
ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានជួបសវនាការជាមួយ លោក គ្រីសស្តុហ្វ អង់ដ្រេ ហ្វ្រេសា សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង និងជាប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំងរួមជាមួយសហការី នៅ ទីស្តីការ គ.ជ.ប ថ្ងៃទី ២ ធ្នូ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ គជប នៅថ្ងៃទី២ ខែធ្នូ បានឱ្យដឹងថា ក្នុងការជួបសវនាការនេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តដោយជោគជ័យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានតម្លាភាព។
លោកថា ការបោះឆ្នោតនោះ បានប្រព្រឹត្តទៅដោយមានការចូលរួមតាមដាន និងឃ្លាំមើលពីសំណាក់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ភ្ញៀវពិសេសដែលជាប្រតិភូនៃបណ្តាស្ថានទូតនិងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកបញ្ជាក់ថា៖«ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថា បានដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់»។
លោកប្រធាន គ.ជ.ប បានបន្តថា ការកែលម្អ និងធ្វើឱ្យប្រសើរឡើងទាំងក្នុងក្របខ័ណ្ឌច្បាប់ និងបច្ចេកទេស ពិសេសការពង្រឹង និងពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ការគ្រប់គ្រង និងបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត បានបង្កើនប្រសិទ្ធភាពការងារ តម្លាភាព ភាពឆាប់រហ័ស និងជំនឿទុកចិត្តលើការងារបោះឆ្នោត ជាលទ្ធផល ប្រជាពលរដ្ឋដ៏ច្រើនកុះករចំនួន ៨០,៣២% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោតដោយសេរី ដោយរីករាយ និងទំនុកចិត្ត ដោយគ្មានការភ័យខ្លាច និងការគាបសង្កត់។
ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា បច្ចុប្បន្ន គ.ជ.ប បាននិងកំពុងរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ហើយការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនប្រតិភូអំពីសេចក្តីព្រាងបទបញ្ជា និង នីតិវិធីនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ដែលជាឯកសារគតិយុត្តដ៏សំខាន់ក្នុងការប្រតិបត្តិការការងារបច្ចេកទេសបោះឆ្នោតជាក់ស្ដែង និងបានផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់ជាជំហានដំបូង ហើយពេលនេះ គ.ជ.ប កំពុងធ្វើការពិនិត្យសិក្សា និងពិចារណាលើរាល់មតិយោបល់របស់ភាគីពាក់ព័ន្ធដែលបានលើកឡើង ដោយផ្អែកលើមូលដ្ឋានច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាធរមាន និងសម្រេចអនុម័តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