ភ្នំពេញៈ ក្នុង​ខែវិច្ឆិកា មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ពិនិត្យ​ព្យាបាល​កុមារ​ឈឺ​ចំនួន​ជាង ៦ ម៉ឺន​នាក់ នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ខណៈ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​ជាង​១​ម៉ឺន នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​។​

​របាយការណ៍​មន្ទីរពេទ្យ​គន្ធបុប្ផា​បានឱ្យដឹងថា​៖ «​កុមារ​ឈឺ​ចំនួន ៦៧ ៦២៩​នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ១៣ ៨៦៩​នាក់​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ កុមារ​មាន​ជំងឺគ្រុនឈាម ចំនួន​៧០៥​នាក់ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​»​។

​បើតាម​របាយការណ៍ កុមារ​ចំនួន ១ ៨៩៥​នាក់ ត្រូវ​បានទទួល​ការវះកាត់​។ កុមារ​ចំនួន​៦៩​នាក់​បានទទួល​ការវះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​

​របាយការណ៍​បន្តថា នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ឬ​ហៅថា​គន្ធបុប្ផា​ទី​៣ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៨ ១៩៣ នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​និង​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព និង​សម្រាលកូន​បាន​ចំនួន​១ ៨០៨ នាក់​៕