ផ្តើមអាជីវកម្ម បៃតង និងបណ្តុះភាពជាម្ចាស់សហគមន៍ ដើម្បីបម្រើដល់សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។
សេចក្តីប្រកាសបញ្ជាក់ថា៖ «រដ្ឋធានី និងរាជធានីអាស៊ានត្រូវធ្វើការឆ្ពោះទៅរកការបង្កើតគោលនយោបាយ និងទីក្រុងដែលស័ក្តិសមនឹងមនុស្សចាស់ ជាមួយនឹងបរិស្ថាន និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្នសម្រាប់ពលរដ្ឋវ័យចំណាស់ ផ្អែកលើសង្គមវ័យ ចំណាស់នៅក្នុងរាជធានី និងរដ្ឋធានីអាស៊ានមួយចំនួន»។
អភិបាលរដ្ឋធានី និងរាជធានីអាស៊ានបានប្រកាសពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខ ទីក្រុង ដូចជាសុវត្ថិភាពទឹក អាហារ និងថាមពល ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ការតភ្ជាប់ ការដឹកជញ្ជូននិងភ័ស្តុភារ ផែនការ និងការគ្រប់គ្រងការផ្លាស់ទីលំនៅថ្មីរបស់ពលរដ្ឋ។
សេចក្តីប្រកាសក៏បានបញ្ជាក់ពីការពង្រឹងការប្តេជ្ញាចិត្តរបស់អភិបាលរដ្ឋធានី និងរាជធានីអាស៊ានក្នុងការសម្រេចបានសហគមន៍ឆ្លាត មានភាពធន់ និងមានចីរភាព ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម។
អភិបាលក្រុងអាស៊ានទាំងនេះក៏បានប្រកាសទទួលស្គាល់នូវភាពចាំបាច់ក្នុងការកសាងទីក្រុងមានភាពធន់ មានចីរភាព និងឆ្លាតជាងមុន ដែលមិនត្រឹមតែអាចស្រូបយក ស្តារឡើងវិញ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលមិនអាចមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែជាទីក្រុងដែលមានលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាពបរិស្ថានក្នុងបរិបទនៃការស្ដារឡើងវិញនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ផ្សេងៗ។
អភិបាលទាំងនេះក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្ដល់មូលនិធិ ជម្រើសហិរញ្ញប្បទានរបស់ទីក្រុងឆ្លាត និងឧបករណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈម ការរចនា និងអនុវត្តគម្រោងនគរូបនីយកម្មទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។
អភិបាលទាំងនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុង ក្នុងការទាញយកសក្តានុពលនៃគម្រោងសហប្រតិបត្តិការសម្រាប់ភាគីទាំងអស់ និងដៃគូគាំទ្រនានា រួមបញ្ចូលដោយមិនកំណត់ចំពោះវិស័យឯកជន វិស័យធនាគារ អ្នករៀបចំផែនការទីក្រុង គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគមន៍អ្នកសិក្សាស្រាវជ្រាវ៕