​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ពង្រឹង​យន្តការ​សម្របសម្រួល ទប់ស្កាត់​ដល់​ការរើសអើង ការប្រមាថ មាក់ងាយ​លើ​ជន​មាន​ពិការភាព និង​អំពាវនាវ​ដល់​គ្រប់ភាគី​ផ្តល់ឱកាស​ការងារ​ដល់​ពួកគេ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ និង​ធានាបាន​នូវ​សិទ្ធិ​ស្មើគ្នា​ក្នុងសង្គម​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​តាមរយៈ​សារលិខិត​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ចេញផ្សាយ​ក្នុងឱកាស ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៤ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៤០ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ "​ពិការភាព​ទាំងអស់​មិនអាច​កំណត់ដោយ​ការមើល​នឹង​ភ្នែក​នោះទេ​"​។​

​សារលិខិត​បានលើកឡើង​ថា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បានទទួល​ឥទ្ធិពល​អវិជ្ជមាន​ឆ្លងកាត់​វិបត្តិ​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ស្ថានភាព​នយោបាយ សេដ្ឋកិច្ចពិភពលោក​ដែលជា​ហេតុ​ធ្វើឱ្យមាន ការអាក់ខាន​ការ​ប្រារព្ធ​ពិធី​មី​ទ្ទីង​ជា​ផ្លូវការ​នៃ​ទិវា​ជន​មាន​ពិការភាព​នៅ​កម្ពុជា​។​ប៉ុន្តែ​ទោះបីជា​រាជរដ្ឋាភិបាល​មិនបាន​រៀបចំ​កម្មវិធី​ជា​ផ្លូវការ​នាពេល​កន្លងមក ក៏បាន​ចាត់ថ្នាក់​ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ចុះសួរសុខទុក្ខ​និង​នាំយក​នូវ​អំណោយ​ដើម្បី​ចែកជូន​ជន​មាន​ពិការភាព​នៅតាម​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​នានា ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​ការលំបាក​មួយគ្រាៗ និង​ជាការ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ដែល​មិនអាច​កាត់ផ្តាច់​និង​មើលរំលង​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ជន​មាន​ពិការភាព​ឡើយ​។​

​លោក ហ៊ុន សែន បន្តថា​៖«​រាជរដ្ឋាភិបាល​នឹង​បន្ត​យកចិត្តទុកដាក់​និង​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព និង​សូម​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ជនរួមជាតិ​យើង​ទាំងអស់​រួមគ្នា​បន្ត​លើកស្ទួយ​សុខុមាលភាព​ជន​មាន​ពិការភាព ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​វិស័យ​ពិការភាព​នៅ​កម្ពុជា​»​។​

​លោក​បាន​បន្ថែមថា ដើម្បីឱ្យ​សង្គម​មួយ​មាន​បរិ​យា​ប័ន្ន តាមរយៈ​ការលើកកម្ពស់​ការចូល​រួម​របស់​ជន​មាន​ពិការភាព​ក្នុង​ជីវភាព​សាធារណៈ ជីវភាព​នយោបាយ សកម្មភាព​សង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការ​សម្រាក លម្ហែ និង​សកម្មភាព​ផ្សេងៗ​ទៀត ចាំបាច់​ត្រូវមាន​ការបង្ក​ឱកាស​ស្មើភាព​គ្នា​រវាង​ជន​មាន​ពិការភាព និង​មិនមាន​ពិការភាព​។

​ឆ្លៀត​ក្នុងឱកាស​នេះ លោក ហ៊ុន សែន ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​យន្តការ​សម្របសម្រួល​ទ​ប់​ស្កាត់​ដល់​ការរើសអើង ការប្រមាថ មាក់ងាយ​លើ​ជន​មាន​ពិការភាព​។

​លោក​ថា​៖«​ខ្ញុំ​សូមឱ្យ​មានការ​គិត​វិភាគ​ប្រភេទ​អាជីវកម្ម​និង​មុខរបរ​ដែល​សមស្រប​ស​ម្រា​ប់​ជន​មាន​ពិការភាព ឆ្លើយតប​តម្រូវការ​ទីផ្សារ ដើម្បី​ធានា​និរន្តរភាព​មុខរបរ​និង​អាជីវកម្ម ហើយ​បង្កើន​ការយល់ដឹង​អំពី​ឱកាស​ក្លាយជា​សហគ្រិនភាព ក្នុងការ​បង្កើត សារ​ជីវ​កម្ម​និង​ការចាប់​ផ្តើមធ្វើ​ធុរកិច្ច​ដោយ​ខ្លួនឯង​»​។

