
សៀមរាបៈ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ទន្ទឹមនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍សម្រាប់ខេត្តសៀមរាបនេះគឺទាមទារឱ្យមានការបណ្តុះបណ្តាលនូវសមត្ថភាពជំនាញដល់បុគ្គលិក ដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ ដែលជាមូលដ្ឋានយុទ្ធសាស្ត្រនៃការពង្រឹងគុណភាពសេវាកម្ម និងការផ្តល់សេវាប្រកបដោយសេចក្តីពេញចិត្តដល់ភ្ញៀវទេសចរ។
លោកអភិបាលរងខេត្តសៀមរាបលើកឡើងបែបនេះក្នុងពិធីបើកកម្មវិធី “ហាត់ការវិជ្ជាជីវៈតាមអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋាន លើជំនាញការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ”នៅនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដែលកម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។
លោកថ្លែងថា៖«ការបណ្តុះបណ្តាលនូវសមត្ថភាពជំនាញដល់បុគ្គលិក ដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ ដែលវាជាមូលដ្ឋានយុទ្ធសាស្ត្រនៃការពង្រឹងគុណភាពសេវាកម្ម និងការផ្តល់សេវាប្រកបដោយសេចក្តីពេញចិត្តដល់ភ្ញៀវទេសចរ ជាពិសេសគឺបានបង្កើននូវផលិតភាពការងារ ពង្រឹងឧត្តមភាពប្រកួតប្រជែង ជំរុញការបង្កើតថ្មី និងភាពច្នៃប្រឌិតខ្ពស់សម្រាប់បុគ្គលិក»។
លោកបន្តថា ការបើកកម្មវិធីហាត់ការវិជ្ជាជីវៈតាមអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋាន នាពេលនេះគឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ដល់វិស័យទេសចរណ៍ ដោយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បុគ្គលិកជំនាញដែលធ្លាប់បម្រើការក្នុងវិស័យទេសចរណ៍បានងាកទៅបម្រើការនៅក្នុងវិស័យផ្សេងដែលមិនមែនជាជំនាញរបស់ខ្លួន ដែលធ្វើឱ្យធនធានមនុស្សក្នុងវិស័យទេសចរណ៍បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។
លោកបញ្ជាក់ថា៖«តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញនេះ គឺបានឆ្លុងបញ្ចាំងពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់យើងទាំងអស់គ្នា ក្នុងការទទួលភ្ញៀវទេសចរដែលនឹងចូលមកទស្សនាក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបនាពេលខាងមុខ ជាពិសេសក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម»។
លោកអភិបាលរងខេត្តសៀមរាបលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដោយមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានា រួមជាមួយនឹងការចូលរួមចំណែកគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តផ្ទាល់ ព្រមជាមួយនឹងការចូលរួមពីភ្ញៀវទេសចរជាតិ-អន្តរជាតិ បានធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកក្លាយជាវិស័យដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនGDP របស់ប្រទេសក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ៕