ភ្នំពេញៈ ក្រសួងការបរទេស​ព​ង្រឹ​ង​ការយល់ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ប​រទេស​នៅ​កម្ពុជា​ទាំងអស់ ដើម្បី​ចូលរួម​ទប់ស្កាត់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​នា​ថ្ងៃទី​១ ខែធ្នូ ក្រសួងការបរទេស​ក​ម្ពុ​ជា​បានរៀបចំ​សិក្ខាសាលា​ស្តីពី​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ហៅ​កាត់​ថា​ច្បាប់ PF ដើម្បី​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​សិក្ខាសាលា​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក លុយ ដា​វីត រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស​ដោយ​មានការ​ចូលរួម​ពី​វាគ្មិន​ពី​ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នៅ​កម្ពុជា​សរុប​ចំនួន ១៤០​នាក់​។​

​ក្រសួងការបរទេស​ប​ញ្ជា​ក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ធានាថា​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នៅ​កម្ពុជា​ទាំងអស់ បាន​យល់ដឹង​បន្ថែម​កាន់តែ​ស៊ីជម្រៅ និង​អាចអនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ក្នុងនាម​ជា​បុគ្គល​រាយការណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ ដើម្បី​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​»​។

​វាគ្មិន​បានធ្វើ​បទ​បង្ហាញ​អំពី​ច្បាប់ អនុក្រឹត្យ នីតិវិធី​អនុវត្ត និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​បន្តបន្ទាប់​ចាប់ពី​ពេលដែល​ច្បាប់​PF​ត្រូវបាន​អនុម័ត​នៅ​ខែមិថុនា ឆ្នាំ​២០២០​កន្លងមក​។

​ក្រសួងការបរទេស​ប​ញ្ជា​ក់ថា សិក្ខាសាលា​នេះ​បានផ្តល់​ឱកាស​ជាច្រើន​ដល់​សិក្ខាកាម​ដែលមាន​ទាំង​ជនជាតិខ្មែរ​និង​បរទេស​អាចធ្វើ​ការពិភាក្សា​ដេញដោល​យ៉ាង​ផុលផុស អំពី​ការ​អនុវត្ដ​ច្បាប់​PF និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ព្រមទាំង​អំពី​នីតិវិធី​នៃ​ការបញ្ជូន​ដោយ​មិន​បង្អង់​នូវ​សេចក្តីសម្រេចចិត្ត ឬ​បញ្ជី​បច្ចុប្បន្នភាព​ឈ្មោះ​បុគ្គល ឬ​អង្គភាព​ក្នុង​បញ្ជី​រួម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឬ​របស់​គណៈកម្មាធិកា​រ​នៃ​ក្រុមប្រឹក្សា​នេះ ដែល​រៀបចំឡើង​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​។​

​ក្រសួង​បញ្ជាក់ថា​៖ «​តាមរយៈ​បទ​បង្ហាញ​របស់​វាគ្មិន និង​ការពិភាក្សា​ពិគ្រោះ​យោបល់​គ្នា​នៅក្នុង​សិក្ខាសាលា​នេះ​បានធ្វើឱ្យ​សិក្ខាកាម​ទាំងអស់​បាន​ស្វែងយល់​បន្ថែមទៀត​អំ​ពីបទ​ប្បញ្ញត្តិ និង​នីតិវិធី​នានា​នៃ​ការអនុវត្ត​ច្បាប់ PF ដែល​អាច​លើកកម្ពស់​ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព ព្រមទាំង​រួមចំណែក​ក្នុងការ​សម្រេចបាន​នូវ​សន្តិសុខ និង​សន្តិភាព​នៅក្នុង​តំបន់ និង​ពិភពលោក​»៕​