
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា សុខភាពជារឿងចម្បង។ ហេតុដូចនេះ បង្គន់អនាម័យ ធុងចម្រោះទឹកស្អាត ទីធ្លាកីឡា គឺជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់។
លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយបណ្ដានាយកសាលា លោកគ្រូ អ្នកគ្រូ នៃបណ្ដាវិទ្យាល័យនៅរាជធានីភ្នំពេញ ក្នុងពិធីបូកសរុបលទ្ធផលការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ និងទិសដៅការងារបន្ត ឆ្នាំ២០២៣ អមជាមួយការផ្សព្វផ្សាយប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងក្របខ័ណ្ឌការងារសាលារៀន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។
លោកបានលើកឡើងថា ក្នុងក្របខ័ណ្ឌកម្ពុជាអភិវឌ្ឍប្រកបដោយចីរភាព លោក មានចក្ខុវិស័យចង់ឃើញសាលារៀននៅទូទាំងប្រទេសកម្ពុជា មានបរិស្ថានស្អាត និងសិស្សានុសិស្សមានសុខភាពល្អ និងកាយសម្បទារឹងមាំ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏នឹងផ្តល់ជូននូវកូនឈើតាមការស្នើសុំសម្រាប់ដាំជាម្លប់បៃតង តាមសាលារៀនផងដែរ។ ដោយឡែក ក្នុងក្របខ័ណ្ឌគាំទ្រដល់សុខភាពសិស្ស ក្រសួងបរិស្ថានគាំទ្រដល់សកម្មភាពកីឡា និងការបង្កើតទីលានកីឡាតាមសាលារៀន។
លោកបានលើកឡើងទៀតថា ដើម្បីធានាបានសុខុមាលភាពសិស្សានុសិស្ស លោក គាំទ្រការរៀបចំបន្ទប់ទឹកស្តង់ដា បរិស្ថានបៃតង ការផ្តល់ធុងចម្រោះទឹក ទីធ្លាសម្រាប់កីឡាឬកន្លែងហាត់ប្រាណ និងការបំពាក់ផ្ទាំងសូឡាជាដើម។ ទន្ទឹមនេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា ត្រូវរៀបចំឱ្យបានល្អប្រសើរផងដែរ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖«ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាននិងសង្គម និងថវិកាពីការលក់ឥណទានកាបូន គាំទ្រដល់សាលារៀនទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើតបានបរិស្ថានស្អាត និងលក្ខណៈអំណោយផលដល់សិស្សានុសិស្ស ដើម្បីបង្កបរិយាកាសល្អក្នុងការរៀនសូត្រ ត្រងត្រាប់ចាប់យកចំណេះដឹង សម្រាប់បម្រើអាជីពការងារផ្ទាល់ខ្លួន ការផ្គត់ផ្គង់គ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូល»៕