ភ្នំពេញៈ លោក ងួន ស្រេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​បាន​ណែនាំ​ដល់​សវនដ្ឋាន​ទាំងអស់ កែលម្អ​ចំណុច​ខ្វះខាត​ដែល​កើត​មាននៅ​សវនដ្ឋាន និង​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន​រាល់​អនុសាសន៍ ដែល​បាន​ដាក់ជូន​នៅពេល​ចុះ​ធ្វើ​សវនកម្ម សវនដ្ឋាន ហើយ​ត្រូវធ្វើ​របាយការណ៍​ឆ្លើយតប​មក​សវនកម្ម​ផ្ទៃក្នុង​ឱ្យទាន់​ពេលវេលា​។

​លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​បានធ្វើ​ការណែនាំ​បែបនេះ ក្នុង​ពិធី​ឆ្លង​របាយការណ៍ និង​បិទ​ការងារ​សវនកម្ម​ផ្ទៃក្នុង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នា​រសៀល​ថ្ងៃ​សុក្រ ទី​២ ខែធ្នូ ឆ្នាំ​២០២២​។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី អគ្គនាយករង ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ អនុប្រធាន​មណ្ឌល ប្រធានការិយាល័យ​ចំណុះ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង​សមាជិក​គណៈប្រតិភូ​សវ​ន​កម្ម​ផ្ទៃក្នុង​ផងដែរ​។

​លោក​ថ្លែងថា​៖«​ត្រូវ​យកចិត្តទុកដាក់​តាមដាន​រាល់​អនុសាសន៍ ដែល​បាន​ដាក់ជូន​នៅពេល​ចុះ​ធ្វើ​សវនកម្ម សវនដ្ឋាន ហើយ​ត្រូវធ្វើ​របាយការណ៍​ឆ្លើយតប​និង​លទ្ធផល​សម្រេចបាន​ក្នុង​រយៈពេល ៦​ខែ ឬ​យ៉ាងយូរបំផុត ១២​ខែ ជូន​មក​សវនកម្ម​ផ្ទៃក្នុង​»​។

​លោក ងួន ស្រេង លើកឡើងថា ការចុះ​ធ្វើ​សវនកម្ម​គឺ​ផ្តោត​សំខាន់​លើ​ការពង្រឹង​អភិបាលកិច្ច និង​សុចរិត​ភាព​នៃ​ការគ្រប់គ្រង បុគ្គលិក ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ព្រមទាំង​ការអភិវឌ្ឍ​សមត្ថភាព​អង្គភាព ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​។

​លោក​ថ្លែងថា​៖«​ការ​នេះ​សំដៅ​រួមចំណែក​ពង្រឹង​អភិបាលកិច្ច​ល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យ​ហានិភ័យ​ដែល​កើតឡើង​ក្នុង​កិច្ច ប្រតិបត្តិការ​របស់​ស​វនដ្ឋាន​នីមួយៗ និង​ដើម្បី​ចុះ​ធ្វើ​សវនកម្ម​តាម​ផែនការ​ប្រចាំឆ្នាំ របស់​ក្រសួងមហាផ្ទៃ និង​ត្រួត​ពិនិត្យឡើងវិញ​នូវ​ការតាមដាន ការអនុវត្ត​អនុសាសន៍​កែលម្អ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​»៕

​​