​ដើម្បី​ចូលរួម​អបអរសាទរ ទិវា​ជន​មាន​ពិការភាព​កម្ពុជា​និង​អន្តរជាតិ​ឆ្នាំនេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៩- ២០២៣ ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ គោលនយោបាយ​ជាតិ និង​អន្តរជាតិ​នានា​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍ សុខុមាលភាព​ដល់​បង​ប្អូន​មាន​ពិការភាព គ្រប់​ប្រភេទ និង​គ្រប់​កម្រិត​។ អំពាវនាវ​ជន​មាន​ពិការភាព​កម្ពុជា​គ្រប់រូប​ដែលមាន​លទ្ធភាព​ចូលរួម​ប្រកួតប្រជែង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២​ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលខាងមុខ​ឱ្យទទួល​បាន​នូវ​ជោគជ័យ​។ ត្រូវ​បន្ត​រៀបចំ​ការបង្ក​លក្ខណៈ​ងាយស្រួល​ចេញចូល​ទីកន្លែង​សាធារណៈ​សម្រាប់​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ ដូចជា​ការរៀបចំ​ចំណត​យានយន្ត​ពិសេស​សម្រាប់​ជន​មាន​ពិការភាព​ការធ្វើ​ជម្រាល ការបំពាក់​ឧបករណ៍ ធ្នាក់​ដៃ ទ្វារ បន្ទប់ទឹក​ជន​មាន​ពិការភាព ការដាក់​ស្លាក​សញ្ញា​នានា នៅតាម​ក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន​។​ល​។​

​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ ត្រូវ​លើកទឹកចិត្ត​ជន​មាន​ពិការភាព​ដែលមាន​លក្ខណសម្បត្តិ​និង​សមត្ថភាព​ឱ្យបំពេញ​មុខងារ​តួនាទី​ទទួលខុសត្រូវ​ក្នុង​មុខតំណែង​ឱ្យមាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់ទាំង ការបម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី​ជាដើម​។

​ត្រូវ​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ផ្នែក​ឯកជន សង្គម​ស៊ីវិល រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​ត្រូវអនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ និង​ដោយ​ភ្ញាក់រឭក​នូវ​កាតព្វកិច្ច​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យចូល​បម្រើ​ការងារ បន្ត​និរន្តរភាព​ការងារ ដូច​អ្នកដទៃ​ដែល​មានចែង​ក្នុង​ច្បាប់​ស្ដីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​។ ក្រសួង​ព័ត៌មាន ត្រូវធ្វើ​ការណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន ព្រមទាំង​គ្រប់​ប្រព័ន្ធ​សារព័ត៌មាន បង្កើន​ម៉ោង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដោយមាន​ការបកប្រែ​ភាសា​សញ្ញា ជាពិសេស​ព័ត៌មាន​ស្តីពី​ការ​រាតត្បាត​និង​ពិធី​សាស្ត្រ​ការពារ​ជំងឺ​កូ​វីដ​១៩ ដើម្បី​មនុ​ស្សគ​ថ្លង់​អាច​ទទួល​ព័ត៌មាន​បាន​ទាន់ពេលវេលា​។​

​បន្ថែម​ពីនេះ​លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ជន​មាន​ពិការភាព​គ្រប់រូប​ដែល​គ្រប់​អាយុ​បោះឆ្នោត អញ្ជើញ​ទៅ​ចុះឈ្មោះ​និង​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា តាម​ឆន្ទៈ​រៀងៗ​ខ្លួន​។

​ក្នុង​ឆ្នាំ​២០២២ ជន​មាន​ពិការភាព​ចូល បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន ៣៧ មាន​ចំនួន ៣ ៧៤៨ នាក់ ក្នុងនោះ​ស្ត្រី​មាន​ពិការភាព​ចំនួន ៨៦២​នាក់ ជន​មាន​ពិការភាព​កម្រិតធ្ងន់​ចំនួន ២ ២៦០​នាក់ បើ​គិត​ជា​ភាគរយ ២,០១% កើន​លើស​ឆ្នាំ​២០២១​។ ដោយឡែក វិស័យ​ឯកជន​រួមមាន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង​រោងចក្រ​បាន​ចុះបញ្ជី​កា និង​ទទួលបាន​វិញ្ញាបនបត្រ​លើ​ការអនុវត្ត​ច្បាប់​ស្ដីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​ទូទាំងប្រទេស​មាន​ចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមាន​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ចំនួន ៥ ៨៣៩ នាក់ ស្ត្រី​មាន​ពិការភាព ៣ ៨៣៦​នាក់ សរុប​ទាំង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទូទាំងប្រទេស​មាន​ចំនួន​ជន​មាន​ពិការភាព ៩ ៥៨៧ នាក់​កំពុង​បម្រើ​ការងារ​។

​នាយក​ដា្ឋ​ន​សុខុមាលភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាននិងកំពុង​ដំណើរ​អនុវត្ត កម្មវិធី​កំណត់​អត្តសញ្ញាណ​ពិការភាព​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន នៅ​ទូទាំងប្រទេស គោលបំណង​ផ្តល់​បណ្ណ​សម្គាល់​ពិការភាព​ជូន​ជន​មាន​ពិការភាព​យកទៅ​ប្រើប្រាស់ ក៏ដូចជា​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការភាព ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម និង​សេវា​សង្គម​ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន ដោយ​គិត​ត្រឹម ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​សម្ភាសន៍​ជន​មាន​ពិការភាព​សរុប​ចំនួន ២៥៣ ២៥៧​នាក់ (​ស្រី ១១៩ ៥៦១​នាក់​)៕