រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដល់​អាជីវករ​ដែល​ប្រកប​អាជីវកម្ម​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​ថតចម្លង​ឯកសារ អ៊ីនធឺណិត ខណៈ​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ខេត្ត​ខ្លះ​បានផ្តល់​កន្លែង​ស្នាក់នៅ ដើម្បី​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​មកពី​ចម្ងាយ​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ រយៈពេល​ចំនួន ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ដើម្បី​ចូលរួមចំណែក​ឱ្យ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ជោគជ័យ ជាពិសេស​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និង​របៀបរៀបរយ​សាធារណៈ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​ទាំង ៣០​មណ្ឌល នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​មួយចំនួន​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២​ខែធ្នូ បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ទីតាំង​អាជីវកម្ម​ថតចម្លង​ឯកសារ អ៊ីនធឺណិត និង​អាជីវកម្ម​លក់ សម្ភារ​សិក្សា​គ្រប់​ប្រភេទ និង​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​អាជីវកម្ម​នានា ដូចជា ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ដែល​ស្ថិតនៅ​កៀក​បរិវេណ​មណ្ឌល​ប្រឡង​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២​។

​រដ្ឋបាល​រាជធានី​បន្តទៀតថា ចំពោះ​ទីតាំង​អាជីវកម្ម​ដែល​មិន​ស្ថិតនៅ​កៀក​បរិវេណ​មណ្ឌល​ប្រឡង ហាម​បង្ក​សំឡេង​រំខាន​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការប្រឡង​របស់​បេក្ខជន​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​សាធារណជន និង​បងប្អូន​អាជីវករ​ទាំងអស់ មានការ​យោគយល់​ខ្ពស់​ដោយ​អនុគ្រោះ ហើយ​ផុត​រយៈ​ពេលនេះ​បងប្អូន​អាជីវករ អាច​បើក​ប្រកប​អាជីវកម្ម​ជាធម្មតា​ឡើងវិញ​។​

​ដោយឡែក អភិបាលខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ សហការ​ជាមួយ ស​.​ស​.​យ​.​ក បានផ្ដល់​កន្លែង​ស្នាក់នៅ និង​ទទួល​ផ្ញើ ទោចក្រយានយន្ត និង​រថយន្ត ជូន​ដល់​សិស្សានុសិស្ស ដោយ​ឥតគិតថ្លៃ ដែល​ចូលរួម ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

​សេចក្តីជូនដំណឹង​រប​ស់ ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះ​ថ្ងៃទី​២ ខែធ្នូ បានឱ្យដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​អភិបាលខេត្ត​ប៉ៃលិន​លោកស្រី បាន ស្រីមុំ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន គឺ ស​.​ស​.​យ​.​ក បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​ត្រៀមលក្ខណៈ​ជួយ​សម្រួល​ផ្តល់​កន្លែង​ស្នាក់នៅ និង​ទទួល​ផ្ញើ​ទោចក្រយានយន្ត រថយន្ត​ជូន​ដល់

​ប្អូនៗ​សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែល​អញ្ជើញ​មកពី​ក្រុង និង​ស្រុក ក្នុង​ខេត្ត​ប៉ៃលិន ហើយ​មានការ​ខ្វះខាត បាន​ស្នាក់នៅ ដោយ​ឥតគិតថ្លៃ​។​

​សេចក្តីជូនដំណឹង​បន្តថា កន្លែង​ស្នាក់នៅ​ដែល​ផ្តល់ជូន​សិស្សានុសិស្ស និង​អាណាព្យាបាល មាននៅ​ទីតាំង ផ្ទះសំណាក់​គ្រូ ស្ថិតនៅ ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ព្រមទាំង​ទទួល​ផ្ញើ ទោចក្រយានយន្ត រថយន្ត នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ ហ៊ុនសែន ក្រុង​ទេពនិម្មិត​ប៉ៃលិន​។

​មាតាបិតា អាណាព្យាបាល និង​ប្អូនៗ​សិស្សានុសិស្ស ដែល​មានបំណង​ស្នាក់នៅ​ទីតាំង​ខាងលើ​ដោយ​ឥតគិតថ្លៃ អាចធ្វើ​ការទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៦៩៩ ៦៧៨ និង ០៩៧ ៦៩៩ ៦៦៩៦​។

​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ កុំ​ដំឡើងថ្លៃ​សេវាកម្ម ឬ​សម្រួល​ថ្លៃ​សេវាកម្ម​ចំពោះ​អនុរក្ស និង​សិស្សានុសិស្ស​ដែល​ត្រូវ​ចូលរួម​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខ​៕​